ឯកឧត្តម នេត្រ ភក្ត្រា បានទទួលជួបប្រជុំទ្វេភាគីជាមួយសមភាគីថៃ លោកជំទាវ PUANGPET CHUNLAIAD  រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថៃ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានទទួលជួបប្រជុំទ្វេភាគីជាមួយសមភាគីថៃ លោកជំទាវ PUANGPET CHUNLAIAD  រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃប្រទេសថៃដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មានប្រទេសថៃលើផ្នែកព័ត៌មាននិងផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម។ 

 ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថាកម្ពុជានិងថៃបានសហការគ្នាយ៉ាងល្អលើវិស័យព័ត៌មានដែលក្នុងនោះកម្ពុជានិងថៃបានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីឆ្នាំ២០០៦ ផ្តោតលើកិច្ចសហការលើការងារព័ត៌មាននិងផ្សព្វផ្សាយ ជាពិសេស កម្មវិធីវិទ្យុមិត្តភាពនៅតាមព្រំដែនដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរព័ត៌មាន និងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនពីព័ត៌មានផ្សេងៗជាពិសេសទាក់ទងនឹងច្បាប់ទម្លាប់ដើម្បីពលរដ្ឋបានដឹងនិងចូលរួមអនុវត្ត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានផ្តួចផ្តើមពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបានបង្កនូវបញ្ហាជាច្រើន។ ឯកឧត្តមបាន គូសបញ្ជាក់ថា ក្នុងបរិបទនៃសង្គមឌីជីថល និន្នាការនៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះពីតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប គឺបណ្តាញទំនាក់ទំនងសង្គម។ ទន្ទឹមនឹងការផ្តល់នូវខ្លឹមសារសម្បូណ៌បែប និងមានល្បឿនលឿន បណ្តាញសង្គមក៏បានធ្វើឱ្យមានបញ្ហានៃការបំពុលព័ត៌មានតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដែលមានចេតនាទុច្ចរិត។ 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថាព័ត៌មានក្លែងក្លាយ បានធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះបង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬធ្វើឱ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តផងដែរ ហើយដែលយើងទាំងអស់គ្នាចាំបាច់ត្រូវសហការគ្នាក្នុងការបង្ការនិងទប់ស្កាត់ឱ្យខានតែបាន។

ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ភាគទាំងពីរបានឯកភាពគ្នានឹងបន្តសិក្សាបន្ថែមទៀតជាមួយគ្នាដើម្បីធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈនៃការយោគយល់ដែលមានស្រាប់ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព ហើយប្រទេសទាំងពីរអាចទប់ស្កាត់និងបង្ការព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ព័ត៌មានពិតប្រាកដ និងត្រឹមត្រូវជូនដល់ពលរដ្ឋ៕

photo_2023-09-23_12-17-42

photo_2023-09-23_12-17-39

 

photo_2023-09-23_12-17-45photo_2023-09-23_12-17-52

photo_2023-09-23_12-17-55

photo_2023-09-23_12-17-58

photo_2023-09-23_12-18-04

photo_2023-09-23_12-18-08

photo_2023-09-23_12-18-13

Comments

Related posts