សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម និង អភិបាលខេត្តមួយ បំភ្លឺចំពោះការហាមឃាត់ពលរដ្ឋ មិនឱ្យសម្លាប់សត្វពពែយកសាច់ទទួលទាន 

 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ

          ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអភិបាល ខេត្តមួយ ធ្វើការស្រាវជ្រាវ និងបំភ្លឺចំពោះការហាមឃាត់ពលរដ្ឋ មិនឱ្យសម្លាប់សត្វពពែយកសាច់ទទួលទាន ក្រោយមានអាជ្ញាធរមួយក្រុមបានរឹបអូស សាច់ពពែរបស់ប្រជាពលរដ្ឋ ដោយចោទថា ការកាប់សាច់ពពែលក់គឺជារឿងខុសច្បាប់ ខណៈដែលកម្ពុជាពុំមាន ច្បាប់ណាហាមមិនឱ្យ ពលរដ្ឋចិញ្ចឹមពពែ និងកាប់សាច់លក់នោះទេ។

យោងតាមផេក ហ្វេកប៊ុករបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៨ ខែកញ្ញានេះ បានបង្ហោះ វីដេអូដោយមានមន្រ្តីកសិកម្មមួយក្រុម បានចុះរឹបអូសយកសាច់សត្វពពែ ដែលប្រជាពលរដ្ឋសម្លាប់ ដោយចោទថា ការកាប់សាច់ពពែលក់ គឺជារឿងខុសច្បាប់ ដូចនេះសម្តេចតេជោបានសួរថា មន្ត្រីយើងធ្វើ ដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជន មិនឱ្យសម្លាប់ ពពែយកសាច់ ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជន បែបនេះ?

សម្តេចតេជោបន្តថា យើងលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់តាំងពិព័រណ៍ទេ គឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វ គ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។សម្តេចបន្ថែមថាសម្តេចមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។  

ហេតុដូចនេះ សម្តេចតេជោ«សុំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងអភិបាលខេត្ត ស្រាវជ្រាវហើយចូលមកបំភ្លឺ ឱ្យសម្ដេចតាមហ្វេសប៊ុកនេះ ដើម្បីឱ្យ ប្រជជនបានដឹងជាទូទៅ។ ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រឡាញ់ របស់ខ្ញុំ»។

ក្នុងនោះដែរ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទ បានខមិន បញ្ជាក់ទៅសម្តេចតេជោថា ក្នុងនាមក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនសម្តេច តេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ការចិញ្ចឹមសត្វ និងការសម្លាប់ សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសអ្វីដែរ លើកលែងតែការ សម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែ ប៉ុណ្ណោះ។ ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើនេះ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើកិច្ចការ នេះផ្ទាល់ នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោ បានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម ដោយក្តីគោរពដ៏ខ្ពង់ខ្ពង់បំផុតពីខ្ញុំបាទ៕IMG_20210917_182347_146-1

Comments

Related posts