អាជ្ញាធរស្រុកសេសាន ក្រើនរំលឹកឱ្យប្រជាពលរដ្ឋបង្ការជំងឺឆ្លងកូវីដ-១៩ឱ្យកាន់តែមានប្រសិទ្ធភាព

 

វិទ្យុជាតិកម្ពុជា គឹមហឿន

ស្ទឹងត្រែង ៖ អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងបានក្រើនរំលឹកបន្ថែម    ដល់ប្រជាពលរដ្ឋនិងជនជាតិដើមភាគតិច រស់នៅភូមិច្រប់ ឃុំក្បាលរមាស ឱ្យបង្កើនការអនុវត្តការងារបង្ការជំងឺកូវីដ-១៩ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីការពារកុំឱ្យ ជំងឺដ៏កាចសាហាវនេះរាតត្បាតចូលក្នុងសហគមន៍។

        ក្នុងពិធីសែនលាបំណន់ដល់អ្នកតាឈូកស នៅភូមិច្រប់ឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែង លោក សុវណ្ណ ពិសេដ្ឋ  អភិបាលស្រុកសេសានបានណែនាំឱ្យប្រជាពលរដ្ឋត្រូវចងចាំ  និងបង្កើនការធ្វើអនាម័យគ្រប់យ៉ាង មិនត្រូវភ្លេចខ្លួន ចំពោះជំងឺកូវីដ-១៩នោះទេ ទោះបីថានៅភូមិ ឃុំ ស្រុកយើង  គ្មានជំងឺកូវីដ-១៩ក៏ដោយ។ ការធ្វើអនាម័យបានល្អ ពាក់ម៉ាស់លាងដៃនឹងសាប៊ូ ឬអាល់កុល មិនមែនបង្ការតែជំងឺកូវីដ-១៩មួយមុខទេ គឺបង្ការជំងឺឆ្លងបានគ្រប់ប្រភេទ ដូចជា រាគ ឈឺពោះ  ឈឺក្បាល  ក្អកក្អួតជាដើម ហើយបើមានសុខភាពមិនស្រួល ត្រូវទៅពិគ្រោះជាមួយមន្ត្រីផ្នែកសុខភាព និងត្រូវ ទាក់ទងជួយគ្នាទៅវិញទៅមក ឬទៅមណ្ឌលសុខភាពដែលនៅជិតផ្ទះ។ 

        លោក អ៊ុយ ថន តំណាងឱ្យប្រជាពលរដ្ឋបានមកចូលរួមក្នុងពីធី(លាបំណន់)នេះបានអះអាងថា៖ប្រជាពលរដ្ឋនាំគ្នា អនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមវិធានការរបស់រាជរដ្ឋាភិបាល និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងបាន បន់ស្រន់ដល់អ្នកតាឈូកសនៅទីនេះ ឱ្យជួយបញ្ចៀសមិនឱ្យកើតជំងឺកូវីដ-១៩នៅក្នុងភូមិ។

លោកថា៖ការបន់ស្រន់នេះហើយទើបនៅថ្ងៃនេះ  បងប្អូននាំគ្នាមកធ្វើពិធីសែនលាបំណន់នៅចំពោះមុខអ្នកតាឈូកស ព្រោះប្រជាពលរដ្ឋបានបែបន់រយៈពេលមួយឆ្នាំមកហើយ ដូចនេះត្រូវតែនាំគ្នាយក នំចំណី ម្ហូបអាហារ សាច់ជ្រូក-មាន់-ត្រី មកដាក់ជាដង្វាយហើយសុំសេចក្តីសុខចម្រើនតទៅទៀត។

សូមបញ្ជាក់ថា៖នេះជាការយល់ឃើញរបស់បងប្អូនប្រជាពលរដ្ឋយើងទៅតាមជំនឿ  និងនៅតាមតំបន់ នៃការរស់នៅខុសៗគ្នា តែប៉ុណ្ណោះ តែប្រការសំខាន់នោះគឺសូមបងប្អូនបង្កើនការអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប្រចាំ ទើបការពារបានជំងឺកូវីដ-១៩៕4E54A8BF-92A9-494E-A54E-7DC3C4E55200F5CB77E8-AB72-4518-80C0-54FA30D604224C10F596-2CEE-4DAE-A0FF-BBE6E5033A56288FCF9D-6AB1-453A-99D8-50D8E09BDB7E

Comments

Related posts