អភិបាលខេត្តសៀមរាបថា៖ ព្រឹត្តិការណ៍ប្រណាំងទូក-ង នៅខេត្តសៀមរាប បានបិទជាផ្លូវការ ស្ថិតបរិយាកាសសប្បាយរីករាយ និងមានលក្ខណៈល្អប្រសើរ


វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣

IMG_3439

IMG_3440

IMG_3438

IMG_3437

IMG_3436

IMG_3431

IMG_3429
MC. ការប្រណាំងទូក-ង នៅតាមដងស្ទឹងសៀមរាប ដែលបានរៀបចំឡើង ដោយរដ្ឋបាលខេត្តសៀមរាប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ត្រូវបានប្រកាសបិទជាផ្លូវការហើយ នាព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងលក្ខណៈសប្បាយរីករាយ ព្រមជាមួយការប្រគល់ជូនពានរង្វាន់ជូនកីឡាករ កីឡាការិនីដែលទទួលបានជ័យជម្នះ។
អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!
មានប្រសាសន៍ក្នុងឱកាសបិទបញ្ចប់ពិធីប្រណាំងទូក និងប្រគល់ពាន់រង្វាន់ជូនកីឡា កីឡាការិនី នាឱកាសនោះ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ឯកឧត្តមមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ នៅបរិវេណដងស្ទឹងសៀមរាប ក្នុងពិធីបិទការ ប្រណាំងទូក "ង" បន្ទាប់ពីបានដំណើរការអស់រយៈពេលមួយថ្ងៃកន្លះកន្លងមក។ ប៉ុន្តែកម្មវិធីកម្សាន្តសប្បាយផ្សេងៗ នឹងត្រូវប្រារព្ធឡើងរយៈពេលមួយថ្ងៃទៀត។ ដែលក្នុងរយៈពេលពីរថ្ងៃនេះ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមកចូលរួម ទស្សនាកម្សាន្ត ក្នុងព្រះរាជពិធីយ៉ាងច្រើនកុះករ ។
ឯកឧត្តមមានប្រសាសន៍បន្តថា ចំណែកឯការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ប្រព្រឹត្តបានល្អប្រសើរ ដោយមិនមានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ប្លន់ និងបាតុភាព អវិជ្ជមានផ្សេងៗទៀតគួរឱ្យកត់សម្គាល់ឡើយ។ ក្នុងនោះ ស្ថានភាពអនាម័យបរិស្ថានវិញ ក៏មានសភាពល្អប្រសើរជាងពេល មុនៗ។ ដោយនៅទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជា តាមបណ្តោយស្ទឹងសៀមរាប បញ្ហាចរាចរណ៍នៅក្នុងក្រុង និងនៅជុំវិញទីតាំងប្រារព្ធពិធី មានលក្ខណៈល្អប្រសើរ បើទោះបី ជាមានការកកស្ទះនៅតាមកន្លែងខ្លះក៏ដោយ ក៏កងកម្លាំងសមត្ថកិច្ច បានជួយសម្រួល ចរាចណ៍បានទាន់ពេលវេលា។ និងដំណើរការ នៃការប្រណាំងទូក "ង" ក៏បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ បង្កលក្ខណៈ សប្បាយរីករាយ អធិកអធម និងរក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងការកោតសរសើរ ចំពោះ អនុគណៈកម្មការរៀបចំព្រះរាជពិធី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ដោយស្មារតីយកចិត្ត ទុកដាក់ខ្ពស់ យ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងធ្វើឱ្យដំណើរការទូទៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុកនេះ ទទួលបានលទ្ធផលជាផ្លែផ្កាទៅតាមផែនការគួរជាទីមោទនៈ។
សំឡេង៖ ជាថ្មីម្តងទៀតក្នុងនាមគណៈកម្មាធិការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  ខ្ញុំសូមថ្លែងអំណរអរគុណ និងការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក នៃអនុគ ណៈកម្មការរៀបចំព្រះរាជពិធីទាំង៧ ចំណុះឱ្យគណៈកម្មការកណ្តាល រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត ដែលបានរៀបចំទូក “ង” ចូលរួមក្នុងការប្រកួត ហើយបានខិតខំប្រឹងប្រែងដោយស្មារតីយកចិត្ត ទុកដាក់ខ្ពស់របស់ខ្លួនយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងធ្វើឱ្យដំណើរការទូទៅក្នុងព្រះរាជពិធីរបស់យើងទទួលបានលទ្ធផលជាផ្លែផ្កាទៅតាមផែនការគួរជាទីមោទនៈ។
សូមជម្រាបជូនថា តាមលទ្ធផលនៃការប្រកួតបានរកឃើញថា ទូកផ្នែកបុរស គឺ ទូកឈ្មោះសៀមរាបក្រុងមរតកអង្គរ ជារបស់រដ្ឋបាលក្រុងសៀមរាប ទទួលចំណាត់ថ្នាក់លេខ១ , ទូកឈ្មោះសូទ្រនិគមសែនជ័យបារមីតាពេជ្រ ជារបស់រដ្ឋបាលស្រុកសូទ្រនិគម និងរដ្ឋបាលស្រុកស្វាយលើ ទទួលចំណាត់ថ្នាក់លេខ២ និង ទូកឈ្មោះ រំដួលសែនជ័យបារមីអង្គរ ជារបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទទួលចំណាត់ថ្នាក់លេខ៣ ខណៈទូកឈ្មោះ នាគអង្គរមានជ័យ ជារបស់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តមានជ័យ ទទួលចំណាត់ថ្នាក់លេខ៤ ។
ចំណែក ទូកផ្នែកនារី គឺ ៖ ទូកឈ្មោះ យាយទេពសំដែងរិទ្ធិ ជារបស់រដ្ឋបាលក្រុងសៀមរាប ទទួលចំណាត់ថ្នាក់លេខ១ , ទូកឈ្មោះ តេជោធិបតីបារមីបាគង ជារបស់រដ្ឋបាលស្រុកប្រាសាទបាគង សាខាគយ និងរដ្ឋាករខេត្តសៀមរាប និងយោធិនពិការ៣១៧ ទទួលចំណាត់ថ្នាក់លេខ២ និង ទូកឈ្មោះហង្សចន្ទមានជ័យបារមីមហានគរ របស់សាខាពន្ធដាខេត្ត ទទួលចំណាត់ថ្នាក់លេខ៣ ៕

Comments

Related posts