រដ្ឋមន្ត្រីមហាផ្ទៃចក្រភពអង់គ្លេស ចោទប៉ូលីសក្រុងឡុងដ៍ថា "លម្អៀង" ទៅក្រុមដើរក្បួនបាតុកម្ម គាំទ្រប៉ាឡេស្ទីន ដែលទាមទារបទឈប់បាញ់នៅហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a17-20

a16-21

អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍រដ្ឋមន្ត្រីមហាផ្ទៃរបស់ចក្រភពអង់គ្លេស បានបង្កភាពតានតឹងជាមួយ កងកម្លាំងប៉ូលីសនៅទីក្រុងឡុងដ៍ លើការដោះស្រាយការដើរក្បួនបាតុកម្មដែលគាំទ្រប៉ាឡេស្ទីនដ៏ធំ ដែលបានគ្រោងទុកដើម្បីទាមទារបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយចោទប្រកាន់មន្ត្រីប៉ូលីសថា មានជំហរទន់ជ្រាយចំពោះបុព្វហេតុឆ្វេងនិយម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកស្រី Suella Braverman រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាន់ជំហរតឹងរ៉ឹង លើបាតុករ រាប់ម៉ឺននាក់ ដែលបានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃ ទី ០៧ ខែតុលា ទៅលើអ៊ីស្រាអែល ដោយហៅពួកគេថា "គួរឱ្យស្អប់" និងថាជាក្រុមមនុស្សដែលគំរាម កំហែងសហគមន៍ជ្វីហ្វ។ លោកស្រី Braverman ត្រូវបានរិះគន់ចំពោះការប្រើភាសា "ញុះញុង" នៅក្នុង អត្ថបទមួយនៃកាសែត The Times ដែលលោកស្រីបានពណ៌នាអ្នកតវ៉ាដែលគាំទ្រប៉ាឡេស្ទីនថា "ជាអ្នកដើរក្បួនដ៏គួរឱ្យស្អប់" ដោយបន្ថែមថា "ខ្ញុំមិនជឿថាការដើរដង្ហែទាំងនេះ គ្រាន់តែជាការស្រែករក ជំនួយសម្រាប់តំបន់ហ្គាហ្សានោះទេ ប៉ុន្តែវាគឺជាអាទិភាពរបស់ក្រុមមួយចំនួន ជាពិសេសពួកអ៊ីស្លាមនិយម ដូចដែលយើងធ្លាប់ឃើញនៅក្នុងប្រទេសអៀរឡង់ខាងជើង"៕

Comments

Related posts