មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋកុំមានការព្រួយបារម្ភពីការខ្វះអុកស៊ីហ្សែនសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ធីណា ឌីណេ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភ ពីការខ្វះអុកស៊ីហ្សែន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈដែលបច្នុប្បន្ននេះកម្ពុជាមានឧបករណ៍គ្រប់គ្រាន់ក្នុងការព្យាបាលអ្នកជំងឺ។  
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នក សារព័ត៌មាន ក្នុងពិធីទទួលវ៉ាក់សាំង១លានដូស នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍បដិសេដចំពោះមតិមួយចំនួនដែលនិយាយថា  កម្ពុជាកំពុងខ្វះអុកស៊ីហ្សែនសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩ទើបបណ្តាលឱ្យមានអ្នកស្លាប់ កើនឡើងជាបន្តបន្ទាប់។ 

photo_2021-07-06_16-16-04
លោកជំទាវបានបញ្ជាក់ថា កម្ពុជា ពុំខ្វះអុកស៊ីហ្សែនឡើយ ផ្ទុយទៅវិញកម្ពុជាមានឧបករណ៍គ្រប់គ្រាន់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមមណ្ឌលព្យាបាលរាជធានី-ខេត្តនៅទូទាំងប្រទេស។  ដោយឡែក ចំពោះ ករណីស្លាប់ដោយសារកូវីដ-១៩ បានកើនឡើងនាពេលបច្នុប្បន្ននេះ ដោយសារស្ថានភាពនៃការចម្លងកូវីដ១៩ បានវិវត្តន៍ទៅក្នុងស្ថានភាពមួយគួរឱ្យព្រួញបារម្ភ ហើយទម្រាំតែរកឃើញបុគ្គលណាម្នាក់វិជ្ជមានជំងឺកូវីដ-១៩ គឺស្ថានភាពរបស់ពួកគាត់ធ្ងន់ធ្ងរបាត់ទៅហើយ ដោយសារវីរុសបំប្លែងខ្លួនថ្មីនេះ។  
សំឡេង៖« ចំពោះកម្ពុជា សម្ដេចតេជោដាក់ចេញយុទ្ធសាស្រ្តជាបន្តបន្ទាប់  ដូចនេះយើងអត់ទាន់មានការខ្វះអុកស៊ីហ្សែនទេ ព្រោះរាជរដ្ឋាភិបាលនិងអនុគណៈកម្មការទាំងអស់ ជាពិសេសគណៈប្រចាំការ គណៈប្រតិបត្តិ និងគណៈកម្មការអន្តរក្រសួង កំពុងតែដុតដៃដុតជើង ធ្វើការងារនេះ ប្រយុទ្ធប្រឆាំងនឹងកូវីដទូទាំងប្រទេស គឺឥឡូវនេះទាំងរាជធានីភ្នំពេញនិងទូទាំងបណ្ដាខេត្តដែលមានហានិភ័យខ្ពស់ យើងកំពុងធ្វើការងារនេះហើយ យើងមិនទាន់មានការខ្វះខាតអុកស៊ីហ្សែនទេ។ ហើយយើងកំពុងតែព្យាយាមធ្វើការព្យាបាល ធ្វើការកាត់បន្ថយនូវការឆ្លង ធ្វើការកាត់បន្ថយហានិភ័យ ជាពិសេសការនាំចូលពីព្រំដែនប្រទេសជិតខាងឱ្យបានត្រឹមត្រូវ ដោយអនុគណៈកម្មការបាននិងកំពុងធ្វើកិច្ចការនេះយ៉ាងស្វិតស្វាញបំផុត»។
លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ ទៀតថាស្ថិតក្នុងស្ថានភាពនៃការរីករាល ដាលនៃវីរុសកូវីដ-១៩ រួមទាំងវីរុសបំប្លែងថ្មីផ្សេងទៀត ប្រមុខរាជរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធទាំងអស់ កំពុងតែរួបរួមគ្នាទប់ស្កាត់ការឆ្លង និងអ្នកស្លាប់ដោយ សារជំងឺកូវីដ-១៩ ជាពិសេស បន្ដទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ពីប្រទេសជិតខាង ។ 
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៦,១២២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៤៨,០៤០នាក់ និងស្លាប់សរុបចំនួន៧៧៩នាក់៕

Comments

Related posts