ប្រធានមន្ទីរបរិស្ថានកំពង់ធំ ថា កត្តា៥យ៉ាងដែលធ្វើឱ្យសត្វព្រៃថយចុះ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១២ ០៨ ២០២២

 

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លើកឡើងថា មានកត្តា៥យ៉ាងដែលធ្វើប្រភេទសត្វ និងចំនួនសត្វព្រៃមានការថយចុះ។

 

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃ យុទ្ធនាការអន្ទាក់សូន្យនៅខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ ខែសីហា លោក បានបញ្ជាក់ថា ការថយចុះទាំងប្រភេទ និងចំនួនសត្វព្រៃ រួមមានសត្វចតុបាទ ល្មូន ថនិកសត្វ ឧរង្គសត្វ និងសត្វស្លាប គឺបណ្តាលមកពីមូលហេតុ ចំបងដូចជា៖ ការកាប់បំផ្លាញព្រៃឈើ,ការបរបាញ់និងការដាក់អន្ទាក់ចាប់សត្វព្រៃ, ការអនុវត្តន៍ច្បាប់នៅមានកម្រិត, ការអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ធម្មជាតិនិងសេដ្ឋកិច្ចសង្គម ដល់សហគមន៍នៅមានកម្រិត, និងជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក៏នៅមានកត្តារួមផ្សំមួយចំនួនទៀតដែលចូលរួមចំណែកក្នុងការធ្វើឱ្យសហគមន៍ សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានថយចុះ ដូចជា ចំនួនមន្ត្រីឧទ្យានុរក្សមានចំនួនតិចធៀបនឹងទំហំផ្ទៃដីដ៏ធំទូលាយ និងស្ថានភាពភូមិសាស្ត្រស្មុគស្មាញ នៃតំបន់ការពារធម្មជាតិ ឧបករណ៍ទំនើបប្រើប្រាស់សម្រាប់តាមដាន និងត្រួតពិនិត្យបទល្មើសមិនទាន់មានគ្រប់គ្រាន់ ការខ្វះខាតក្នុងការស្តារ និងធ្វើឱ្យប្រសើរឡើងនូវជម្រកសត្វព្រៃ ជាមួយនិងការចូលរួមរបស់ប្រជាសហគមន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅមានកម្រិត។

 

បើតាមការបញ្ជាក់របស់មន្ទីរបរិស្ថាន បានបង្ហាញថា នៅឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្ស បានរើអន្ទាក់ចេញបានចំនួន១.៨៧០ ដកហូតអាវុធកែច្នៃបានចំនួន៦០ រឹបអូសនិងលែងសត្វព្រៃមានដូចជាត្រកួត ពស់ថ្លាន់ អាញីទៅក្នុងធម្មជាតិបានចំនួន២៥ក្បាល។ ប៉ុន្តែក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ការបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃបានថយចុះប្រហែលជា៧៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។

 

លោក ឈឹត សំអាត តំណាងគម្រោងព្រៃឡង់បៃតងនៃភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID គាំទ្រចំពោះការពង្រឹងច្បាប់ និងការដាក់ទោសទណ្ឌធ្ងន់ធ្ងរទៅដល់អ្នកប្រព្រឹត្តបទល្មើសទៅលើធនធាន ព្រៃឈើ និងសត្វព្រៃ។ លោកថា វិធានការចុះល្បាតឱ្យកាន់តែញឹកញាប់ និងការទប់ស្កាត់និងបង្រ្កាបបទល្មើសមានប្រសិទ្ធភាព គឺទាល់តែដាក់ទោសទណ្ឌ និងពិន័យឱ្យបានធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្ត។

 

ខេត្តកំពង់ធំមានតំបន់ការពារធម្មជាតិចំនួន៦កន្លែងរួមមាន៖ ដែនជម្រកសត្វព្រៃព្រៃឡង់, ដែនជម្រកសត្វព្រៃបឹងពេរ, តំបន់រ៉ាមសារបឹងឆ្មារ, តំបន់រ៉ាមសារស្ទឹងសែន, តំបន់ការពារទេសភាពខាងជើងបឹងទន្លេរសាប ដែលត្រូវបានគេស្គាល់ថា ជាតំបន់អភិរក្សសត្វខ្សឹប, និងតំបន់ទេសភាពសំបូរព្រៃគុប គិតជាផ្ទៃដីសរុបទំហំជាង២៨ម៉ឺនហិកតា ដោយមានមន្ត្រីឧទ្យានុរក្ស៨៤ នាក់ ក្នុងចំណោមនោះមានមន្រ្តីនគរបាលយុត្តិធម៍ចំនួន២៤រូប និងមន្ត្រីភ្នាក់ងារនគរបាលយុត្តិធម៍៦០រូប ដែលត្រូវបានដាក់ពង្រាយនៅតាមទីស្នាក់ការឧទ្យានុរក្ស១៨កន្លែង៕IMG_20220812_112824_414IMG_20220812_112820_251IMG_20220812_112826_776

Comments

Related posts