ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់សមាជិកឱ្យចូលរួមផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបបំបាត់ព័ត៌មានមិនពិត ព័ត៌មានទុច្ចរិតនានា ដែលអាចបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា & វ៉ែន សុវុទ្ធី ១៤ ០៨ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនា មហាជន បានប្រាប់សមាជិក សមាជិកា ឱ្យចូលរួមផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបបំបាត់ព័ត៌មានមិនពិត ព័ត៌មានទុច្ចរិតនានា ដែលអាចបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម ដើម្បីបញ្ជ្រាបឱ្យប្រជាពលរដ្ឋដឹងពីព័ត៌មានពិត ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» ដែលរៀបចំដោយគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នាវិមាន ៧ មករា ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន បានប្រាប់សមាជិក សមាជិកា ថា ការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយត្រូវធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង។

ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្តមក៏បានលើកទឹកចិត្ត និងផ្តាំផ្ញើឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ត្រូវចេះសម្រួច និងស្វែងរកវិធីសាស្ត្រនៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន ហើយដែលជាព័ត៌មាន មានប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ទាំងនេះនឹងអាចចូលរួមលុបបំបាត់ព័ត៌មានមិនពិត ព័ត៌មានទុច្ចរិតនានា ដែល មានគោលបំណងញុះញង់ បំបែកបំបាក់សាមគ្គីឯកភាពជាតិ ដែលនឹងអាចបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ 

សូមជម្រាបជូនថា សិក្ខាសាលាស្តីពី «ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍ លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» ដែលរៀបចំដោយគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបន្តនាព្រឹកនេះ ជាមួយការធ្វើរបាយការណ៍អំពីលទ្ធផលនៃក្រុមពិភាក្សា ទាំងបីកាលពីម្សិលមិញ៕IMG_20220815_104006_216IMG_20220814_184452_366

Comments

Related posts