អភិបាលខេត្តមណ្ឌលគិរី បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ីផុន ហ៊ុងគ្រី

      មណ្ឌលគិរី ៖ នៅសាលាបឋមសិក្សាហ៊ុនសែន សែនមនោរម្យ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារ ពីជំងឺកាចសាហាវ កូវីដ-១៩ និងការបើកឲ្យដំណើរការសាលារៀនឡើងវិញ។ 

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ រួមទាំងកុមារផងដែរ ដើម្បីឲ្យសិស្សានុសិស្សបានចូលរៀន ដោយគ្មានការភ័យខ្លាច ព្រោះកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់យុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ហើយពេលនេះ បន្តចាក់វ៉ាក់សាំងដល់កុមារ អាយុចន្លោះពី៦ឆ្នាំ ទៅ ១២ឆ្នាំ ដែលតម្រូវសម្រាប់សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ហើយកំពុង ត្រៀមសម្រាប់កុមារនៅមត្តេយ្យសិក្សាក្នុងរង្វង់អាយុ៣ឆ្នាំ ទៅ ៦ឆ្នាំវិញ ដែលនេះចាត់ទុកជាជំហានបន្ទាប់មួយទៀត។ 

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ កោតសរសើរចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឲ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ ការចម្លង រីករាលដាលនៃជំងឺកូវីដ-១៩ ។ 

 ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំង ការពាររួចរាល់ហើយក្តី ក៏កុំភ្លេចខ្លួននិងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។ IMG_20210918_205047_467

ឳពុកម្តាយ និងអាណាព្យាបាល ដែលនាំកូនចៅមកទទួលវ៉ាក់សាំង បានសម្តែងអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់រាជរដ្ឋាបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង និងការតម្កល់ខ្ពស់ នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ដោយស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់ជូនពលរដ្ឋបានគ្រប់ៗគ្នា ដោយមិនគិតថ្លៃ។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំនេះ គឺចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ តទៅ នៅតាមទីតាំងដែលអាជ្ញាធរក្រុង/ស្រុក បានកំណត់ជូន៕IMG_20210918_205111_762

Comments

Related posts