ក្រោយពីកែប្រែមុខមាត់ថ្មីភ្ញៀវទេសចរអួតសរសើរសម្រស់តំបន់រមណីយដ្ឋានអង្គរមិនដាច់ពីមាត់

វិទ្យុជាតិកម្ពុជា ៖ លោក អេង យូ

សៀមរាប ៖ ប្រាសាទអង្គរវត្តនៅតែជាទីកន្លែងដ៏ពេញ និយមពីសំណាក់ភ្ញៀវទេសចរគ្រប់ទិសទី មកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ដោយ សារទីនេះពោរពេញទៅដោយប្រាង្គប្រាសាទយ៉ាងស្រស់ស្អាតមាន វាលស្មៅខៀវខ្ចី ព្រមជាមួយនឹងការកែលម្អសួនច្បារនិងកន្លែងដទៃទៀត ដែលជាទីទាក់ទាញអ្នក ទេសចរមកកម្សាន្តដោយគ្មានការធុញទ្រាន់។
    នៅពេលធ្វើដំណើរមកដល់តំបន់អង្គរភ្ញៀវទេសចរគ្រប់រូបពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹក នៃមន្រ្តីអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេស ចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។  
     នេះគឺជាទិដ្ឋភាពថ្មីនៃសម្រស់តំបន់អង្គរ ក្រោយពីអាជ្ញាធរបានកែលម្អមុខមាត់ថ្មីដើម្បីទាក់ទាញភ្ញៀវមកលេងកម្សាន្តឱ្យបានច្រើនដង ដោយពុំមានការធុញទ្រាន់។

photo_2021-05-17_14-32-05
    កញ្ញា សំ ធានី ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បាន ឱ្យដឹងថា នៅក្រោយពេលខក ខានមិនបានមកលេងតំបន់អង្គររយៈពេលប៉ុន្មានខែចុង ក្រោយនេះ ហាក់ដូចជាមានអារម្មណ៍ថានឹកប្រាសាទអង្គរ ខ្លំាងណាស់  ហើយនៅពេលបានមកទស្សនារមណីយដ្ឋានអង្គរ គឺធ្វើឱ្យកញ្ញាបំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយបាន ឃើញតែភាពបៃតងស្រស់ស្អាតនៅក្នុងរមណីយដ្ឋានអង្គរ។
     កញ្ញាបន្តទៀតថា តំបន់រមណីយដ្ឋានអង្គរពិតជាមាន ភាពស្រស់ស្អាតជាងពេលមុនៗ នៅពេលដែលអាជ្ញាធរជាតិអប្សរាបានធ្វើការអភិវឌ្ឍ និងអភិរក្ស ដោយមានការរៀបចំជាសួន និងមានដាំដើមផ្កា ដាំស្មៅ និងដាំដើមឈើបន្ថែម ដែលធ្វើឱ្យបរិវេណខាងមុខប្រាសាទអង្គរវត្ត និងតាមបណ្តាប្រាសាទនានាមានភាពបៃតងស្រស់ស្អាត។ កញ្ញាក៏បានសំណូមពរដល់ភ្ញៀវទេសចរ សូមអញ្ជើញមកទស្សនារមណីយដ្ឋានអង្គរ និងត្រូវគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តវិធានការ ៣កុំ ៣ការពារ។
សំឡេង៖មើលតាមហ្វេកប៊ុក ឃើញទេសភាពស្អាតមានអារម្មណ៍ថានឹក ហើយស្ងាត់ល្អទៀត ប្លែកច្រើននៅហ្នឹងស្អាតជាងមុន ដោយសាររដូវនេះជារដូវភ្លៀង រុក្ខជាតិខៀវល្អ ហើយការរៀបចំល្អជាងមុន មានកន្លែងបាញ់ទឹកស្មៅ ធ្វើឱ្យតំបន់នេះកាន់តែស្រស់ ស្រាយជាងមុន ហើយមុននឹងឆ្លងស្ពានមានសួនដែលគេទើបតែរៀបចំស្អាតចាប់ អារម្មណ៍មែនទែន តាំងពីគេមានគម្រោងថ្មីៗ កែប្រែសួនច្បារថ្មី ដើមឈើវាធ្វើឱ្យមានអារម្មណ៍ថាទីនេះត្រៀម ខ្លួនជាស្រេចក្នុងការទទួល ស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិនាថ្ងៃអនាគត។

photo_2021-05-17_14-32-04 (2)
 ចំណែកលោក អឿន សុឡាង អ្នកទេសចរខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រោយពេលសម្រាកពីការងារលោកតែង តែនាំមិត្តភ័ក្រទៅកម្សាន្តនៅប្រាសាទអង្គរ ព្រោះទីនោះបានរៀបចំយ៉ាងស្រស់ស្អាត មិនថាដើមឈើ លម្អដោយផ្កាចម្រុះពណ៌ជាច្រើន។លោកបន្តថានៅពេលដែលបញ្ចប់វិបត្តិនៃជំងឺកូវីដនេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរ នឹងកាន់តែទទួលបានភាពរីករាយ នូវសម្រស់ធម្មជាតិដ៏ស្រស់ បំព្រងដែលអាជ្ញាធរជាតិអប្សរាបានរៀបចំនេះ។
សំឡេង៖ភាពខុសប្លែកសួន ច្បារស្អាតជាងមុន ពីមុនអត់ទាន់មានសួន អាចទាក់ទាញភ្ញៀវទេសចរបានច្រើនជាងមុន ព្រោះអង្គរមានការតុប តែងស្អាត មានដើមឈើ មានសួន ពេលចូលមកដល់អង្គរ ការងារស្មុគស្មាញប៉ុន្មានបាត់អស់។photo_2021-05-17_14-32-04
   សូមជម្រាបផងដែរថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជា សាកលនៃជំងឺកូវីដ១៩ ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានដាក់ចេញវិធានការសម្រាប់មន្ត្រីភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការ ៣កុំ និង៣ ការពារ ឱ្យបានជាប់ជាប្រចាំ។  ចំពោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរមុនពេលចូលទស្សនាប្រាសាទ គឺតម្រូវឱ្យពាក់ម៉ាសលាងសម្អាតដៃជាមួយអាល់ កុល និងស្គេនកម្មវិធីQR Code ដើម្បីចូលរួមតាមដាននិងទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩។ ជាពិសេសមិនឱ្យមានការប្រមូលផ្តុំ និងត្រូវដើរឬក៏ឈរដោយរក្សាគម្លាតឆ្ងាយៗពីគ្នា៕

Comments

Related posts