កសិករខេត្តត្បូងឃ្មុំ គ្រោងកែប្រែដីចម្ការឲ្យក្លាយ​ជាដីមាន​​ផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាព

 

 

វិទ្យុជាតិកម្ពុជា៖ហាន់ ស្រីណា 

 

ត្បូងឃ្មុំ ៖ កសិករភាគច្រើនក្នុងខេត្តត្បូងឃ្មុំ គ្រោងកែប្រែដីចម្ការឲ្យក្លាយជាដីមានផ្ទះសំណាញ់វិញ សម្រាប់ដាំបន្លែសុវត្ថិភាព ខណៈដែលការប្រមូលផលបានចំនួន២ដង ជោគជ័យទាំងបរិមាណ និងគុណភាព ពិសេសអតិថិជនបញ្ជាទិញច្រើន។

 

លោក ទី គា ជាកសិកររស់នៅភូមិសុក្រំជ្រំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា ការដាំបន្លែក្នុងផ្ទះសំណាញ់ លោកទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ពីមន្ទីរកសិកម្មខេត្ត ទាំងរបៀបដំឡើងផ្ទះសំណាញ់ របៀបដាំដុះជាលើកដំបូង របៀបស្រោច និងការ ត ប្រព័ន្ធទុយោស្រោចស្រពដោយសន្សំសំចៃ ទឹក របៀបថែទាំ ធ្វើយ៉ាងណាឱ្យបន្លែទាំងនោះ ដាំប្រកបដោយ សុវត្ថិភាព ទទួលបានផលល្អ ស្របតាមស្តង់ដារទីផ្សារ មិនមានសារជាតិគីមី ដែលប៉ះពាល់ដល់អ្នកបរិភោគ។ លោកបន្តថា បច្ចុប្បន្ននេះ បន្លែសរីរាង្គក្នុងរោងសំណាញ់របស់លោក មានស្ពៃក្រញាញ់ និងខាត់ណាដើម ដែលបន្លែទាំងពីរប្រភេទនេះ ដាំលើផ្ទៃដី១០ម៉ែត្រគុណ នឹង៣៦ម៉ែត្រ ប្រមូលផលម្តងបាន ចាប់ពី៣០០គីឡូក្រាមទៅ៤០០គីឡូក្រាម ។ លោកបន្ថែមថា ទៅថ្ងៃអនាគត លោកមានគម្រោងចង់ពង្រីកផ្ទៃដីចម្ការចំនួនជាង៨០អា ឲ្យក្លាយជាដីដែលមានរោងសំណាញ់ សម្រាប់ដាំបន្លែសរីរាង្គកាន់តែច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។

សំឡេង:«ខ្ញុំចង់បង្កើនរហូត នៅក្រៅផ្ទះសំណាញ់នៅឯចម្ការខ្ញុំមានដីរហូតដល់៨០អា ខ្ញុំដាំត្រសក់ស្រូវនិងសណ្តែកកួរ ខ្ញុំចង់ពង្រីករោងសំណាញ់ដាំបន្លែសុវត្ថិភាពនេះនៅដីចម្ការនៅវាល ព្រោះឡូវនេះផ្ទះសំណាញ់ខ្ញុំមានតែនៅផ្ទះ ថ្ងៃក្រោយចង់ពង្រីកនៅចម្ការតែម្តង»។

លោកបញ្ជាក់ថា ការដាំបន្លែនៅក្នុងផ្ទះសំណាញ់មានភាពងាយស្រួលដាំ សន្សំសំចៃទឹក កាត់បន្ថយកម្លាំងពលកម្ម និងទប់ស្កាត់បាននូវសត្វចង្រៃគ្រប់ប្រភេទ ពិសេសអាចដាំបានគ្រប់រដូវកាល ៕IMG_20210918_124157_689

Comments

Related posts