អ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់បាញ់ផ្លោងគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតដាក់គ្នា បង្កភាពតានតឹងកាន់តែខ្លាំងឡើងក្នុងតំបន់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b4-7

b3-8

b5-7

អន្តរជាតិ៖ អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា ដ៏មានឥទ្ធិពលរបស់ប្រទេសលីបង់ បានបាញ់ ផ្លោងកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតដាក់គ្នាទៅវិញទៅមកនៅថ្ងៃអាទិត្យ បន្ទាប់ពីក្រុមហាម៉ាស់ប៉ាឡេស្ទីន បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ដែលមានឈ្មោះថា "ហេសបូឡា" បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់រ៉ុក្កែត និងបាញ់កាំភ្លើងធំទៅកាន់ទីតាំងចំនួនបីក្នុងកសិដ្ឋាន Shebaa ក្នុងស្មារតីសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីន។ ចំណែកកងទ័ពអ៊ីស្រាអែលក៏បានឱ្យដឹងនៅថ្ងៃអាទិត្យនេះផងដែរថា ខ្លួនបាន បាញ់កាំភ្លើងធំទៅកាន់តំបន់មួយក្នុងប្រទេសលីបង់ជាកន្លែងដែលមានការបាញ់កាំភ្លើងត្បាល់ឆ្លងព្រំដែន ចេញពីទីនោះ។ កងទ័ពអ៊ីស្រាអែលបានបន្ថែមទៀតថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់ខ្លួន ក៏បានទម្លាក់គ្រាប់បែកលើទីតាំងរបស់ក្រុម ហេសបូឡា នៅតំបន់ Har Dov ជាតំបន់មួយក្នុងកសិដ្ឋាន Shebaa។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ក្រុម Hamas បានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ សំដៅទៅកាន់ អ៊ីស្រាអែល ហើយបានបញ្ជូនក្រុមខ្មាន់កាំភ្លើងរបស់ខ្លួនឱ្យឆ្លងព្រំដែនដើម្បីចូល លុកលុយដល់ក្នុង ទឹកដីអ៊ីស្រាអែល។ នៅខាងអ៊ីស្រាអែល មនុស្សជាង ៣៥០ នាក់បានស្លាប់ និងជាង ១,៨០០ នាក់បាន រងរបួស ហើយរាប់សិបនាក់ទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង៕

Comments

Related posts