អ្នកបាត់កាតចាក់វ៉ាក់សំាងកូវីដ១៩ ដូសទី១ឬដូសទី២ ក៏អាចទៅចាក់វ៉ាក់សាំងដូសជំរុញបានដែរនៅទីតាំងដែលធ្លាប់បានចាក់នាពេលកន្លងមក

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាលបញ្ជាក់ថា អ្នកបាត់កាតចាក់វ៉ាក់សំាងកូវីដ ១៩ ដូសទី១ឬដូសទី២ ក៏អាចទៅចាក់វ៉ាក់សាំងដូសជំរុញបានដែរ នៅក្នុងទីតាំងដែលធ្លាប់បានចាក់នាពេលកន្លងមក ព្រោះគ.វ.ក.១៩ មានប្រព័ន្ធអេឡិចត្រូចនិចគ្រប់គ្រងទិន្នន័យអ្នកដែលបានចាក់វ៉ាក់សំាងកូវីដ១៩ ។
photo_2021-10-14_10-00-35
   ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវ ឱ វណ្ណឌីន រដ្ឋ លេខាធិការក្រសួងសុខាភិ បាលបានឱ្យដឹងថា កន្លងទៅមានប្រជាពលរដ្ឋមួយចំនួនបានបាត់កាតចាក់វ៉ាក់សាំង  ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏ក្រសួងមិនឱ្យក្លាយទៅជារបាំងសម្រាប់ពលរដ្ឋក្នុងការចាក់វ៉ាក់សាំងដូសជំរុញនោះទេ។  លោកជំទាវបាន ស្នើឱ្យប្រជាពលរដ្ឋ ដែលបានបាត់កាតចាក់វ់ាក់សំាងកូវីដ១៩  អាចទៅចាក់វ៉ាកសាំងបាននៅទីតាំង ដែលបានចាក់ដូសទី១ ឬដូសទី២  ព្រោះ គ.វ.ក.១៩ មានប្រព័ន្ធអេឡិចត្រូចនិចគ្រប់គ្រង ទិន្នន័យអ្នកដែលបានចាក់វ៉ាក់ សំាងកូវីដ១៩។    ប៉ុន្តែទោះជាយ៉ាងណា លោក ជំទាវ សំណូមពរដល់ប្រជា ពលរដ្ឋទាំងអស់ ត្រូវមានភាពស្មោះត្រង់ ក្នុងការប្រាប់មន្រ្តីសុខាភិបាល ថាខ្លួនបាត់កាតចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈមានពលរដ្ឋមួយចំនួនមិន បានចាក់វ៉ាក់សាំងទេ ប៉ុន្តែទៅសុំកាតចាក់វ៉ាក់សាំងដោយប្រាប់ថាខ្លួនបាត់កាត។ 
សំឡេង៖ «អ៊ីចឹងប្រសិនបើបងប្អូនដល់វេនចាក់បានគ្រប់ ២ដូសរួចហើយ សុំអញ្ជើញទៅកន្លែងដែលត្រូវចាក់ ហើយនៅទីនោះក្រុមគ្រូពេទ្យលោកនឹងឆែកមើលតាមប្រព័ន្ធ ប្រសិនបើគាត់ចាក់ពិតមែន គឺយើងឆែកប្រព័ន្ធទៅគេឃើញហើយ ហើយប្រសិនបើឆែកប្រព័ន្ធទៅឃើញថាគាត់បានចាក់ដូស ទី១ថ្ងៃនេះ ដូសទី២ថ្ងៃនោះ អ៊ីចឹងត្រូវថ្ងៃដល់គាត់ចាក់ដូសទី៣ហើយ អ៊ីចឹងក្រុមគ្រូ ពេទ្យលោកអាចចាក់ជូនបាន ហើយនៅពេលនោះគេអាចធ្វើកាតថ្មីជូនគាត់បានផងដែរ ព្រោះយើងមានការនៅទីនោះស្រាប់ នេះគឺសម្រាប់តែអ្នកបានត្រឹមត្រូវ ហើយគាត់មាន នៅក្នុងប្រព័ន្ធអីត្រឹមត្រូវ ប៉ុន្តែប្រសិនបើការបាត់នេះក៏ត្រូវតែមានមូលហេតុឱ្យបានច្បាស់ លាស់ផងដែរ ដើម្បីជម្រាបទៅក្រុមគ្រូពេទ្យផងដែរ មិនមែនចេះតែទៅ ឧទាហរណ៍ថា អ្នកខ្លះខ្ជិលទៅផ្ទះទៅយកកាត ហើយប្រាប់គេថាបាត់កាត អ៊ីចឹងសុំចាក់   ដល់ពេលចាក់ទៅបានកាតមួយទៀត  អ៊ីចឹងយើងត្រូវតែមានការប្រុង ប្រយ័ត្ននិងមានភាពស្មោះត្រង់ ទាំងអស់គ្នា» ។
     លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ថា ទោះបីជាបុគ្គលណាក៏ដោយ ត្រូវតែដឹងថាការចាក់វ៉ាក់សំាងនេះគឺសម្តេចតេជោនាយករដ្ឋមន្រ្តី លោកឱ្យចាក់ដោយមិនតម្រូវឱ្យបង់ប្រាក់នោះទេ។ ដូច្នេះប្រសិនបើក្នុងករណីដែលពល រដ្ឋបាត់កាតចាក់វ៉ាក់សំាងពិត ប្រាកដ អាចធ្វើការទំនាក់ ទំនងទៅកាន់លេខទូរស័ព្ទចំនួន៩ខ្សែ របស់គ.វ.ក១៩ ដើម្បីជួយសម្របសម្រួលក្នុងការចាក់វ៉ាក់សំាងបង្ការកូវី១៩ និងទទូលបានកាតថ្មីផងដែរ។
  គួរបញ្ជាក់ដែរថា រដ្ឋបាលរាជ ធានីភ្នំពេញ បានធ្វើការណែនាំបន្ថែម ដល់បងប្អូនប្រជាពល រដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថាន សិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជន ទាំងអស់ ត្រូវមានកាតព្វកិច្ច បង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាក់សាំង បង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំង អាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយជំងឺកូវីដ- ១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញ លើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ៕

Comments

Related posts