ក្រសួងសុខាភិបាល ណែនាំឱ្យក្រុមគ្រូពេទ្យត្រូវយកវ៉ាក់សំាងទៅចាក់ជូនប្រជាពលរដ្ឋនៅតាមផ្ទះ ក្នុងករណីពួកគាត់ពិបាកធ្វើដំណើរមកទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ 

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បានណែនាំឱ្យក្រុមគ្រូពេទ្យត្រូវយកវ៉ាក់សំាងទៅចាក់ជូនប្រជាពលរដ្ឋនៅតាមផ្ទះ ក្នុងករណីពួកគាត់ពិ បាកធ្វើដំណើរមកទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលរៀប ចំដោយអាជ្ញាធរមូលដ្ឋាន ។ 

      ថ្លែងក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ជុំទី១ ជូនពលរដ្ឋអាយុ ១៨ឆ្នាំឡើង នៅខេត្តកោះកុង នាថ្ងៃទី១៥ ខែកញ្ញានេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបាន ឱ្យដឹងថា បច្ចុប្បន្ននេះដំណើរ ការចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋ មានវឌ្ឍនភាពគួរជាទីមោទន ខណៈដែលខេត្តមួយ ចំនួន បានបិទបញ្ជាប់នូវយុទ្ធ នាការចាក់វ៉ាក់សាំងកូវីដ១៩ តាមគោលដៅចាក់វ៉ាក់សាំង ១០លាននាក់ បានរំកិលខិតជិតគោលដៅដែរ។  

    លោកជំទាវបន្តថា ជាមួយ នឹងការជិតឈានទៅសម្រេចគោលដៅចាក់វ៉ាក់សំាងនេះ ក៏នៅមានសេសសល់ប្រជាពល រដ្ឋមួយចំនួន ដែលមិនទាន់បានចាក់វ៉ាក់សាំង ដូចនេះ គ.វ.ក-១៩ ក៏បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការសម្រង់ស្ថិតិប្រជាពលរដ្ឋរបស់ខ្លួន ដែលបានមកទទួលការចាក់វ៉ាក់សាំង និងអ្នកដែលមិនទាន់មកចាក់វ៉ាក់សាំងឱ្យបានច្បាស់លាស់។ ប៉ុន្តែក្នុង ករណី ដែលប្រជាពលរដ្ឋមួយចំនួន មិនអាចចាក់វ៉ាក់ សាំងបាន ដោយសារស្ថាន ភាព និងសុខភាពរបស់គាត់ដែលមិនអាចធ្វើដំណើរមកវ៉ាក់សាំងបាន ដូចនេះអាជ្ញា ធរត្រូវតែបញ្ជូនក្រុមគ្រូពេទ្យ ឱ្យទៅចាក់ជូនគាត់ដល់ទីតាំង របស់ពួកគាត់តែម្ដង ដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន៍ ក៏ដូចជាឈានទៅបើកដំណើរការឡើងវិញនូវសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ឡើងវិញ។ 

សំឡេង៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានណែនាំរួចមកហើយ សូមឱ្យរដ្ឋបាលខេត្ដទាំងអស់ ធ្វើកិច្ចការនេះដោយយកចិត្ដទុកដាក់ ដើម្បីជំរុញឱ្យបានគ្រប់ទៅតាមគោលដៅរបស់យើងចាក់ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់។ ដែលទាមទារឱ្យយើងចេះបត់បែន ព្រោះបច្ចុប្បន្ននេះយើងមានទីតាំងចាក់វ៉ាក់សាំងចល័តរួចហើយដែរ ក៏ប៉ុន្តែយើងក៏ត្រូវមើលទៅលើស្ថានភាពជាក់ស្ដែង ប្រសិនបើមាន គ្រួសារណា ដែលនៅឆ្ងាយ មិនអាចធ្វើដំណើរមកចាក់វ៉ាក់សាំងបាន យើងត្រូវតែបញ្ជូនក្រុមគ្រូពេទ្យ ដើម្បីឱ្យទៅចាក់វ៉ាក់សំាងការពារជំងឺកូវីដ១៩ ដល់ទីតាំងរបស់ប្រជាពលរដ្ឋយើងតែម្ដង ។អ៊ីចឹងសុំឱ្យមានភាពច្បាស់ លាស់ទាំងអស់គ្នា ព្រោះដំណើរការជិតបញ្ចប់នូវគោលដៅរបស់យើង។ ដូចនេះ យើងត្រូវតែរត់ ប្រណាំងដើម្បីឱ្យដល់គោលដៅ ព្រោះប្រសិនបើយើងមិនរិះរកគ្រប់មធ្យោបាយទាំងអស់គឺមិនអាចបញ្ជាក់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ទៅតាមគោលដៅដែលបានកំណត់របស់យើងទេ »។

   ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានឱ្យដឹងដែរថា រដ្ឋបាលខេត្តកោះកុង បានអនុវត្តផែនការជាជំហានៗ ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងមក ដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន ៨៧,៥៣៦ស្មើនឹង ៩៦,១៧% ធៀបនឹងផែនការគោលដៅ។ ដោយឡែកសម្រាប់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១៣,៥៧៣ នាក់ ស្មើនឹង ៩២,០៥% ធៀបនឹងផែនការគោលដៅ។ 

     លោកជំទាវអភិបាលខេត្តបញ្ជាក់ថា ចាក់វ៉ាក់សាំងគឺជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ៗ ដែលរដ្ឋបាលខេត្ត បានអនុវត្តយ៉ាងសកម្ម តាមគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដែលបានដាក់ ចេញនូវ «ផែនការយុទ្ធសាស្រ្តជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គមនៅកម្ពុជាក្នុងឆ្នាំ២០២១» ដោយអនុវត្តតាមអភិក្រម «ផ្ការីក»៕IMG_20210915_160105

Comments

Related posts