មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា លើកទី១២ 

 

 

វិទ្យុជាតិកម្ពុជា ៖  មន្ទីរព័ត៌មានខេត្តប៉ៃលិន

 

ប៉ៃលិន៖ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានប្រារព្ធទិវាជាតិ លើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា លើកទី១២ សម្រាប់ឆ្នាំ២០២១ ក្រោមប្រធានបទ «គុណតម្លៃនៃការអនុវត្តន៍អនាម័យនិងការសំអាត»។ ទិវា នេះបានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា ស ខេងអូរតាវ៉ៅ ក្រោមអធិបតីភាព លោកហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន  អនុប្រធានមន្ទីរ ស្ថាប័នជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ ។

បន្ទាប់ពីអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចមក លោក ហែម ឬទ្ធី  អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍សំណេះសំណាលជាមួយសិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋដោយបានលើកឡើងថា៖ ការរៀបចំប្រារព្ធទិវាអនាម័យជនបទនាពេលនេះ ក្នុងគោលបំណងបន្តជំរុញ និងផ្សព្វផ្សាយ បំផុសការយល់ដឹងបន្ថែម ទៀត ពីសារ:សំខាន់នៃការធ្វើអនាម័យក្នុងរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលជាមូលដ្ឋានសំខាន់មួយ នៃការលើកកម្ពស់សុខុមាលភាព និងសេដ្ឋកិច្ចគ្រួសារ។ 

លោកអភិបាលរងខេត្ត មានប្រសាសន៍បន្តថា៖  ការរស់នៅដោយមានអនាម័យ គឺជាកត្តាចាំបាច់សម្រាប់មនុស្សគ្រប់រូប ដើម្បីសុខភាពល្អ ចៀសផុតពីជំងឺតម្កាត់ផ្សេងៗ។         ក្បួនអនាម័យទាំងនោះ រួមមាន៖ ការហូបស្អាត ពិសាទឹកឆ្អិន ការលាងសម្អាតដៃនឹងសាប៊ូ ការ បន្ទោរបង់ក្នុងបង្គន់អនាម័យ ការ សម្អាតបរិស្ថានជុំវិញផ្ទះ ការសម្រាកក្នុងមុងជាដើម។        លោក ហែម ឬទ្ធី  អភិបាលរង ខេត្ត ក៏បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធនានា ជាពិសេសមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ បំផុសការយល់ដឹង អំពីអនាម័យជនបទ ជាពិសេសនៅតំបន់ទីជនបទដាច់ស្រយាល។ 

នៅក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវថែរក្សាសុខភាពឱ្យបានល្អ ព្រោះរដូវរងាចាប់ផ្តើមមកដល់ជាបណ្តើរៗហើយ  ជាពិសេសត្រូវអនុវត្តនូវវិធានការ ៣កុំ ៣ការពារទាំងអស់គ្នាដើម្បីចៀសផុតពីជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានដឹងថា ផែនការយុទ្ធសាស្ត្រជាតិស្តីពី វិស័យសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដំណាក់កាលទី១ ឆ្នាំ២០១៤-២០១៨ បានកំណត់គោលដៅ៦០%  និងផែនការ    សកម្មភាពជាតិ និងខេត្តដំណាក់កាលទី២ ឆ្នាំ២០១៩-២០២៣ បានកំណត់គោលដៅ៩០% ។ ដោយឡែកខេត្តប៉ៃលិន គិតមកដល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋចំនួន ១២,០៦៣ខ្នងផ្ទះ មានបង្គន់អនាម័យប្រើប្រាស់ស្មើ ៧៥.៤% បើធៀបនឹងឆ្នាំ២០២០ កើនឡើង បានចំនួន៤៦៩ខ្នងផ្ទះ ស្មើ ២.៤%៕IMG_20211130_181609_798IMG_20211130_181612_248IMG_20211130_181618_505IMG_20211130_181621_739IMG_20211130_181628_783

IMG_20211130_181631_204

 

Comments

Related posts