លោក ពូទីន ព្រមានថា បើមាន ជម្លោះរុស្ស៉ី-NATO នោះពិភពលោកនឹងសល់តែមួយជំហានទៀតប៉ុណ្ណោះពីសង្រ្គាមលោកលើកទី៣

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a22-70

a24-62

a23-64


 
អន្តរជាតិ៖ នៅថ្ងៃចន្ទនេះលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ីបានព្រមានលោកខាងលិចថា ជម្លោះដោយផ្ទាល់ណាមួយរវាងរុស្ស៉ី និង NATO គឺមានន័យថាពិភពលោកនៅសល់តែមួយជំហានទៀតប៉ុណ្ណោះពីសង្រ្គាមលោកលើកទី៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ សង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានវិបត្តិយ៉ាងស៊ីជម្រៅនៅក្នុងទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយលោកខាងលិចគិតចាប់តាំងពីវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ ១៩៦២ មក។ លោក ពូទីន ជាញឹកញាប់ក៏តែងតែធ្វើការព្រមានពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរដែរ តែលោកអះអាងថាមិនធ្លាប់មានអារម្មណ៍ថាចាំបាច់ត្រូវប្រើអាវុធនុយក្លេអ៊ែរនៅសង្រ្គាមអ៊ុយក្រែននោះទេ។ ការផ្លោងសម្ដីដាក់គ្នាពីសង្រ្គាមលោក ឬសង្រ្គាមនុយក្លេអ៊ែរបានផ្ទុះឡើងជាថ្មីកាលពីខែមុន ក្រោយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងបាននិយាយថា លោកមិនច្រានចោលនោះទេចំពោះលទ្ធភាពបញ្ជូនកងទ័ពទៅជួយអ៊ុយក្រែន។ នៅពេលត្រូវបានសាកសួរដោយ Reuters ពីការអត្ថាធិប្បាយរបស់លោក ម៉ាក្រុង និងពីលទ្ធភាពនៃការផ្ទុះជម្លោះរវាងរុស្ស៉ី និង NATO លោក ពូទីន បានឆ្លើយថា "អ្វីៗគ្រប់យ៉ាងគឺអាចកើតឡើងក្នុងពិភពលោកសម័យទំនើបនេះ ហើយវាក៏ច្បាស់ណាស់ដែរថា បើមានជម្លោះដោយផ្ទាល់រវាងរុស្ស៉ី និង NATO នោះពិភពលោកនឹងនៅសល់តែមួយជំហានទៀតប៉ុណ្ណោះពីសង្រ្គាមលោកលើកទី៣។ ប៉ុន្តែខ្ញុំគិតថាគ្មាននរណាម្នាក់ចង់ឃើញរឿងនេះកើតឡើងនោះទេ"៕

Comments

Related posts