ការសាងសង់ផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាបសម្រេចបានប្រមាណ៦៤ភាគរយហើយ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី 

ភ្នំពេញ ៖ ការសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបរហូតដល់ពេលនេះ សម្រេចបាន ប្រមាណ៦៤ភាគរយហើយ បើទោះបីក្នុងបរិបទកូវីដ១៩យ៉ាងណាក្តី ក៏ដំណើរការសាងសង់មិនមានការរាំងស្ទះអ្វីឡើយ ។
  ឯកឧត្ដម ស៊ុន ចាន់ថុល ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា  ទោះបីក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ ក៏ក្រុមការងារជំនាញបានសម្រុកការស្ថាបនាផ្លូវទំាង ៣៨ខ្សែនេះឱ្យហើយទៅតាមផែនការ ដើម្បីប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន។

photo_2021-06-29_10-02-19
ឯកឧត្ដមបានបន្តថា គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃនាយក ដ្ឋានវិស្វកម្ម , កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប , កងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប , អគ្គនាយកដ្ឋានសាធារណការ , អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ , នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ , នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ , និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល និងសម្រេចការងារឱ្យបានទាន់ពេលវេលា ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា មកដល់ពេល នេះយើងធ្វើបាន៦៤ភាគរយហើយ ក្នុងនោះការស្ដារផ្លូវរបស់យើងចំពោះលូអង្កាញ់រំដោះទឹកភ្លៀងនិងទឹកកខ្វក់ ធ្វើបាន៩០ភាគរយ។

photo_2021-06-29_09-46-03
 ឯកឧត្តមបន្តថា ចំពោះគម្រោងផ្លូវ៣៨ខ្សែ ធ្វើលូរំដោះទឹកភ្លៀងទឹកកខ្វក់ធ្វើបាន៨៧ភាគរយហើយ ហើយចំពោះបរិក្ខារ ដាក់បង្គោលភ្លើង ដាក់ភ្លើងស្តុប ដាំដើមស្មៅយើងធ្វើបានតែ៤០ភាគ រយទេ ដោយសារតែយើងរង់ចាំផ្លូវធ្វើហើយ ទើបយើងចាប់ផ្ដើមរៀបការ៉ូឡា ដូច្នេះជារួមមកដល់ម៉ោងនេះ យើងធ្វើទាន់ពេលវេលា ហើយសង្ឃឹមចប់សព្វគ្រប់ទៅតាមពេលវេលាកំណត់ផងដែរ។
សូមបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ៕

Comments

Related posts