សាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានតេជោសែន សាធារណការ សហការគ្នាលើផ្នែកបណ្តុះបណ្តាលជំនាញដល់សិស្ស និស្សិត

វិទ្យុជាតិកម្ពុជា ៖ លោក វ៉ាង ភក្តី
ភ្នំពេញ ៖ សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួង សាធារណការ និងដឹកជញ្ជូន  បានឯកភាពលើការគាំទ្រគ្នាទៅវិញលើផ្នែកបណ្តុះបណ្តាលជំនាញដល់សិស្ស និស្សិត ដែលរៀនផ្នែកបច្ចេកទេសនានា។
     តាមរយៈអនុស្សរណៈយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខាដោយតំណាងអង្គភាពទាំងពីរនៅថ្ងៃទី២០ ខែតុលានេះ បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាលើគោលការណ៍ ដូចជា៖ ផ្លាស់ប្តូរសិស្ស និស្សិត កម្មសិក្សាការី មន្រ្តី សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក, អនុវត្តគម្រោងសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា, ការចូលរួម និងរៀបចំសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍នានា, ផ្លាស់ប្តូរព័ត៌មាន និងសម្ភារបរិក្ខារផ្នែកសិក្សាអប់រំផ្សេងៗ សហការបណ្តុះបណ្តាលរួមគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសិក្សាអប់រំផ្សេងទៀតតាមការឯកភាពគ្នា។

photo_2021-10-20_16-06-06
   ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល សង្ឃឹមថា កិច្ចសហការនេះ នឹងអាចផ្តល់ជាប្រយោជន៍ដល់មន្ត្រីរាជការដែលបម្រើការងារនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក៏ដូចជាវិស័យផ្សេងៗទៀត។
ចំណែក លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗ ខណៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកវិសាលភាព ផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងកម្រិតមធ្យមបច្ចេកទេស ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា លើជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
គួរបញ្ជាក់ថា បច្ចុប្បន្ន និស្សិតជំនាន់ទី១ របស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចំនួន ១៩១នាក់ បាននិងកំពុងសិក្សាតាមប្រព័ន្ធអនឡាញ លើជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ ចំនួន៣រួមមាន៖ ទី១ ដេប៉ាតឺម៉ង់សំណង់សាធារណការ៖ លើជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ទី២ ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម៖ លើជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, និងទី៣ ដេប៉ាតឺម៉ង់នាវាចរណ៍៖ លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា៕

photo_2021-10-20_16-06-07

Comments

Related posts