លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៤

មុនចូលឆ្នាំថ្មីឆ្នាំសកល​ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៤ តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញអ៊ីនធើណេត ។ ​ខាងក្រោមនេះជាសុន្ទរកថារបស់លោក៖

សួស្តីទាំងអស់គ្នា! រដូវកាល Dongzhi តំណាងឱ្យភាពរស់រវើកនៃជីវិត ពេលវេលាវិលជុំឥតឈប់ឈរ ក្នុងខណៈពេលដ៏ល្អបវរដែល​លាចាកឆ្នាំចាស់អបអរទទួលឆ្នាំថ្មី ​​ខ្ញុំសូមជូនពរ​ឆ្នាំថ្មីចំពោះអ្នក​ទាំងអស់គ្នាពីទីក្រុងប៉េកាំង​!

ក្នុងឆ្នាំ ២០២៣ យើងបាន​បន្តខំប្រឹងតស៊ូ ​និងធ្វើដំណើរទៅមុខយ៉ាងអង់អាចក្លាហាន​​ យើងបានឆ្លងកាត់ព្យុះភ្លៀងនិងមើលឃើញ​ទេសភាពស្រស់ស្អាត ​ហើយ​ទទួលបាន​សមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន​។​ ​អ្នកទាំងអស់គ្នាបាន​ចងចាំនូវ​ការលំបាកពេញមួយ​ឆ្នាំ​ ​ហើយ​ក៏ពោរពេញទៅដោយជំនឿចិត្តចំពោះអនាគតផងដែរ។

យើងបានបោះជំហាន​ទៅមុខយ៉ាងមុតមាំ​ក្នុងឆ្នាំនេះ។ ​ការបង្ការ​និងគ្រប់គ្រង​ការរីករាល​ដាល​នៃ​ជំងឺឆ្លងបាន​ឈានចូលដំណាក់កាលថ្មីដោយមានស្ថិរភាព ​សេដ្ឋកិច្ច​ចិន​បន្តស្តារឡើងវិញ​និងមាន​ភាពល្អប្រសើរ​ឡើង​ ​ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់​បាន​វិវឌ្ឍ​រីកចម្រើន​ទៅមុខ​យ៉ាងប្រាកដប្រជា។ ប្រព័ន្ធឧស្សាហកម្ម​ទំនើបកាន់តែមានសុក្រឹតភាព ​ឧស្សាហកម្ម​ជាសរសរស្តម្ភបែបថ្មីមួយចំនួន​ដែល​មានភាពជឿនលឿន ​​វៃឆ្លាត ​និង​បៃតង​បាន​ងើបឡើងយាងឆាប់រហ័ស។ ​ការបង្កបង្កើនផលស្បៀង​មាន​ទិន្នផលច្រើនក្នុងរយៈពេល​ ២០ ឆ្នាំជាប់ៗ ​ទឹកកាន់តែថ្លាឆ្វង់ ​ភ្នំកាន់តែខៀវ ​ការស្តារនិងអភិវឌ្ឍ​ជនបទ​លេចចេញទិដ្ឋភាពថ្មី។ ​ការស្តារនិងអភិវឌ្ឍ​តំបន់ឦសានដោយគ្រប់ជ្រុងជ្រោយ​​បាន​ចារទំព័រថ្មី​ តំបន់ថ្មី​ Xiong’an អភិវឌ្ឍយ៉ាងលឿន ខ្សែក្រវាត់សេដ្ឋកិច្ច​ទន្លេយ៉ង់ហ្សេ​មានភាពរស់រវើក ​តំបន់មហាឈូងសមុទ្រក្វាំងតុង-ហុងកុង​-ម៉ាកាវឈានមុខគេយ៉ាងលេចធ្លោ។ ​សេដ្ឋកិច្ចចិន​​មានភាពរឹងមាំ​ក្នុងព្យុះភ្លៀង។

យើងបានបោះជំហានទៅមុខប្រកបដោយថាមពល​ក្នុងឆ្នាំនេះ។ បន្ទាប់ពីការលត់ដំអស់រយៈពេលយូរ​ ​ប្រទេសចិនបាន​បំផុសកម្លាំងចលករ​ផ្នែក​នវានុវត្តន៍និងភាពរស់រវើក​ខាងកាអភិវឌ្ឍ។ ​យន្តហោះខ្នាតយក្ស ​C919 បាន​សម្រេចការហោះហើរខាងពាណិជ្ជកម្ម​ ​កប៉ាល់ទេសចរណ៍​ធុន​ធំដែលផលតក្នុងស្រុកបាន​សម្រេចការ​សាកល្បង​ធ្វើ​នាវាចរណ៍ ​យានអវកាសស៊េរី​ Shenzhou ​ត្រូវបានបាញ់បង្ហោះទៅទីអវកាសជាបន្តបន្ទាប់​ ​នាវាមុជទឹក ​Fendouzhe ​បានមុជ​ចុះក្នុងជម្រៅទឹកជ្រៅបំផុត​។​

ម៉ាកផលិតផលល្បីៗរបស់ប្រទេសចិនទទួលបាន​ការពេញនិយ​មកាន់តែច្រើនឡើងៗ​ ​ទូរស័ព្ទដៃផលិតដោយប្រទេសចិនកាន់តែមានប្រជាប្រិយភាពខ្លាំង ​រថយន្តដែល​ប្រើប្រាស់​ថាមពលស្អាត ​អាគុយលីចូម ​ផលិតផលប្រើប្រាស់ថាមពលសូឡា​ជាដើមជា​​មោទនភាព​ថ្មី​នៃ ​"​Made In China“។ ប្រទេសចិនរីកចម្រើនក្រោមស្មារតីខំប្រឹងតស៊ូ​ ទីណាៗក៏សុទ្ធតែ​​​ពោរ​ពេញទៅ​ដោយការ​​ច្នៃ​ប្រឌិតថ្មី។

យើងបានបោះជំហានទៅមុខ​ដោយ​ភាពរស់រវើកក្នុងឆ្នាំនេះ។ ការប្រកួតកីឡា​សកលវិទ្យាល័យក្រុង Chengdu ​​និងការប្រកួតកីឡាអាស៊ីក្រុង Hangzhouបានរៀបចំ​ឡើង​យ៉ាងឱឡារិក ហើយអត្តពលិកទាំងឡាយ​បានខិតខំប្រឹងប្រែងបង្កើតស្នាដៃដ៏អស្ចារ្យ។ ភ្ញៀ​វទេសចរក្នុងថ្ងៃបុណ្យនិង​ថ្ងៃឈប់សម្រាកមានច្រើនកុះករ ទីផ្សារភាពយន្តមានភាពផុលផុស ​​“ការប្រកួតបាល់ទាត់លីគកំពូលភូមិ​” និង ​​”រាត្រីសមោសរភូមិ​”សុទ្ធតែមានភាពទាក់ទាញខ្លាំង​ ​ជីវភាពរស់នៅដោយកាបូនទាបបានក្លាយទៅជារបៀបរស់នៅដ៏ទាន់សម័យជា​បណ្តើរៗ។ បរិយាកាសរស់នៅប្រកបដោយភាពកក់ក្តៅនិង​ភាពមមាញឹក​នៃការ​ស្តារ​ឡើង​វិញបានបង្ហាញពីការ​ស្វែងរកភាព​ល្អបវរនិងសុភមង្គលរបស់​មនុស្ស​គ្រប់រូប​​ ហើយក៏​បាន​បង្ហាញពីប្រទេសចិនដែលប្រកបដោយភាពរស់រវើកនិងកម្លាំង​ចលករផងដែរ។

យើងបានបោះជំហានទៅមុខ​ដោយ​ភាព​ជឿជាក់លើខ្លួន​ឯង​ក្នុងឆ្នាំនេះ។ ​ប្រទេសចិ​នគឺ​ជាប្រទេសដ៏អស្ចារ្យមួយដែលបានបន្តវេននិងផ្សព្វផ្សាយ​នូវអរិយធម៌ដ៏អស្ចារ្យ។​ នៅ​លើ​ទឹកដីដ៏ធំទូលាយនេះ ​មានវាលខ្សាច់ផងនិងតំបន់មាន​ទឹកទន្លេបឹងបួផង​ដែលតែងតែ​ធ្វើឱ្យ​យើងចង់​ទៅទស្សនាកម្សាន្ត​។ ទន្លេលឿងនិងទន្លេយ៉ង់ហ្សេដែលហូរត្របាញ់ ​​តែងធ្វើ​ឱ្យ​យើងមានភាព​រំភើបនិងទឹកចិត្ត​ក្លៀវក្លា។ ស្មារតីអរិយធម៌នៅទីសំណល់បុរាណ​ Liangzhuនិងទីសំណល់បុរាណ Erlitou ការបន្តវេននិងផ្សព្វផ្សាយ​អក្សរចារឹកលើឆ្អឹងសត្វនិង​ស្នូកអណ្តើកនៃវិកិណ្ណដ្ឋាន Yinxu ​មរតកដែលមាន​តម្លៃ​​មិនអាចកាត់ថ្លៃ​បាននៅវិកិណ្ណដ្ឋាន​ Sanxingdui និងការបន្តវេន​និងផ្សព្វផ្សាយនូវ​សរសៃឈាមអរិយធម៌​ចិន​នៅក្នុងបណ្ណសារដ្ឋាន​ជាតិ​ចិន​នៃ​ការ​បោះពុម្ពផ្សាយ​និង​វប្បធម៌​ ។ល។​ ​​ប្រទេសចិនដ៏ទូលំទូលាយ ​ប្រវត្តិសាស្ត្រចិនដ៏យូរអង្វែង ​អរិយធម៌ចិន​ដ៏សម្បូរបែបនិង​ជ្រាលជ្រៅ​សុទ្ធតែ​ជា​មូលដ្ឋាននៃជំនឿចិត្ត​លើខ្លួនឯងនិងជា​ប្រភពនៃថាមពល​ដ៏ខ្លាំងក្លារបស់យើង។

ប្រទេសចិន​មិនត្រឹមតែអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ​ ​ថែមទាំងក៏បាន​ឱបក្រសោប ពិភពលោក​យ៉ាង​សកម្មផងដែរ ដោយរ៉ាប់រងតួនាទីរបស់ប្រទេសធំ។ យើងបាន​រៀបចំ​ដោយជោគជ៏យនូវកិច្ចប្រជុំកំពូល​ចិន-អាស៊ីកណ្តាល​ ​វេទិកា​កំពូលអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការ​​"​ខ្សែក្រវាត់និងផ្លូវ​​” លើកទីបី ​ព្រឹត្តិការណ៍ការទូតដែលប្រទេសចិន​ធ្វើ​ជាម្ចាស់ផ្ទះ​បាន​អបអរស្វាគមន៍មិត្តភក្តិ​មកពីជុំវិញពិភពលោក​។​ ​ខ្ញុំក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេ​សមួយចំនួន​ ចូលរួម​កិច្ចប្រជុំអន្តរជាតិមួយចំនួន​ ​និង​ជួបពិភាក្សាជាមួយ​មិត្តចាស់និងដៃគូថ្មីជាច្រើន​ដោយបាន​ចែករំលែកគំនិតផ្តួចផ្តើមរបស់ចិន​និង​បង្កើនគំនិតឯកភាពរួម​រវាងគ្នានិងគ្នា។ ​រឿងរ៉ាវលើពិភពលោក​ចេះតែផ្លាស់ប្តូរ​ ​តែ​ការអភិវឌ្ឍដោយសន្តិភាពគឺជាកិច្ចការ​ចម្បងជានិច្ច​ ​កិច្ច​សហ​ប្រតិបត្តិការ​ឈ្នះ-ឈ្នះគឺជា​រឿងដែល​សំខាន់បំផុត។

នៅតាម​ផ្លូវ​ឈានទៅមុខ​ ​មានព្យុះភ្លៀងគឺជារឿងធម្មតាណាស់។ ​សហគ្រាស​មួយចំនួន​ប្រឈម​នឹង​សម្ពាធខាងការធ្វើអាជីវកម្ម​ ​មហាជនមួយចំនួន​ជួប​ប្រទះនឹងការលំបាក​ក្នុងការ​រកការងារធ្វើនិង​ជីវភាពរស់នៅ ​កន្លែងខ្លះ​កើត​មាន​គ្រោះ​មហន្តរាយធម្មជាតិដូច​ជា​គ្រោះទឹកជំនន់ ​ព្យុះទីហ្វុងនិងគ្រោះ​រញ្ជួយដីជាដើម​ ​ទាំងនេះ​សុទ្ធតែជារឿងដែល​ខ្ញុំគិត​​​ក្នុងចិត្ត​ជាប់រហូត​។​ ​អ្នកទាំងអស់គ្នាមិន​ខ្លាចការលំបាក ជួយយកអាសាគ្នាទៅវិញទៅមក ​ប្រឈមមុខ​និងបញ្ហា​ និងពុះពារការលំបាកយ៉ាង​អង់អាចក្លាហាន។​​​ ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង​។​ ​ប្រជា​កសិករ​​ដ៏ឧស្សាហ៍ព្យាយាមដែល​ធ្វើ​ស្រែចម្ការយ៉ាងនឿយហត់ ​ប្រជា​កម្មករ​ដែល​ខិតខំ​ធ្វើ​ការ ​សហគ្រិន​​ដែល​ហ៊ាន​សាកល្បង​និងតស៊ូបង្កើតអាជីព ​ទាហាន​ដែល​ការពារ​ជាតិ​មាតុភូមិ ​មនុស្សគ្រប់រូប​ដែលប្រកបមុខរបរផ្សេងៗ​សុទ្ធតែបានខិតខំបំពេញភារកិច្ច​រៀងៗខ្លួន​​​ ​មនុស្ស​ដ៏សាមញ្ញ​គ្រប់គ្នា​សុទ្ធតែបានធ្វើការរួមចំណែក​ដ៏វិសាមញ្ញ! ​ប្រជាជន​ជា​ទីបង្អែកធំបំផុត​ជាដរាបសម្រាប់បក្ស​និងប្រទេស​យើង​​ក្នុងការ​យកឈ្នះលើរាល់ការលំបាកទាំងអស់​ ។

ឆ្នាំក្រោយជា​ខួប​ ៧៥ ឆ្នាំនៃការបង្កើតប្រទេសចិន​ថ្មី។ ​យើង​ត្រូវ​ជំរុញយ៉ាង​មុតមាំ​មិនងាករេនូវ​ការធ្វើទំនើបកម្ម​តាមបែបផែនចិន​ ​អនុវត្ត​យ៉ាង​ល្អពេញលេញ​ ​ត្រឹមត្រូវ​និង​គ្រប់ជ្រុងជ្រោយនូវ​គំនិត​អភិវឌ្ឍន៍ថ្មី ​ពន្លឿន​ការកសាង​និម្មាបនកម្ម​អភិវឌ្ឍន៍ថ្មី ​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយគុណភាពខ្ពស់​ គ្រោង​ផែនការទូទៅសម្រាប់​ការ​អភិវឌ្ឍ​និង​សន្តិសុខ​។​ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​ស្វែងរកការរីកចម្រើន​ក្នុងភាពនឹងនរ​ ជំរុញស្ថិរភាពតាមរយៈការ​រីកចម្រើន​ទៅមុខ​ ពង្រឹងនិងពង្រីក​និន្នាការសេដ្ឋកិច្ច​ដែលបាន​និងកំពុង​​​ស្តារឡើងវិញ​និង​មានភាពប្រសើរឡើង​ ​ដើម្បី​សម្រេច​ឱ្យ​សេដ្ឋកិច្ច​ដំណើរការដោយនឹងនរ​និង​យូរ​អង្វែង​។​ ត្រូវ​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កំណែទម្រង់និងបើកទូលាយ​ ​លើកកម្ពស់ថែមទៀត​នូវ​ជំនឿចិត្តខាងការ​អភិវឌ្ឍ​ ​បង្កើន​ភាពរស់រវើកនៃសេដ្ឋកិច្ច​ ​បង្កើនកម្លាំងជំរុញវិស័យអប់រំ​ លើកកម្ពស់​កម្រិត​​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​ និង​បណ្តុះបណ្តាលធនធានមនុស្ស​។ ​ត្រូវបន្ត​គាំទ្រ​ហុងកុងនិងម៉ាកាវ​ឱ្យ​ពង្រីក​ឧត្តមភាពរៀងៗ​ខ្លួន​ ​ដើម្បីរក្សា​ស្ថិរភាពនិងវិបុលភាពក្នុងរយៈពេល​យូ​រខណៈពេល​​រួមបញ្ចូល​ក្នុង​និម្មាបនកម្ម​នៃការអភិវឌ្ឍ​របស់ប្រទេ​សជាតិ​ឱ្យបានកាន់តែល្អ​។​ ​ការ​បង្រួបបង្រួម​មាតុប្រទេ​សជានិន្នាការ​ដ៏ចាំបាច់​នៃ​ប្រវត្តិសាស្រ្ត​ ​ជន​​រួម​ជាតិ​ត្រើយទាំងសងខាងត្រូវ​ពួតដៃគ្នា​ចិត្តមួយថ្លើមមួយ​ ​ដើម្បីចែករំលែកនូវ​ភាពរុងរឿងដ៏មហិមា​នៃការស្តារប្រជាជាតិចិន​ឡើងវិញ​។

គោលដៅយើងធំធេងណាស់តែក៏ជាគោលដៅដ៏ប្រាកដប្រជាដែរ​ ​នោះគឺខិតខំប្រឹង​ប្រែងយ៉ាង​ណាដើម្បីធ្វើឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ។​ការចិញ្ចឹមបី​បាច់​និងការទទួលបានការអប់រំរបស់ក្មេងៗ ​ការមានការងារធ្វើនិងអាចក្លាយ​ទៅជាធនធាន​មនុស្ស​របស់យុវជន ​ការព្យាបាលជំងឺនិងការចិញ្ចឹមជីវិតក្នុងវ័យជរារបស់មនុស្សចាស់​ជា​រឿងរបស់គ្រួសារនីមួយៗហើយក៏ជារឿងរបស់ប្រទេសជាតិផងដែរ ហេតុដូច្នេះយើងគួរតែ​ខិតខំប្រឹងប្រែងជាមួយគ្នា ​ដើម្បីធ្វើរឿងទាំងនេះឱ្យបានល្អ។ សង្គមបច្ចុប្បន្នដំណើរការដោយល្បឿនលឿន ​យើងទាំងអស់គ្នាសុទ្ធតែមានភាពមមាញឹក សម្ពាធការងារនិងជីវភាពរស់​នៅ​ក៏ធំដែរ​។ យើង​ត្រូវបង្កបរិយកាសសង្គមប្រកបដោយភាពកក់ក្តៅនិងភាពចុះសម្រុងគ្នា ​ពង្រីក​​លំហនវានុវត្តន៍ដែល​ប្រកបដោយភាពបរិយាបន្ននិងភាពរស់រវើក បង្ក​​លក្ខណសម្បត្តិ​រស់​នៅប្រកប​ដោយ​ភាពងាយស្រួលនិងផាសុកភាព​​​ដើម្បី​ធ្វើឱ្យយើងទាំងអស់គ្នា​មានទឹក​ចិត្ត​​សប្បាយ​រីករាយ ជីវិត​រស់នៅប្រកបដោយអត្ថន័យ ​និងសម្រេចក្តីសុបិនរបស់ខ្លួន​។

សព្វថ្ងៃ លើពិភពលោកនេះនៅមានកន្លែងខ្លះដែលកំពុង​ស្ថិតនៅក្នុង​ភ្លើងសង្គ្រាម។​ ប្រជាជនចិនយល់ដឹងច្បាស់ណាស់នូវតម្លៃនៃ​សន្តិភាព ​ពួកយើងរីករាយ​រួមជាមួយ​សហគមន៍​​​អន្តរជាតិ គិតគូរពីអនាគតនៃមនុស្សជាតិនិងសុខុមាលភាពនៃប្រជាជន​ ​ដើម្បី​ជំរុញ​ការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិនិងកសាងពិភពលោកកាន់តែល្អបវរ។

ក្នុងខណៈពេលនេះ​ ស្បៃ​រាត្រីបាន​គ្របដណ្តប់លើមហាប្រឹថពី ពន្លឺភ្លើងបាន​ចែងចាំង​ចេញពីគ្រប់ក្រុមគ្រួសារ។ ចូរយើងនាំគ្នា​ជូនពរ​មាតុប្រទេស​ឱ្យ​មានភាពរុងរឿងថ្កុំថ្កើង​ ​ពិភពលោកមានសន្តិភាព​និង​ភាពសុខសាន្ត។​​ ​សូមជូនពរ​អ្នកទាំងអស់គ្នា​មានភាពកក់ក្តៅពេញមួយ​ឆ្នាំ​ ​​សម្រេច​អ្វីៗបាន​ដូច​ក្តីបំណង​ និងមាន​សុខភាពល្អមាំមួន​! សូមអរគុណ!

Image_20231231184438

Comments

Related posts