រាជរដ្ឋាភិបាល បានដើរទាក់ទាញការវិនិយោគបរទេសនិងលើកស្ទួយការវិនិយោគក្នុងស្រុក ដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២២ ១១ ២០២៣

b1-41

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈ៣ខែមកនេះ រាជរដ្ឋាភិបាល បានដើរទាក់ទាញការវិនិយោគបរទេស និងលើកស្ទួយការវិនិយោគក្នុងស្រុក ដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលគឺដើរទាក់ទាញការវិនិយោគបរទេស និងលើកស្ទួយការវិនិយោគក្នុងស្រុក តាមរយៈការពង្រឹងទំនាក់ទំនង នយោបាយ សេដ្ឋកិច្ចសង្គម ជាមួយដៃគូចាស់ និងបង្កើតថ្មី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងរយៈពេល៣ខែនេះ រាជរដ្ឋាភិបាលដើរទាក់ទាញនៅក្នុងគម្រោងកម្ចីមានមួយផ្នែក ប៉ុន្តែក្រៅពីនោះរាជរដ្ឋាភិបាលក៏បានទាក់ទាញការវិនិយោគបរទេស ទាំងលើកស្ទួយការវិនិយោគក្នុងស្រុក ដើម្បីប្រើប្រាស់ក្នុងធនធានវិស័យឯកជន។
សម្តេចធិបតី បានបញ្ជាក់ថា ក្នុងគម្រោងមួយចំនួន រាជរដ្ឋាភិបាលមិនចាំបាច់ខ្ចីនោះទេ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាច្រើន គឺប្រើប្រាស់ធនធានឯកជនតាមការប្រើប្រាស់ BOT ដូចជា ព្រលានយន្តហោះខេត្តសៀមរាប ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជាដើម ដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ច។ បន្ថែមពីនោះទៀត រាជរដ្ឋាភិបាល ក៏បានភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេស ដើម្បីទាញទំនាក់ទំនងប្រជាជននិងប្រជាជន និងវិស័យទេសចរណ៍ផ្សេងផងដែរ។
 « អ៊ីចឹងក្នុងរយៈពេល៣ខែនេះ រាជរដ្ឋាភិបាលមិនបានដេក ហើយក៏មិនបានចេះតែដើរខ្ចីលុយគេនោះទេ ប៉ុន្តែយើងទាញ នៅក្នុងផលិតផលគ្រប់រូបភាពទាំងអស់ ដើម្បីបម្រើប្រជាពលរដ្ឋជាពិសេសវិស័យឯកជនជាដង្ហើមធំណាស់ ផ្លូវនេះដែល យើងធ្វើក្នុងឥណទានសម្បទាន នេះក៏ដោយ ប៉ុន្តែដើម្បីបម្រើឱ្យការរីកចម្រើនក្នុងវិស័យឯកជន ប្រព័ន្ធដឹកជញ្ជូនឡូជីស្ទីក វិស័យកសិកម្ម វិស័យឧស្សាហកម្ម ដំណើរការបាន។ ទាំងអស់នោះដើម្បីចែករំលែកឱ្យប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវ ក្នុងខេត្តកណ្តាល ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំងនិងបន្ទាយមានជ័យ អ៊ីចឹងការប្រើប្រាស់នូវការវិនិយោគទាំងគ្រប់រូបភាពកម្ចីនិងរូបភាពផ្សេងៗយើងបានប្រើប្រាស់ ដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋរបស់យើង »៕

Comments

Related posts