ការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល៤ខែឆ្នាំនេះធ្លាក់ចុះជាង ៣៥ ភាគរយ

 

 

វិទ្យុជាតិកម្ពុជា៖ ដោយ ធីណា ឌីណេ

 

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល៤ ខែដំបូងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណ ១៩២ ៤៩៥តោន មានការថយចុះចំនួន១០៧ ៧៥៧តោន ស្មើនឹង ៣៥.៨៩ % បើធៀបនឹងបរិមាណនាំ ចេញ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២០ ដែលមានចំនួន ៣០០ ២៥២តោន។ ក្នុងនោះអង្ករក្រអូបគ្រប់ប្រភេទមាន ១៣០ ១២០ តោន (៦៧,៦ ភាគរយនៃបរិមាណនាំចេញសរុប) អង្ករសគ្រប់ប្រភេទមាន ៥៩ ០២៦ តោន (៣០,៦៦ ភាគរយ) និងអង្ករចំហុយ មាន៣,៣៤៩ តោន (១,៧៤ ភាគរយ)។ តាមការប៉ាន់ស្មានតម្លៃទទួលបានពីការនាំចេញ មានជិត ១៦១,៧ លានដុល្លារ។ 

  ឯកឧត្តមបញ្ជាក់ថា សម្រាប់ទីផ្សារគោលដៅសំខាន់ៗរួមមាន ប្រទេសចិនមានបរិមាណ ១០៤ ៧៥៦ តោនស្មើនឹងចំណែកទីផ្សារនាំចេញសរុប ៥៤,៤២ភាគរយ ទីផ្សារសហភាពអឺរ៉ុបមាន ៤២ ៨៥០តោន ស្មើនឹង ២២,២៦ ភាគរយ តំបន់អាស៊ាន ១៧ ៤៨៣តោន ស្មើនឹង ៩,០៨ ភាគរយ និងទិសដៅដទៃ ទៀត (១៨ ប្រទេស) មាន ២៧, ៤០៦ តោន ស្មើ ១៤,២៤ ភាគរយ។ 

     ដោយឡែកបើយោងតាមទិន្នន័យដដែល ក្នុងរយៈពេលនេះការនាំចេញស្រូវ បែរជាមានកំណើនខ្ពស់ទៅវិញ ដោយការនាំស្រូវទៅប្រទេសវៀតណាមមានបរិមាណរហូតដល់ ១ ៥២៩ ២៨០ តោនកើនឡើង ៧៣,១៥ ភាគរយធៀបនឹងរយៈដូចគ្នាឆ្នាំ ២០២០ ដែលមានចំនួនត្រឹម ៨៨៣, ២៣២ តោន។ 

     លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ឱ្យដឹងដែរថា ការធ្លាក់ចុះបរិមាណនៃការនាំចេញអង្ករនៅដើមឆ្នាំនេះ គឺបណ្តាលមកពីឧបសគ្គនៃការបញ្ជូនទំនិញទៅកាន់អ្នកបញ្ជាទិញនៅក្រៅ ប្រទេស ជាពិសេសទៅកាន់បណ្តាប្រទេសគោលដៅនៅ ក្នុងសហគមន៍អឺរ៉ុប ដោយ សារតែកង្វះកុងតឺន័រសម្រាប់ផ្ទុកអង្ករ និងថ្លៃដឹកជញ្ជូនតាមសមុទ្រនៅតែបន្តមានតម្លៃខ្ពស់ធៀបទៅរយៈពេលដូចគ្នា ៥ ឆ្នាំចុងក្រោយ ដែលមានគម្លាតខ្ពស់ជាងរហូតដល់ជាង៥ដង។

    សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២០កន្លងទៅ កម្ពុជាបាននាំចេញអង្ករសរុប ៦៩០ ៨២៩ តោន ដោយមានតម្លៃជិត ៥៣៩ លានដុល្លារ កើន ឡើង ១១,៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕

Comments

Related posts