វិទ្យុជាតិកម្ពុជា ឈួន សំអាត ២២.០៤.២០២៥
ភ្នំពេញ ៖ ក្រោយដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃទី១៧ និង ១៨ ខែមេសា ឆ្នាំ២០២៥ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានរួមគ្នាក្នុងការបើកច្រករបៀងវប្បធម៌ កម្ពុជា ចិន នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ ការផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន ។
នៅក្នុងកម្មវិធីបើកច្រករបៀងវប្បធម៌កម្ពុជា ចិន នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅផ្សារទំនើបជីបម៉ុង ២៧១ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានមាន ប្រសាសន៍ថា ការរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌នេះ មិនត្រឹមតែជាការបង្ហាញលក្ខណៈពិសេសនៃវប្បធម៌ និងអរិយធម៌ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះ បញ្ចាំងពីចំណងមិត្តភាពដ៏យូរ អង្វែង និងជាមិត្តភាពដែកថែបដ៏រឹងមាំ រវាងប្រជាជននិងប្រជាជនដែរ ។
លោកជំទាវរដ្ឋលេខាធិការបន្តថា ទំនាក់ទំនងមិត្តភាពប្រជាជន និងប្រជាជនរវាងកម្ពុជា ចិន ដែលមានជាច្រើនសតវត្សរ៍មកហើយ តាមរយៈពាណិជ្ជកម្ម ការធ្វើចំណាកស្រុក និងការផ្លាស់ប្តូរវប្បធម៌ ហើយទំនាក់ទំនងនេះដែរ កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃតាំងពីឆ្នាំ ១៩៥០ ក្រោមការដឹកនាំរបស់ព្រះបាទសម្តេចព្រះនរោត្តម ព្រះបរមរតនកោដ្ឋ ហើយត្រូវបានស្ដារឡើងវិញក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ រហូតដល់បច្ចុប្បន្ន ។ សព្វថ្ងៃនេះ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ រួមមានការអប់រំ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការសហគមន៍ ការកសាងមិត្តភាពយូរអង្វែងទាំងនេះគឺជាស្ពានបម្រួបបង្រួមនៃមិត្តភាពយើងឱ្យកាន់តែជិតស្និទ្ធ ហើយនឹងលេចចេញជារូបរាងតាមរយៈការចែករំលែកចំណេះដឹង បទពិសោធ ការច្នៃប្រឌិត និងបេតិកភណ្ឌវប្បធម៌។
លោកជំទាវបន្ថែមថា តាមរយៈសិល្បៈ យើងឃើញពីការទាក់ទងជាប្រវតិ្តសាស្ត្ររវាងប្រជាជាតិទាំងពីរ និងការផ្ដល់តម្លៃឱ្យគ្នាពីមួយជំនាន់ទៅមួយជំនាន់ ។ តាមរយៈការអញ្ជើញធ្វើទស្សនកិច្ច លើកទី១មកកម្ពុជា កាលពីឆ្នាំ ២០១៦ និងថ្មីៗនេះ មានការអញ្ជើញទស្សនកិច្ចជាផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គឺជាសក្ខីភាពមួយនិងជាប្រវត្តិសាស្ត្រ នៃចំណងមិត្តភាព និងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឆឹន ឆុង អគ្គទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលប្រទេសចិនបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសអាស៊ីអាគ្នេយ៍ឱ្យឈានដល់កម្រិតគ្រប់រដូវកាល ហើយក៏ជាសហគមន៍វាសនារួមក្នុងយុគសម័យថ្មី គ្រប់រដូវកាលដំបូងគេ ដែលប្រទេសចិនបានកសាងឡើងក្នុងកម្រិតទ្វេភាគី ។ ភាគីទាំងពីរបានឯកភាពគ្នាលើការបង្កើតការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យបានកាន់តែញឹកញាប់ថែមទៀត ហើយរួមគ្នាប្រកាសឱ្យ កំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ ចិន កម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបេតិកភណ្ឌវប្បធម៌អរូបី ការអប់រំ និងយុវជនជាដើម ។ ភាគីចិន និងកម្ពុជា សម្រេចបាននូវឯកសារស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ៣៧ ក្នុងនោះ អគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រដ្ឋបាលជាតិភាពយន្តចិន និងស្ថាប័នជាច្រើនទៀតរបស់ប្រទេសចិន បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងភាពយន្តជាដើម ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ភាគីចិន នឹងសហការជាមួយភាគីកម្ពុជា ដើម្បីយកការអនុវត្តតាមសមិទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតី ស៊ី ជីនពីង មកកាន់កម្ពុជា ជាការងារស្នូល ដើម្បីបង្កើនបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ រៀបចំឱ្យក្រុមសិល្បៈ អ្នកស្រាវជ្រាវ និងយុវជនរបស់ប្រទេសចិន និងកម្ពុជាកាន់តែច្រើនអាចផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក បន្តជំរុញការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌ចិន កម្ពុជា លើកទឹកចិត្តមជ្ឈដ្ឋានទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមក អំពីអរិយធម៌រវាងភាគីទាំងពីរដើម្បីជួយប្រជាជនទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធនឹងគ្នា និងកាន់តែរាប់អានគ្នាបន្ថែមទៀត៕