ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាពោរពេញដោយសន្តិភាព

 

                 វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១០.០១.២០២២

                                 MC . ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាពោរពេញដោយសន្តិភាពពេញលេញ ដូច្នេះហើយត្រូវ បន្តរួមគ្នារក្សាការពារសុខសន្តិភាពនេះឱ្យបានគង់វង្សយូរអង្វែង ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់សង្រ្គាមបានយ៉ាង ជោគជ័យរួចហើយនោះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញគោលដៅ២សំខាន់ ដែលទី១ គឺប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យក្លាយទៅជាទីផ្សារ ឬឱ្យក្លាយទៅជាតំបន់នៃការអភិវឌ្ឍន៍ និងទី២ ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព និង សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ដូច្នេះមកដល់បច្ចុប្បន្ន គោលដៅទាំងពីរនេះ អនុវត្តបានច្រើនគួរឱ្យកត់សម្គាល់ ហើយក្នុងនោះ ប្រែក្លាយតំបន់ អតីតសមរភូមិឱ្យទៅជាតំបន់ទីផ្សារនិងជាតំបន់អភិវឌ្ឍន៍ មកដល់ពេលនេះសម្រេចបានលើស៩០ភាគរយហើយ នៅសេសសល់តែចំណុចមួយ ចំនួនប៉ុណ្ណោះ គឺគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងខេត្តមួយចំនួន ។ 

សម្តេចតេជោ បានឱ្យដឹងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។

សម្តេច តេជោ មានប្រសាសន៍បន្តថា កម្ពុជាបានខិតខំដាក់ចេញនូវគោលនយោបាយប្រែក្លាយពីតំបន់អតីតសមរភូមិ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ ទៅជាទីផ្សារ ទៅជាកន្លែងដាំដុះ ទៅជាកន្លែងផលិតកម្ម កន្លែងទេសចរណ៍ ហើយនិងសម្រេចបានជោគជ័យពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជាមួយ ប្រទេសជិតខាង ដោយខិតខំធ្វើកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ដែលកាលពីដើមឡើយ ប្រជាជនតែងតែមានការភ័យខ្លាចនូវការប្រយុទ្ធគ្នា រវាងប្រទេសជិតខាង តែឥឡូវនេះបានក្លាយទៅជាតំបន់នៃការដោះដូរទំនិញយ៉ាងមមាញឹកទៅវិញ ដែលទាំងនេះគឺកើតចេញសន្តិភាព ។

សម្ដេចបញ្ជាក់ថា ៖ « ប៉ុន្តែឥឡូវនេះប្រទេសយើងគ្របដណ្ដប់ទៅដោយសន្តិភាពពេញលេញ ពីដើមប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលមាន តំបន់ត្រួតត្រាច្រើន ប៉ុន្តែឥឡូវយើងក្លាយទៅជាប្រទេសមួយដែលមានតំបន់ត្រួតត្រាមួយ នោះហើយជាឱកាសដែលផ្ដល់ឱ្យយើង អភិវឌ្ឍសេដ្ឋកិច្ច-សង្គម កសាងហេដ្ឋារចនាសម្ព័ន្ធ ឥឡូវនេះបើនិយាយពីក្នុងខេត្តបាត់ដំបងពោរពេញទៅដោយផ្លូវចាក់កៅស៊ូ ហើយសម្បូរជាងគេ គឺខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ គឺសម្បូរផ្លូវចាក់កៅស៊ូណាស់ ដែលនេះហើយជាសមិទ្ធផលនៃសន្តិភាពដែលយើងរកបានដោយពិបាក ហើយត្រូវខិតខំការពារសន្តិភាពនេះ ហើយបើការពារសន្តិភាពមិនបានទេ មនុស្សនឹងស្លាប់ របួស ពិការ វាកើតទៅជារឿងបែបនេះ ការឈឺចាប់ របស់យើងល្មមគ្រប់គ្រាន់ មេរៀនរបស់យើងក៏គ្រប់គ្រាន់ហើយដែរ ដែលយើងត្រូវតែខិតខំការពាររក្សាសន្តិភាពនេះឱ្យបាន » ៕IMG_20220111_104154_138

Comments

Related posts