ឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញការរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ដែលគ្រោងធ្វើខែធ្នូត្រូវឱ្យបានល្អច្បាស់លាស់

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូក ក្តោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ បានដឹកនាំកិច្ច ប្រជុំក្រុមការងារជំនាញ ដើម្បីជំរុញឱ្យការទទួលធ្វើម្ចាស់ផ្ទះនៅខេត្តព្រះសីហនុនាថ្ងៃទី ១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ បានប្រព្រឹត្តទៅ ដោយទទួលបានជោគជ័យ។

photo_2021-10-14_11-39-10
    ឯកឧត្តម វ៉ាត់ ចំរើន អគ្គ លេខាធិការ CAMSOC និងជាអនុប្រធានអចិន្រ្តៃយ៍គណៈ កម្មការទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា គោលដៅចម្បងនៃការទទួលធ្វើម្ចាស់ផ្ទះ ទូកក្តោង ចុងឆ្នាំ ២០២១នេះ គឺដើម្បីឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាកិត្តិយសរបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិនេះផងដែរ។ 
    តាមគោលការណ៍សម្ដេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធាន CAMSOC បានដាក់គោល ដៅនៃការរៀបចំប្រកួតកីឡាទូកក្ដោងអន្តរជាតិនៅអាស៊ីអាគ្នេយ៍នេះ ជាចលនា ឬក៏ជាព្រឹតិ្តការណ៍មួយ ដើម្បីបំផុសដំណើរការឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លើគោលការណ៍នេះ គណៈកម្ម ការរៀបចំការប្រកួត ត្រូវរៀបចំឱ្យកាន់តែច្បាស់លាស់ នូវតួ នាទី ភារកិច្ចនៃគណៈកម្មការជំនាញនីមួយៗ។

photo_2021-10-14_11-39-10 (2)
  តាមគម្រោង ព្រឹត្តិការណ៍នេះ នឹងមានប្រតិភូ កីឡាករ មន្ត្រីបច្ចេកទេសអន្តរជាតិប្រមាណ ១៥០នាក់ ដែលចំនួននេះ យើងមានលទ្ធភាព ក្នុងការ គ្រប់គ្រងបានល្អ ទាំងការរៀប ចំបដិសណ្ឋារកិច្ច ដែលផ្តោតលើការស្នាក់នៅហូបចុកយ៉ាងល្អ ដើម្បីជាកិត្តិយសជាតិនិងជាការសាកល្បងរបស់យើង។ 

photo_2021-10-14_11-39-12
  សូមបញ្ជាក់ថា គណៈកម្មការរៀបចំការប្រកួតកីឡាទូក ក្តោងអាស៊ីអាគ្នេយ៍បានរៀបចំ ផែនការការងារ និងអ្នកទទួលខុសត្រូវលើផ្នែកជំនាញនីមួយៗ ដោយនឹងបន្តបើកកិច្ចប្រជុំជារៀងរាល់ដើមសប្តាហ៍បន្តទៀត ដើម្បីសម្រួចគោលដៅនៃការរៀបចំនេះ ឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានោះ សហព័ន្ធកីឡាទូកក្តោងសិង្ហបុរីបានជួយរៀបចំលើផ្នែកបច្ចេកទេសជូនដល់ម្ចាស់ ផ្ទះកម្ពុជា សម្រាប់ទីតាំងប្រកួតលើលំហសមុទ្រដែលព្រឹត្តិការណ៍នេះ គឺស្របតាមគោលដៅយុទ្ធសាស្ត្រឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិ សាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕

Comments

Related posts