វៀតណាមព្រមានពីហានិភ័យនៃទឹកជំនន់និងការបាក់ដីបន្ទាប់ពីព្យុះចុះខ្សោយ

វិទ្យុជាតិកម្ពុជា : កញ្ញា ខៀវ ណាវីន

អន្តរជាតិ ៖ អាជ្ញាធរវៀតណាមបានព្រមានពីហានិភ័យនៃទឹក ជំនន់និងការបាក់ដីដែលបង្ក ឡើងដោយព្យុះត្រូពិចខុនសុនទោះបីជាប្រព័ន្ធសម្ពាធទាបចុះខ្សោយនៅឆ្នេរសមុទ្រភាគកណ្តាលប្រទេសកាលពីចុងសប្តាហ៍ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកញ្ញា។

   ទីភ្នាក់ងារគ្រប់គ្រងគ្រោះ មហន្តរាយរបស់ប្រទេសនេះបាននិយាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបណ្តាលមកពីព្យុះនេះ បានសម្លាប់មនុស្ស ម្នាក់បំផ្លាញផ្ទះចំនួន ៣១ ខ្នងនិងជន់លិចផ្ទៃដីស្រូវជាង ១,០០០ ហិកតា នៅភាគកណ្តាលប្រទេសវៀតណាម។ 

IMG_20210913_154712_192

កាលពីសប្តាហ៍មុនអាជ្ញាធរបានដាក់ទាហាន ៥០០,០០០ នាក់នៅរង់ចាំផែនការជម្លៀសនិងបានបញ្ជាឱ្យកប៉ាល់បន្តនៅកំពង់ផែនៅ ពេលដែលប្រទេសនេះ បានត្រៀមសម្រាប់ការមកដល់របស់ព្យុះខុនសុន។ ទីភ្នាក់ងារអាកាសធាតុរបស់វៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់ពីក្វាងប៊ិញ (Quang Binh) ទៅក្វាងង៉ៃ (Quang Ngai) និងខនទុំ (Kon Tum) កំពុងប្រឈមមុខនឹងការគំរាមកំ ហែងនៃការរអិលបាក់ដីនិងទឹកជំនន់។ រហូតមកដល់ពេលនេះ គ្មានការខូចខាតណាមួយត្រូវបានគេរាយ ការណ៍ចំពោះចំការកាហ្វេនៅតំបន់ខ្ពង់រាបកណ្តាលដែលជាខ្សែក្រវាត់រីកលូតលាស់ដ៏សំខាន់របស់ប្រទេសនោះទេ។  

IMG_20210913_154717_365

   ប្រទេសវៀតណាមងាយរង គ្រោះដោយសារព្យុះនិងទឹក ជំនន់ដោយសារឆ្នេរសមុទ្រវែង គ្រោះធម្មជាតិ - ទឹកជំនន់និងការរអិលបាក់ដីដែលបង្ក ឡើងដោយព្យុះបានសម្លាប់មនុស្ស ៣៧៩ នាក់និងរបួស ១,០៦០ នាក់ផ្សេងទៀតនៅ ក្នុងប្រទេសកាលពីឆ្នាំមុន។

   ដោយឡែកការិយាល័យព្យុះទីហ្វុងរបស់ហ្វីលីពីនបាននិយាយថា ព្យុះទីហ្វុងចន្ធូដែលនៅចំណុចមួយត្រូវបានចាត់ថ្នាក់ថា ជាព្យុះទី ៥ បានចុះខ្សោយបន្ទាប់ពីវាយប្រហារតំបន់ភាគខាងជើងរបស់ប្រទេសហ្វីលីពីនកាលពីថ្ងៃ សៅរ៍។ អាជ្ញាធរនៅទីក្រុងសៀងហៃ (Shanghai) និងតំបន់ឆ្នេរជិតខាងបានលុប ចោលជើងហោះហើរនិងបានផ្អាកសាលារៀន រថភ្លើងក្រោមដីនិងរថភ្លើង ខណៈដែលព្យុះចន្ធូបានទៅដល់ប្រទេសចិនបន្ទាប់ពីបានជន់លិចកោះតៃ វ៉ាន់ ទោះបីជាបង្កការខូចខាតតិចតួចនៅទីនោះក៏ដោយ ៕

Comments

Related posts