លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរា របស់លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន 

 

 

វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន

 

ប៉ៃលិន៖ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សៅ សារ៉ាត់ និងឯកឧត្តម ហុក សុផល ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន បានដឹកនាំ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និង ក្រុមការងារមូលនិធិ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកតា លោកយាយចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ ។

ឯកឧត្តម សៅ សារ៉ាត់ បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិ ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលឯកឧត្តម និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។ 

ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា៖ មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយដល់លោកយាយ លោកតា ចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរ ដើម្បី ចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកម្ពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្ខពួក និង និន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ មានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឱ្យប្រព្រឹត្តិតែអំពើល្អ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សៅ សារ៉ាត់ ក៏បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ និងការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មី (អូមីក្រុង) ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការ ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ និង ៣កុំ។

សូមបញ្ជាក់ថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្ដល់ជូនលោកយាយលោកតានៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តប៉ៃលិន, ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល៕IMG_20220106_102231_129IMG_20220106_102241_803IMG_20220106_102222_764IMG_20220106_102224_424

Comments

Related posts