វិទ្យុជាតិកម្ពុជា លោកគេមហឿន ថ្ងៃទី២៥ មេសាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង -រដ្ឋមន្ត្រីក្រសួង សុខាភិបាលឱ្យពង្រឹងយន្តការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈបង្កើនការផ្សព្វផ្សាយសារអប់រំ បន្ថែមជូនប្រជាពលរដ្ឋ ដើម្បីឱ្យបងប្អូនយើងរួមគ្នាបង្ការខ្លួនឯង ធ្វើឱ្យកម្ពុជានៅខែកញ្ញាឆ្នាំ២០២៥ គ្មានជំងឺគ្រុនចាញ់ ។
ក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុន ចាញ់ក្រោមប្រធានបទយើងបញ្ចប់ជំងឺគ្រុនចាញ់ដោយវិនិយោគគិតច្នៃប្រឌិតឡើងវិញនិងគ្រប់គ្រងឡើងវិញដែលបានធ្វើឡើងនៅបរិវេណវិទ្យាល័យតេជោភូមិសៀមប៉ាងឃុំសេកុង ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ថ្ងៃទី២៥មេសាឆ្នាំ២០២៥ឯកឧត្តមសាស្ត្រាចារ្យឈាងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា៖យើងរួមគ្នាបង្ការខ្លួនទាំងអស់គ្នាដើម្បីកម្ពុជាគ្មានជំងឺគ្រុនចាញ់ហើយយន្តការនេះមន្ត្រីសុខាភិបាលគ្រូពេទ្យស្ម័គ្រចិត្តនិងអ្នកដៃគូពាក់ព័ន្ធបន្តបង្កើនស្មារតីចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យទទួលបានជោគជ័យតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលនៅឆ្នាំ២០២៥ដល់ខែកញ្ញាគ្មានអ្នកឆ្លងជម្ងឺគ្រុនចាញ់គ្រប់សណ្ឋាន។
ឯកឧត្តមសាស្ត្រាចារ្យមានប្រសាសន៍បន្តថា៖ដូចនេះអាជ្ញាធរពាក់ព័ន្ធត្រូវផ្សព្វផ្សាយទៅប្រជាពលរដ្ឋពីវិធីសាស្រ្ត មុនចេញទៅធ្វើការ ទៅរកផ្សិត រកសំរងតាមព្រៃ អ្នកស្ម័គ្រចិត្តភូមិត្រូវផ្ដល់ថ្នាំជូនពួកគាត់ បរិភោគឱ្យបាន៣ដង រួចហើយមានមុង មានថ្នាំបាញ់ការពារ និងពេលចេញមកវិញត្រូវទៅពិនិត្យសុខភាព បើមានជំងឺគ្រុនចាញ់ចាំបាច់ត្រូវតែព្យាបាល (សំឡេង)ដូច្នេះវិធីសាស្រ្តនេះខ្ញុំជូនទៅ ឯកឧត្តមគណៈអភិបាលខេត្ត ជម្រាបទៅ គ្រប់បណ្ដាស្រុកឃុំដើម្បីបានជ្រាប អ្នកស្ម័គ្រចិត្តនៅក្នុងមូលដ្ឋានរបស់យើង ខេត្តទាំងឡាយនៅជុំវិញនេះ ដូចជាខេត្តរតនគិរី គឺផ្សព្វផ្សាយដូចគ្នា ពិសេសគឺយើងមិនជួបនូវបញ្ហានេះទេ សូមផ្សព្វផ្សាយ។
ឯឧត្តមសរសុពុត្រាអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖កិច្ចការងារបង្ការនេះបច្ចុប្បន្ន
មន្ត្រីសុខាភិបាលបានសហការជាមួយអ្នកស្ម័គ្រចិត្តសុខភាពភូមិ ផ្តល់សារអប់រំទៅតាមគ្រួសារនីមួយៗបានទូលាយរួចមកហើយ។
ឯកឧត្តមមានប្រសាសន៍បន្តថា៖ នេះជាយុទ្ធសាស្ត្រ ដ៏មានប្រសិទ្ធភាព ព្រោះប្រជាពលរដ្ឋមួយចំនួនរស់នៅទីជនបទមានករណីប្រឈមខ្លាំងទៅនឹងការកើតជំងឺគ្រុនចាញ់និងគ្រុនឈាម ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋយើងបានយល់ដឹងច្រើន ព្រោះនៅពេលមានអាការៈក្តៅខ្លួន ពួកគាត់បានរួសរាន់មករកសេវាព្យាបាលនៅមណ្ឌលសុខភាព។
លោកស្រីមុន្នីចាន់ រស់នៅភូមិទាក់ទាមឃុំសន្តិភាពតំណាងប្រជាពលរដ្ឋបានបញ្ជាក់ថា៖ចាប់ពីពេលនេះទៅនឹងជួយអប់រំបន្ថែមដល់កូនចៅនិងប្រជាពលរដ្ឋរស់នៅភូមិឃុំជាមួយគ្នាឱ្យគាត់ចេះថែទាំសុខភាពខ្លួនឯង ហើយពេលមានឈឺស្កាត់ត្រូវទៅរកសេវាព្យាបាលឱ្យបានត្រឹមត្រូវ។
លោកស្រីបញ្ជាក់ថា៖គោលការណ៍នេះយើងត្រូវតែនាំគ្នាអនុវត្តការតាមណែនាំរបស់មន្ត្រីសុខាភិបាល ដេកក្នុងមុងជ្រលក់ថ្នាំជាប្រចាំ ទទួលថ្នាំមកប្រើប្រាស់ឱ្យបានត្រឹមត្រូវ ស្លៀកពាក់ខោអាវវែងៗពេលទៅធ្វើស្រែចម្ការ ឬចូលព្រៃរកផលអនុផលព្រៃឈើ ។
សូមបញ្ជាក់ថា៖ប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១៩មកគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ទេ ហើយទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទយើងបញ្ចប់ជំងឺគ្រុនចាញ់ដោយវិនិយោគគិតច្នៃប្រឌិតឡើងវិញ និងគ្រប់គ្រងឡើងវិញនេះ រំពឹងគិតថាដំណាក់កាលទី២ដល់ខែកញ្ញាឆ្នាំ២០២៥ខាងមុខនេះ កម្ពុជាគ្មានជំងឺគ្រុនចាញ់ឡើយ៕