ចិននិយាយថាសេចក្តីថ្លែងការណ៍របស់អាមេរិកជុំវិញហេតុការណ៍ប៉ះទង្គិចគ្នាជាមួយទូកហ្វីលីពីនគឺមិនគោរពការពិត

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a9-54

a7-63

a8-58

អន្តរជាតិ៖ ក្រសួងការបរទេសចិនបាននិយាយថា សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលបានកាន់ជើងទីក្រុងម៉ានីល ពាក់ព័ន្ធហេតុការណ៍ប៉ះទង្គិចគ្នាមួយ រវាងនាវាចិននិងទូកហ្វីលីពីននៅសមុទ្រចិនខាងត្បូងគឺពុំបានអើពើអំពីការពិតទាល់តែសោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ចិននិងហ្វីលីពីន បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកជុំវិញហេតុការណ៍ប៉ះគ្នានៅឯដែនទឹកមានបញ្ហាវិវាទនៃសមុទ្រចិនខាងត្បូង នៅពេលនាវាឆ្មាំសមុទ្រចិនបានព្យាយាមធ្វើសកម្មភាពរារាំងទូកដឹកសម្ភារផ្គត់ផ្គង់សម្រាប់កងទ័ពហ្វីលីពីននៅទីនោះ។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបាននិយាយថា កងឆ្មាំសមុទ្ររបស់ចិនបានបំពានច្បាប់អន្តរជាតិតាមរយៈការលូកលាន់ដោយចេតនាលើការអនុវត្តសិទ្ធិនៃសេរីភាពធ្វើនាវាចរណ៍ដែនសមុទ្ររបស់ហ្វីលីពីន។ លោកស្រី Mao Ning បានលើកឡើងថា សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ ដែលបំពានច្បាប់អន្តរជាតិដោយវាយប្រហារនិងចោទប្រកាន់ទាំងគ្មានមូលដ្ឋានច្បាស់លាស់មកលើសិទ្ធិស្របច្បាប់និងសកម្មភាពនៃការអនុវត្តច្បាប់របស់ប្រទេសចិន។ គួរបញ្ជាក់ថា ប៉ុន្មានខែមកនេះហេតុការណ៍ប្រឈមមុខគ្នាលើដែនសមុទ្ររវាងទីក្រុងម៉ានីលនិងទីក្រុងប៉េកាំង បានក្លាយជារឿងកើតឡើងជាញឹកញាប់នៅសមុទ្រចិនខាងត្បូង ខណៈប្រទេសទាំងពីរបាននិងកំពុងព្យាយាមបង្កើនការទាមទារកម្មសិទ្ធិទឹកដីរៀងៗខ្លួន នៅច្រកផ្លូវសមុទ្រយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ៕

Comments

Related posts