វ៉ាក់សាំងស៊ីណូវ៉ាក់ដែលកំពុងដំណើរការចាក់ជូនកុមារនិងយុវវ័យគឺមានប្រសិទ្ធភាពដល់ទៅ៩៨ភាគរយ

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ( Sinovac ) ដែលកំពុងដំណើរការចាក់ជូនកុមារនិងយុវវ័យ គឺមានប្រសិទ្ធភាពដល់ទៅ៩៨ភាគរយ ដែលអាចទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ។

    លោកជំទាវ ឱ វណ្ណឌីន អ្នក នាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជា កំពុងបន្តដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ដោយរលូន ជូនដល់ក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងចាក់ជូនកុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ដល់ក្រោម១៨ឆ្នាំ ដើម្បីបង្កើតភាពសុំាក្នុងសហគមន៍ ជាពិសេសអាចឈានទៅបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗខាង មុខនេះ ។

     លោកជំទាវបានបន្តថា ចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់ដែលកម្ពុជាកំពុងប្រើប្រាស់ នៅក្នុងយុទ្ធនាការចាក់ដល់កុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំនេះ បើតាមការស្រាវ ជ្រាវរបស់វ៉ាក់សាំងនេះ គឺមាន ប្រសិទ្ធភាពប្រមាណ៩៨ភាគ រយឯណោះ សម្រាប់ទប់ទល់នឹងការវាយលុកពីវីរុសកូវីដ ១៩ បានយ៉ាងល្អប្រសើរ ។

សំឡេង ៖ « សម្រាប់ប្រភេទវ៉ាក់សាំងដែលយើងធ្វើការជ្រើសរើស យកមកចាក់ជូនក្រុមមនុស្សអាយុចាប់ពី១២ ឆ្នាំដល់ក្រោម១៨ឆ្នាំនេះ គឺមានក្រុមអ្នកបច្ចេកទេសលោកបានធ្វើការសិក្សាស្រាវជ្រាវម៉ត់ចត់មែនទែន ហើយទន្ទឹមនោះយើងសង្កេតឃើញហើយថា ការចាក់នេះនៅតាមបណ្ដាប្រទេសមួយចំនួនដែរ ក៏ប៉ុន្តែដូចជានៅសហរដ្ឋអាមេរិកគឺគេប្រើវ៉ាក់សាំងរបស់គេ ព្រោះជាប្រទេសដែលផលិតវ៉ាក់ សាំងស្រាប់ទៅហើយ តែដោយឡែកនៅសាធារណរដ្ឋប្រជាមានិតចិន ក៏មានការប្រើ ប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ សម្រាប់ចាក់ទៅដល់កុមារអាយុ៣ឆ្នាំឡើង គឺគេចាក់តាំង ពី៣ឆ្នាំឡើង តាមការសិក្សារបស់គេក៏បានបង្ហាញច្បាស់ដែរ វាមិនមានអីដែលបង្ហាញផលរំខាន ឬក៏ផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សុខភាពក្រុមអាយុ១២ឆ្នាំ ទៅក្រោម១៨ ឆ្នាំនេះទេ ហើយផ្ទុយទៅវិញវ៉ាក់សាំងនេះ គឺបានផ្ដល់នូវប្រសិទ្ធភាពខ្ពស់ បើតាមខ្ញុំអាន ខ្ញុំឃើញការចុះផ្សាយ គឺអាចមានប្រសិទ្ធភាពដល់ទៅ ៩៨ភាគរយឯណោះ ដូច្នេះនេះគឺជាការជ្រើសរើសមួយដោយសារតែវ៉ាក់សាំងនេះ គឺជាប្រភេទវ៉ាក់សាំងដែលផលិតឡើងតាមបែបបុរាណ ជាលក្ខណៈធ្លាប់ប្រើប្រាស់សម្រាប់ផលិតវ៉ាក់សាំងដទៃទៀត » ។

  លោកជំទាវ បានបន្ថែមទៀតថា បើទោះបីជាប្រជាពលរដ្ឋ ក៏ដូចជាកុមារនិងយុវវ័យ ដែលទទួលបានវ៉ាក់សាំងកូវីដ១៩រួចរាល់ហើយក៏ដោយ ក៏ត្រូវតែបន្តអនុវត្តន៍វិធានសុខាភិបាល និងវិធានការដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩នេះឱ្យមាន ប្រសិទ្ធភាព ៕IMG_20210803_143903_064

Comments

Related posts