ការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋចុងក្រោយនេះ នាំឱ្យអ្មកឆ្លងជំងឺកូវីដ-១៩កើនឡើង

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី 

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋបានបង្កឱ្យមានសន្ទុះកើនឡើងនូវការឆ្លងជំងឺកូវីដ-១៩ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលធ្វើឱ្យស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩នៅកម្ពុជាស្ថិតក្នុងខ្សែបន្ទាត់ក្រហម។
 លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខា ភិបាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩  ក្នុងក្របខណ្ឌទូទំាងប្រទេស បានមាន ប្រសាសន៍ថា ក្នុងរយៈពេលចុងក្រោយនេះ  តាមការសង្កេតឃើញថា  មានការកើនឡើងនូវចំនួនអ្នកឆ្លងកូវីដ-១៩គួរឱ្យកត់សម្គាល់  បើទោះបីជាអាជ្ញាធរពាក់ព័ន្ធ នៅតែបន្តការខិតខំប្រឹងប្រែងទប់ស្កាត់ ក៏ដូចជាពន្លឿនយុទ្ធ នាការចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់យ៉ាងណាក្តី។   លោកជំទាវ បានបន្តថា មានកត្តាជាច្រើនដែលបង្កឱ្យមាន ការកើនឡើងបែបនេះ ដែលក្នុងនោះ រួមមាន កត្តាបុគ្គលមួយចំនួន ដែលអនុវត្តន៍វិធានសុខាភិបាលមិនបានត្រឹមត្រូវនិងខ្ជាប់ខ្ជួន , កត្តាប្រមូលផ្តុំសមាជិកក្នុងក្រុមគ្រួសារ ,  កត្តាប្រមូលផ្តុំក្នុងសហគមន៍នៅតាមទីតាំងអាជីវកម្មដែលមានមនុស្សច្រើនកុះករ ,  កត្តានឿយណាយរបស់បុគ្គលក្នុងការអនុវត្តវិធានសុខាភិបាលដោយបានចាត់ទុកថា កូវីដ- ១៩ជាជំងឺធម្មតា ងាយស្រួលព្យាបាល , កត្តាវីរុសកូវីដ-១៩ បំប្លែងថ្មីៗ ដែលមានសមត្ថ ភាពចម្លងលឿនជាដើម ។
 លោកជំទាវ បានបន្ថែមថា កត្តាទាំងអស់នេះហើយ ដែលទាមទារឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់គិតគូរសារជាថ្មីឡើង វិញ ដើម្បីរួមគ្នាកាត់ផ្តាច់ការចម្លងបន្តរបស់មេរោគកូវីដ- ១៩ ខណៈដែលបច្ចុប្បន្ននេះកម្ពុជាកំពុងដែលស្ថិតនៅលើខ្សែបន្ទាត់ក្រហមហើយ ។

photo_2021-07-02_14-36-55
  សំឡេង ៖ « អ្វីដែលជាការព្រួយបារម្ភ ហើយយើងសង្កេតឃើញថា ហេតុអីបានជាករណីឆ្លងកូវីដ១៩នេះចេះ តែមានកំណើនកើនឡើង វាមានកត្តាជាច្រើនដែលចូលរួមចំណែកនៅក្នុងការជំរុញឱ្យការចម្លងនេះ គឺកាន់តែមានសភាពកើនឡើង អ្វីដែលជាការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ គឺជាកត្តាបុគ្គលដែលយើងសង្កេតឃើញហើយថា បុគ្គលភាគច្រើនគាត់មានការយល់ ដឹងអំពីវិធានការនេះ ហើយការអនុវត្តរបស់គាត់ក៏មានភាពល្អប្រសើរ ប៉ុន្តែវាមិនបានគ្រប់ទៅតាម ៣ការពារនិង៣ កុំនៅឡើយទេ អ៊ីចឹងប្រសិន បើយើងធ្វើការវិភាគទៅលើសភាពការណ៍ឬហេតុការណ៍នេះបន្ថែមទៀត យើងឃើញ ថា ការផ្ទុះរាតត្បាតនៃជំងឺកូវី១៩នេះ ភាគច្រើនកើតនៅលើចង្កោមកន្លែងដែលមាន ការប្រមូលផ្ដុំមនុស្សច្រើន ទីតាំងដែលមានការបិទជិតដែលមិនមានខ្យល់អាកាសចេញចូលត្រឹមត្រូវ ហើយជា ពិសេស គឺការប្រាស្រ័យទាក់ ទងរបស់បុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតនេះ » ។
    លោកជំទាវ ឱ វណ្ណឌីន  ក៏ បានអំពាវនាវដល់ប្រជាពល រដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍វិធានសុខាភិបាល  ក៏ដូចជាវិធានការដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ៣កុំនិង៣ការពារ  ឱ្យបានខ្ជាប់ខ្ជួននិងម៉ត់ចត់ជាទីបំផុត ជាពិសេសត្រូវទៅទទួលការចាក់វ៉ាក់សាំងការ ពារជំងឺកូវីដ-១៩  តាមការ ណែនាំឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩នេះ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ៕

Comments

Related posts