រូបភាពអ្នកចាក់វ៉ាក់សាំង ពុំមែនជាសពលោកជំទាវឧកញ៉ាស៊ុយ សុផានឡើយ

វិទ្យុជាតិកម្ពុជា ៖លោកស្រី ស៊ឹង សុផារី
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថារូបភាពអ្នកចាក់វ៉ាក់សាំង ពុំមែនជាសពលោកជំទាវឧកញ៉ាស៊ុយ សុផានឡើយ ហើយស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ចំពោះអ្នកដែលប្រឌិតព័ត៌មានក្លែងក្លាយនេះ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែ មីនានេះ ប្រកាសច្រានចោល ទាំងស្រុងនូវការផ្សាយព័ត៌មានប្រឌិត ដែលម្ចាស់គណនីហ្វេសប៊ុក ឈ្មោះSovan Narith លើកឡើងថា « មិនយល់ទេ ក្រោយពីចាក់វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm)របស់ចិនហើយ នៅតែស្លាប់ជាបន្តបន្ទាប់ទៀត ។ដោយបានដាក់រូបថតលោកជំទាវ ឧកញ៉ាស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុន ផានអ៊ីមិច។ 

photo_2021-03-29_18-33-11 (2)
ក្រសួងសុខាភិបាល សូមបញ្ជាក់ថា រូបភាពអ្នកចាក់វ៉ាក់សាំងនេះមិនមែនជារូបរបស់សពទេ ហើយអំពាវនាវសូមឲ្យ អ្នកប្រឌិតរឿងទាំងឡាយមានសីលធម៌ និងគុណធម៌ខ្លះផងបានទេ ?

ក្រសួងសុខាភិបាល បានបញ្ជាក់បន្តថា សូមមើលឲ្យច្បាស់មើល តើរូបអ្នកចាក់វ៉ាក់សាំងនេះជានរណា ? សូមគោរពសិទ្ធិ លោកជំទាវដែលជាម្ចាស់រូបថតចាក់វ៉ាក់សាំងពិតប្រាកដផងបានដែរទេ? អស់អ្នកអគតិទាំងឡាយអើយ ល្មមឈប់បោកប្រាស់ បែបនេះទៀតទៅ។
ម្យ៉ាងទៀត គេរកវ៉ាក់សាំងចាក់មិនបានផង ឥឡូវមានវ៉ាក់សាំងចាក់ហើយ អស់អ្នកអគតិទាំងឡាយដែលមិនចង់ចាក់ទេ ក៏មិនអីដែរ ទុកវ៉ាក់សាំងចាក់ជូនអ្នកដែលគេត្រូវការដ៏ច្រើនសន្ធឹកសន្ធាប់វិញល្អជាង។ដូច្នេះ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់ការទៅតាមផ្លូវច្បាប់ផង ៕

Comments

Related posts