ក្រសួងសាធារណការ និងដឹកជញ្ជូនឈរតំណែងកំពូល នៃការប្រកួតហែលទឹកជើងឯកជាតិ

 

            វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ០១ ២០២២

                       ភ្នំពេញ៖ ការប្រកួតហែលទឹកជើងឯកជាតិឆ្នាំ២០២១ ដែលចាប់ផ្ដើមពីថ្ងៃទី៨មករាមកនោះ បានបញ្ចប់ជាស្ថាពរ ដោយក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនគ្រងតំណែងជើងឯកកំពូល ។ 

ក្លិបនេះដណ្តើមបានមេដាយច្រើនជាងគេ គឺមានចំនួនសរុប២៦គ្រឿង ដែលក្នុងនោះមានមេដាយមាស១២គ្រឿង ប្រាក់៧គ្រឿង និង សំរិទ្ធ៧គ្រឿង ។

ក្លឹបហែលទឹកក្រសួងមហាផ្ទៃដែលឈរនៅលំដាប់លេខ២នោះ ដណ្តើមបានមេដាយ១៣គ្រឿង រួមមានមេដាយមាស៥គ្រឿង ប្រាក់៦គ្រឿង និង សំរិទ្ធ២គ្រឿង ក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឈរនៅលំដាប់ដ្នាក់លេខ៣ គឺដណ្តើមបានមេដាយ១៣គ្រឿង រួមមានមេដាយមាស ២គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៧គ្រឿង ។ 

ក្លឹបហែលទឹកក្រសួងព័ត៌មានទទួលបានមេដាយប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង ក្លឹបហែលទឹកព្រឹទ្ធាចារ្យហែមថុន ដណ្តើមបានមេដាយ សំរិទ្ធ១គ្រឿង និងក្លឹបហែលទឹកនាគរាជខេត្តកំពង់ចាម ដណ្តើមបានមេដាយសំរិទ្ធ១គ្រឿង។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឱ្យដឹងថា ការប្រកួតមានក្រុមកីឡាករ-កីឡាការិនី និងគណៈប្រតិភូ គ្រូបង្វឹកចូលរួម១២៣នាក់ ក្នុងនោះកីឡាករចំនួន ៧៤នាក់ កីឡាការិនី ៣៨ និងគ្រូបង្វឹក១១នាក់ មកពី៦ក្លឹប រួមមានក្លឹបហែលទឹកក្រសួង សាធារណការ និងដឹកជញ្ជូន ក្លឹបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លឹបហែលទឹកក្រសួងមហាផ្ទៃ ក្លឹបហែលទឹកក្រសួងព័ត៌មាន ក្លឹបហែលទឹកនាគរាជខេត្តកំពង់ចាម និងក្លឹបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ។

ការប្រកួតជើងឯកឆ្នាំនេះ យើងធ្វើឡើងមណ្ឌលកីឡាហែលទឹកបាត់ដំបង ដើម្បីផ្សព្វផ្សាយឱ្យប្រជាជននិងសិស្សានុសិស្សខេត្តបាត់ដំបង បានជ្រាបពីប្រភេទកីឡាហែលទឹក និងបង្កើនធនធានមនុស្សសម្រាប់ខេត្តមួយនេះ។

លោកបន្តថាដោយមានការសហការរវាងសហព័ន្ធខ្មែរកីឡាហែលទឹកនិងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា ក្នុងនោះយើងក៏ធ្វើការ ប្រកួតកីឡាជនពិការជើងឯកថ្នាក់ជាតិ ២០២២ ដើម្បីជ្រើសរើសពួកគាត់ចូលរួមជាមួយក្រុមជម្រើសជាតិ២០២២របស់ក្រសួងអប់រំ យុវជន និងកីឡាទៀតផង ៕IMG_20220111_132559_751IMG_20220111_132602_631

Comments

Related posts