ហ្វីលីពីន នឹងដាក់ឱ្យដំណើរការនាវាឆ្មាំសមុទ្រចំនួន ៥ គ្រឿង ដោយមានជំនួយពីជប៉ុនដើម្បីពង្រឹងសមត្ថិភាពរបស់ខ្លួនក្នុងការល្បាតដែនសមុទ្រ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a6-23

a5-24

អន្តរជាតិ៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា ហ្វីលីពីននឹងដាក់ឱ្យដំណើរការនាវាឆ្មាំឆ្នេរសមុទ្រចំនួន ៥ គ្រឿង ដែលមានតម្លៃកន្លះពាន់លានដុល្លារតាមរយៈប្រាក់កម្ចីពីរដ្ឋាភិបាលជប៉ុន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការល្បាតដែនសមុទ្រ ដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានReuters។ ទីក្រុងម៉ានីល បានប្រកាសគម្រោងនេះ បន្ទាប់ពីលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដែល នៅក្នុងនោះលោកបានសន្យាថា ប្រទេសជប៉ុននឹង "បន្តរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពសន្តិសុខរបស់ប្រទេសហ្វីលីពីន"។ លោក Arsenio Balisacan រដ្ឋមន្ត្រីផែនការសេដ្ឋកិច្ចបានប្រាប់អ្នកយកព័ត៌មានថា នាវាប្រវែង ៩៧ ម៉ែត្រទាំង ៥ គ្រឿងនឹងត្រូវដឹកជញ្ជូនមកដល់នៅចន្លោះឆ្នាំ ២០២៧ ដល់ឆ្នាំ ២០២៨ ជាមួយនឹងមូលនិធិកម្ចីពីទីក្រុងតូក្យូ ដែលមានតម្លៃ ២៩,៣ ពាន់លានប៉េសូ ឬស្មើនឹង ៥២៥ លានដុល្លារអាមេរិក។ លោកបានបន្តថា "គម្រោងនេះនឹងអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រធានាបាននូវសុវត្ថិភាពនៃខ្សែទំនាក់ទំនងសមុទ្រសំខាន់ៗ នៅក្នុងសមុទ្រហ្វីលីពីនខាងលិច"។ លោកបានបន្ថែមថា "វាក៏នឹងជួយឆ្មាំឆ្នេរសមុទ្រហ្វីលីពីនប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់ និងពង្រឹងច្បាប់ដែនសមុទ្រនៅក្នុងដែនទឹកហ្វីលីពីនផងដែរ"៕

Comments

Related posts