សមិទ្ធផលអគារសិក្សាថ្មីចំនួន២ខ្នង ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជំរុញលើកទឹកចិត្តសិស្សានុសិស្សលើការសិក្សាអប់រំ

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៥ ១១ ២០២៣

IMG_2011

IMG_2012

IMG_2016

IMG_2013

IMG_2014

IMG_2015

 

ភ្នំពេញ ៖ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ បានអញ្ជើញជាសហធិបតីជាមួយ ឯកឧត្តម ឆាង ជៀន តំណាងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលារៀន អ៊ាក ហួរ ដែលមានទីតាំងស្ថិតក្នុងភូមិកោះទាវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ 

   ក្នុងពិធីនេះ ឯកឧត្តមអគ្គលេខា ធិការ បានសំដែងនូវការកោតសរ សើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងសាលារៀនភាសាចិន អ៊ាក ហួរ និងអាជ្ញាធរមូលដ្ឋានដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីអាចឱ្យសាលារៀននេះដំណើរការឡើងវិញក្នុងឆ្នាំ១៩៩៥ បន្ទាប់ពីត្រូវបានបិទទ្វារកាលពីឆ្នាំ១៩៧០ ដោយ សារកត្តាសង្រ្គាម។ ឆ្លងកាត់កិច្ចខិត ខំប្រឹងប្រែងកន្លងមក ថ្ងៃនេះសាលា រៀនអាចសម្រេចបាននូវសមិទ្ធផលថ្មី គឺអគារសិក្សាថ្មីចំនួន២ខ្នង ដែលមាន៨បន្ទប់រៀន ក្រោមកិច្ចសហការរួមចំណែកពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រីសប្បុរសជនទាំងអស់ក្នុងការឧបត្ថម្ភសាងសង់សាលារៀននេះ។ 

 សមិទ្ធផលនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិ បាលកម្ពុជា លើវិស័យអប់រំ និងការពង្រឹងគុណភាពវិស័យអប់រំនៅកម្ពុជា។ ពិសេសក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកធនធានមនុស្សជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ការពង្រឹង គុណភាពវិស័យអប់រំត្រូវបានចាត់ទុកជាសសរស្ដម្ពសំខាន់ ក្នុងការអភិវឌ្ឍមូលធនមនុស្សប្រកប ដោយគុណភាព។ ឯកឧត្តមអគ្គលេខាធិការ បានអំពាវនាវឱ្យកូនក្មួយអ្នកក្រុងសំពៅពូន និងស្រុកកោះធំ ខិតខំយកចិត្តទុកដាក់លើការសិក្សា និងពិសេសភាសា បរទេសដែលជាតម្រូវការនៅលើទីផ្សារការងារដែលអាចជួយកូនក្មួយអាចទទួលបានការងារសមស្រប និងជួយលើកស្ទួយដល់កម្រិតជីវភាពផងដែរ។

ដោយសារកត្តាសុខសន្តិភាពទើបកម្ពុជាមានការអភិវឌ្ឍ និងមានការបណ្ដាក់ទុនវិនិយោគ ហេតុដូចនេះ សុខសន្តិភាពគឺពិតជាសំខាន់ណាស់ ដែលយើងត្រូវរួបរួមគ្នាថែរក្សាឱ្យបានគង់វង្ស។  សមិទ្ធផលជាច្រើនបានលេចរូបរាងឡើងពាសពេញផ្ទៃប្រទេស និងនិយាយដោយឡែកនៅក្រុងសំពៅ ពូន និងស្រុកកោះធំ សមិទ្ធផលជាបន្តបន្ទាប់បានកើតឡើងរួមមានផ្លូវ ស្ពាន សាលារៀន អាងហែល ទឹក វត្តអារាម និងពិសេសថ្មីៗនេះគឺមន្ទីរពេទ្យតេជោសែនកោះធំ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមន្ទីរពេទ្យដែលមានលក្ខណៈស្តង់ដាខ្ពស់ និងទំនើប គ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របណាមួយខាងមុខនេះ ដើម្បីបម្រើដល់ការថែទាំ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ។

ក្រៅពីការគាំទ្រលើវិស័យអប់រំរាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់លើវិស័យជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធសង្គមជាដើម ដោយក្នុងនោះ ឯកឧត្តមអគ្គ លេខាធិការ បានឆ្លៀតយកឱកាសនេះជម្រាបជូនអំពីសមិទ្ធផលជាច្រើន និងគម្រោងដែលកំពុងសិក្សាមួយចំនួនជូនដល់អង្គពិធីរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហូណនតេជោ" គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ- ប៉ោយប៉ែត គម្រោងផ្លូវដែក គម្រោងផ្លូវដែកតភ្ជាប់ព្រលានយន្តហោះសៀមរាបថ្មី-ក្រុងសៀមរាប និងគម្រោងផ្លូវដែកតភ្ជាប់ព្រលានយន្តហោះភ្នំពេញថ្មី-ក្រុងភ្នំពេញជាដើម។ គម្រោងទាំងនេះទទួលបានការគាំទ្រ និងមានការជំរុញសិក្សាឱ្យបានឆាប់រហ័សពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

Comments

Related posts