ឯកឧត្តមឃួង ស្រេងណែនាំសមត្ថកិច្ចទាំងអស់ពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាពឱ្យបានល្អ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

 

វិទ្យុជាតិកម្ពុជា

d1-42

d-29

d2-42

d4-36

d3-39

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន   ណែនាំដល់សមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងកិច្ចការពារ សន្តិសុខ សុវត្ថិភាពឱ្យបានល្អក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក នាឆ្នាំនេះ  ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។
ថ្លែងក្នុងកិច្ចប្រជុំជាមួយស្នងការដ្ឋានរាជធានី,ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី,អភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ វិច្ឆិកា២០២៣ នៅសាលារាជធានីភ្នំពេញ  ឯកឧត្តមឃួង ស្រេង អភិបាលរាជធានី បានជំរុញឱ្យកម្លាំងពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចុះពិនិត្យអាវុធជាតិផ្ទុះចាប់ពីយប់នេះតទៅ ជាមួយនិងការដាក់វេនប្រចាំបញ្ជាឱ្យបានច្បាស់លាស់។
ឯកឧត្ដមបានស្នើអាជ្ញាធរខណ្ឌយកចិត្តទុកដាក់ចំពោះទីតាំងសប្បាយភាព ពិសេសបៀហ្កាឌិនដែលរំខាន ដល់ដំណេកប្រជាពលរដ្ឋ ។អ្នកបើកបៀហ្កាឌិនបានធ្វើឲ្យចំណេញដល់ជាតិ តាមរយៈការផ្តល់ការងារជូន ប្រជាពលរដ្ឋបានធ្វើ តែបើរំខានប្រជាពលរដ្ឋនៅតំបន់នោះ យើងក៏មិនអាចទទួលយកបានដែរ។
ឯកឧត្ដមបានឱ្យ អាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង ចោរឆក់ប្លន់ ឱ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យនៅតាមបាបារាំង ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។
ឯកឧត្ដមអភិបាលបានបញ្ជាក់ រដ្ឋបាលរាជធានីភ្នំពេញនឹងចេញសេចក្តីជូនដំណឹងពីទីកន្លែងសប្បាយភាព កន្លែងប្រគំតន្ត្រីដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបជាដំណឹង ហើយពួកគាត់សម្រេចទៅទស្សនានៅទីតាំង ណាមួយ។
ចំពោះការតុបតែងកែលម្អរាជធានីភ្នំពេញ សម្រេចបានជាង៩០ភាគរយហើយ ក្នុងនោះត្រៀមកម្លាំង តុបតែងភ្លើងលម្អ ត្រៀមកម្លាំងបោសសំអាតជាង៣០០នាក់ ដោយចាប់ពីម៉ោង១១យប់ ដល់៦ព្រឹក បានរៀបចំបន្ទប់ទឹកបង្គន់អនាម័យ៥៦៧បន្ទប់ ទាំងបង្គន់សាធារណៈនិងសម្រាប់កីឡាករ។
   តាមគម្រោង ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះនឹងមាន ទូក ង ចូលរួមប្រណាំងប្រមាណជាង៣០០ទូក (រាជធានីភ្នំពេញមានប្រមាណជាង៤០ទូក), មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត២ម៉ឺននាក់ និងមានប្រទីបចូលរួមប្រមាណជាង៣០ប្រទីប។
  ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះ នៅអតីតៈឃ្លាំងសាំងក្នុងខណ្ឌឬស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍OCIC ខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វារមួយទីតាំងទៀត ហើយទីតាំងទាំង២នេះ នឹងការរៀបចំ បណ្តាញទឹក ភ្លើងនិងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ៕

Comments

Related posts