រដ្ឋបាលខេត្តសៀមរាបគ្រោងរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ

 

 

វិទ្យុជាតិកម្ពុជា លោកអេង យូ 

ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២

 

MC.រដ្ឋបាលខេត្តសៀមរាបគ្រោងរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនទៅតាមរដូវកាល ជាពិសេសព្រឹត្តិការណ៏ សង្រ្កាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តកាន់តែច្រើនឡើងវិញ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្ត ឱ្យបានកាន់តែច្រើន ស្របនឹងការបើកដំណើរការចរន្តសេដ្ឋកិច្ចឡើងវិញនោះ កន្លងមកខេត្តសៀមរាប បានរៀបចំកម្មវិធី និងព្រឹត្តិការណ៍ជាច្រើនមកហើយ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់អ្នកទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាការចូលរួមចំណែកស្តារស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឱ្យងើបឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩បានស្រាកស្រាន្ត។

ឯកឧត្តមបន្តទៀតថា រដ្ឋបាលខេត្តសៀមរាប មានផែនការរៀបចំកម្មវិធី និងព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនទៀត ទៅតាមរដូវកាលនីមួយៗ ដូចជាកម្មវិធី សម្រាប់ពិធីបុណ្យចូលឆ្នាំចិន នឹងការត្រៀមរៀបចំព្រឹត្តិការណ៍សង្រ្កាន្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៧ នាពេលខាងមុខ។

ឯកឧត្តមបន្តទៀតថា ក្រោយពេលសមិទ្ធផលផ្លូវថ្នល់ទាំង៣៨ខ្សែ បានស្ថាបនារួចរាល់ កាន់តែធ្វើឱ្យក្រុងសៀមរាប មានសម្រស់ស្រស់ស្អាតទ្វេឡើង និងបានជួយសម្រួលដល់ការធ្វើដំណើរទៅមក ប្រកបការងាររកស៊ីរបស់ប្រជាពលរដ្ឋ និងការតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ជាច្រើននៅក្នុងខេត្តសៀមរាប។

ឯកឧត្ដមបញ្ជាក់ថា៖«ឥឡូវនេះយើងបានគិតថាយើងនឹងរៀបចំធ្វើយ៉ាងណាឱ្យមានកម្មវិធីនិងព្រឹត្តិការណ៍ផ្សេងៗនៅក្នុងខេត្តសៀមរាបឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តនៅក្នុងខេត្តសៀមរាប ឥឡូវភ្ញៀវជាតិយើងក៏ជាគោលដៅចម្បងរបស់យើងផងដែរ យើងកំពុងរៀបចំគឺរៀបចំចូលឆ្នាំចិន និងអាចចូលឆ្នាំខ្មែររបស់យើង កាលមុនជារៀងរាល់ឆ្នាំយើងរៀបចំជាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឯកឧត្តមហ៊ុន ម៉ានី គាត់បានដឹកនាំ និងជួយជ្រោមជ្រែងរៀបចំ ក្រៅពីព្រឹត្តិការណ៍អង្គរសង្រ្កាន្តយើងក៏មានរៀបចំសង្រ្កាន្តសៀមរាបជាខ្នាតមួយតូច ចំពោះថ្នាក់ខេត្ត នៅឆ្នាំ២០២២នេះ យើងអាចនឹង រៀបចំសង្រ្កាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរ»។

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះទោះបីជាផ្លូវថ្នល់ទាំង៣៨ខ្សែ បានស្ថាបនារួចរាល់ ប៉ុន្តែអាជ្ញាធរខេត្តកំពុងបន្តយកចិត្តទុកដាក់ ក្នុងការរៀបចំទៅលើសណ្តាប់ធ្នាប់សាធារណៈ ការធ្វើចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋឱ្យបានសមរម្យ ក៏ដូចជាការងារបរិស្ថាន អនាម័យស្អាត ដើម្បីកែប្រែមុខមាត់ក្រុងសៀម រាប ឱ្យកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញទេសចរ ទ្វេឡើង៕IMG_20220120_111124_895IMG_20220120_111129_862IMG_20220120_111134_607IMG_20220120_111136_836IMG_20220120_111145_247

Comments

Related posts