សមាគមជប៉ុន-កម្ពុជា ជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីគម្រោងបើកការិយាល័យនៅភ្នំពេញនាឆ្នាំ២០២៤

វិទ្យុជាតិកម្ពុជា៖

ទីស្ដីការក្រសួងមហាផ្ទៃ ៖ ថ្លែងនាឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម Takahashi Fumiaki ប្រធានសមាគមជប៉ុន- កម្ពុជា (JCA) បានគូសបញ្ជាក់ថាសមាគមនឹងបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ។

 

ឯកឧត្ដម ប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថាការិយាលយនេះ នឹងលេចចេញជារូបរាងនៅឆ្នាំ២០២៤ ដើម្បីដើរតួនាទីជាមជ្ឈមណ្ឌលកណ្តាល ក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន និងដៃគូវិនិយោគនានានៅប្រទេសកម្ពុជា។

 

ឯកឧត្ដមប្រធានសមាគម ក៏បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ដែរថា បច្ចុប្បន្ន JCA កំពុងកៀរគរ និងជំរុញវិនិយោគិនសហគ្រាសធុនតូច និងមធ្យមជប៉ុនដែលមានវិជ្ជាជីវៈ និងបច្ចេកវិទ្យាទំនើប មកវិនិយោគបន្ថែមនៅកម្ពុជា ក្នុងន័យដើម្បីជំរុញការវិនិយោគបន្ថែម ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា។ 

 

ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្ដម Takahashi Fumiaki និងគណៈប្រតិភូ សមាគមជប៉ុន-កម្ពុជា ព្រមទាំងបានសម្តែងនូវការអបអរសាទរសម្រាប់ឱកាសប្រារព្ធខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅ។ 

 

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណសមាគមជប៉ុន-កម្ពុជា ដែលបានជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មដល់ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការ  ជាពិសេសការជំរុញវិនិយោគិនជប៉ុនមកបណ្ដាក់ទុនដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

 

មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះគម្រោងបើកការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ និងបានថ្លែងអរគុណវិនិយោគិនជប៉ុនដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ និងគ្រឿងសម្អាងនៅកម្ពុជា៕ED0E012D-A9E5-4B70-9DB2-F672DFEB6CD2EE9737C8-5575-45F7-93F0-20966455C87540985107-3C2F-40B8-9040-99A1B52D6C672597A2B2-8939-4541-9468-55C037DD387D878A5A9A-9CDD-4477-A93D-D5476CA311A9

Comments

Related posts