ក្រុមអ្នកជំនាញបានរកឃើញមាន ការសាងសង់ខឿនពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័ន

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣

r1

r2

r3

r4

MC.ក្រុមអ្នកជំនាញបច្ចេកទេស នៃអាជ្ញាធរជាតិអអប្សរា បានប្រទះ ឃើញសំណង់រចនាសម្ព័ន្ធថ្មីមួយ ដែលគេពុំធ្លាប់បានដឹងពីមុនមកទាល់តែសោះ គឺការសង់ជញ្ជាំងខឿនថ្មពីរជាន់ត្រួតគ្នា នៅរួតទីបីរបស់ប្រាសាទបាយ័ន។
    ការប្រទះឃើញសំណង់ដែលខុសប្លែកពីប្រាសាទបុរាណនានាទាំងអស់នេះ គឺក្នុងអំឡុងពេលដែលក្រុមការងារបច្ចេកទេសជួស ជុលប្រាសាទ កំពុងជួសជុលពង្រឹងរចនាសម្ព័ន្ធប្រាសាទបាយ័ននៅរួតទីបីនៃប្រាសាទ។
   កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ នៅប្រាសាទបាយ័ន មានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលក្រុមអ្នកបច្ចេកទេសបានរកឃើញ ថា មានការសាងសង់ខឿនប្រាសាទ បុរាណត្រួតគ្នារហូតដល់ពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័ន ដែល ខុសប្លែកពីសំណង់ប្រាសាទបុរាណនានា ដោយគេឃើញសង់ខឿនមួយជាន់រួចហើយ មានសង់ខឿនមួយ ទៀតបន្ថែមពីខាងក្រៅ ព្រមទាំងការប្តូរប្លង់ស្ថាបត្យកម្មក្នុងអំឡុងពេលសាងសង់នោះផង។
   កញ្ញាបន្តថា ក្រុមអ្នកបច្ចេកទេសបានសង្កេតឃើញ ខឿនដែលសាង សង់មុន គឺមិនសូវមានក្បាច់រចនាទេ គឺមានតែស្នាមដាប់រំលីងថ្មតែ ប៉ុណ្ណោះ ចំណែកឯ ខឿនដែលសាង សង់ពង្រីកក្រោយ គឺឃើញមានក្បាច់រចនាជាចម្លាក់ពងត្រីយ៉ាងស្អាត។ ដូច្នេះក្រុមស្ថាបត្យករ បានសន្និដ្ឋានថា ការសាងសង់ខឿនប្រាសាទបុរាណថែមថយបែបនេះ ប្រហែលបណ្តាលមកពីអ្នកសាងសង់ មានការផ្លាស់ប្តូរគំនិតនៃការ រចនាសំណង់ឱ្យកាន់តែស្អាតជាងមុន។
តាមខ្ញុំគិតវាមិនមែនដោយសារការដូរសាសនាឬមួយក៏អីទេ វាអាចនៅបាយ័នជាសំណង់ដ៏មហិមា មានន័យថាការគិតរបស់ស្ថាបត្យករក្នុងជំនាន់នោះ ឬមួយព្រះមហាក្សត្យគាត់ចង់ឱ្យប្រាសាទហ្នឹងទៅជាប្រាសាទមហិមា។ អ៊ីចឹងមានន័យថា អំឡុងពេលសាងសង់ហ្នឹង គាត់អាចនឹកឃើញប្តូរនេះប្តូរនោះ ព្រោះអីដែលបានសិក្សា លោកបណ្ឌិតអូលីវីយេ គាត់សិក្សាពីប្រាសាទបាយ័នហ្នឹង ក៏គាត់ឃើញមានកន្លែងខ្លះបានសាងសង់បន្ថែម បន្តពីសំណង់ដែលមានស្រាប់ គឺថែមថយៗគ្រប់កន្លែង ឬក៏មិនមែនជាការដូរស្តេចទៅគាត់ត្រឡប់មកកែទេ គឺក្នុងអំឡុងសាងសង់ប្រាសាទ បាយ័នមក ដោយសារប្រាសាទ បាយ័នបានសាងសង់ក្នុង៥ដំណាក់កាលធំៗ អ៊ីចឹងបានន័យថាកែនេះកែនោះរហូតអត់ហើយ។ បានន័យថា ដល់ឥឡូវនេះ យើងអាចសន្និដ្ឋានថា ប្រាសាទបាយ័នក៏មិនអាចរួចរាល់មួយរយភាគរយ ដោយ សារយើងឃើញមុខព្រហ្មខ្លះក៏អត់ទាន់មានក្បាច់ចម្លាក់គ្រប់គ្រាន់ មានន័យថាវានៅតែបន្តរហូត។
កញ្ញា សុវណ្ណលីលីន ពន្យល់ទៀតថា ការប្រទះឃើញសំណង់ប្រាសាទបុរាណមានខឿនពីរជាន់នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញឱ្យអ្នកសិក្សាស្រាវជ្រាវសំណង់ ស្ថាបត្យកម្មនៅតាមប្រាសាទខ្មែរបុរាណកាន់តែបានឈ្វេងយល់បន្ថែមទៀត សម្រាប់ការចងក្រងផ្នែកស្ថាបត្យកម្មសម័យអង្គរទុកជាឯកសារឱ្យអ្នកស្រាវជ្រាវជំនាន់ក្រោយ៕

Comments

Related posts