គម្រោងឬកម្មវិធីជំនួយឧបត្ថម្ភរបស់WB បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ៣០.១១.២០២១

 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ លើកឡើងថា រាល់គម្រោងឬកម្មវិធីជំនួយឧបត្ថម្ភរបស់WB បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន ដើម្បីធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព។

យន្តការនេះគឺអនុវត្តតាមរយៈ បច្ចេកវិទ្យាសមស្រប ទំនើប ធន់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពសង្គមនិងបរិស្ថាន បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។ 

  ការលើកឡើងបែបនេះរបស់ឯកឧត្តម វេង សាខុន បានធ្វើឡើងក្នុងឱកាសទទួលជួប លោកស្រី Mariam J. Sherman នាយិកាធនាគារ ពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើត រួមទាំងប្រចាំនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ ដើម្បីពិភាក្សា និងវាយតម្លៃជារួមលើវឌ្ឍនភាពនៃការអនុវត្តន៍គម្រោងនានាក្នុងវិស័យកសិកម្មដែលគាំទ្រដោយធនាគារពិភពលោក (World Bank, WB) នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីសម្រេចចក្ខុវិស័យខាងលើនេះ ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជន ដើម្បីជួយបំពេញតួនាទីលើការងារផ្សព្វផ្សាយបច្ចេកទេស ធាតុ ចូលកសិកម្ម ពូជ ពង្រឹងខ្សែច្រវាក់ តម្លៃបន្ថែម ខ្សែច្រវាក់ផលិតកម្ម ទីផ្សារ និងបណ្តុំផលិត-ផ្គត់ផ្គង់-ចែកចាយ ។ 

ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យ WB ពិនិត្យពិចារណាលើកម្មវត្ថុនៃកម្មវិធីដែលបាននិងកំពុងអនុវត្ត និងកម្មវិធីផ្សេងៗដែលគ្រោងនឹងជួយដល់កម្ពុជា នាពេលអនាគត ធ្វើយ៉ាងណាឲ្យស្របទៅនឹងបរិបទនាពេលបច្ចុប្បន្នគឺការរស់នៅជាមួយកូវីដ- ១៩ តាមគន្លងប្រក្រតីភាពថ្មី ការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងនាំចេញ បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ចំណូល វិបុលភាព និងសុខុមាលភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចជាតិ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យ WB ពិចារណាផងដែរលើអនុវិស័យផលិតកម្មសត្វ ការកែច្នៃសាច់ សត្តឃាតដ្ឋានសត្វ វារីវប្បកម្ម ប្រពលវប្បកម្មកសិកម្ម ដើម្បីលើកកម្ពស់ប្រាក់ចំណូលសម្រាប់កសិករងាយរងគ្រោះ ដែលរស់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច និងដោយឡែក គឺធ្វើឲ្យប្រសើរឡើងនូវគុណភាព និងសុវត្ថិភាពសាច់ ផលិតផលសាច់ ធានាសុខភាពដល់អ្នកបរិភោគ។  ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍រាល់ជំនួយឧបត្ថម្ភពី WB និងការចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍនានា ។

លោកស្រី Mariam J. Sherman បានសម្តែងនូវអំណរអរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីដែលបានផ្តល់កិច្ចសហការយ៉ាងល្អ លើការអនុវត្តគម្រោងសម្រេចទទួលបាន លទ្ធផលគួរឲ្យកត់សម្គាល់ ។ មិនតែប៉ុណ្ណោះ លោកស្រី ក៏បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការអនុវត្តន៍កម្មវិធីផ្សេងៗ សំដៅដល់ការកែប្រែកម្រិតជីវភាព កំណើនប្រាក់ចំណូល និងជំរុញកំណើនកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងបរិយាប័ន្ន ដែលផ្តល់នូវផលិតផលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីធ្លី ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព ។

ចំពោះសំណើនិងមតិកែលម្អ ឬធាតុចូលរួមសំខាន់ៗរបស់ឯកឧត្តមរដ្ឋមន្រ្តី   ក្រុមការងារ លោកស្រីនឹងយកទៅពិនិត្យ ពិចារណា ដើម្បីធ្វើយ៉ាងណាកែលម្អឱ្យសមស្រប ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៅក្នុងវិស័យកសិកម្ម ជាពិសេសឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ៕IMG_20211130_203432_162

Comments

Related posts