ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ ជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា


វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៨ ១១ ២០២៣

a15-7

a14-12

a12-17

a7-28

a6-33
ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដោយតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
  ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ បន្ទាប់ពីការខកខានអស់រយៈពេល៣ឆ្នាំជាប់គ្នា ដោយសារតែប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលទទួលរងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នឹងបានធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់យ៉ាងគំហុក។
ឯកឧត្ដម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបន្តថា ការចាប់ផ្តើមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ជាការបើកទំព័រថ្មីមួយ សម្រាប់ការជំរុញវិស័យទេសចរណ៍របស់កម្ពុជាឱ្យងើបឡើងវិញបន្ថែមទៀត។ ជាក់ស្តែង ឆ្នាំនេះភ្ញៀវទេសចរជាតិនិងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទីកន្លែង ដើម្បីទស្សនាពិធីបុណ្យអុំទូកនេះ។ ដោយឡែកនៅពន្លាខាងជើងនៃពន្លាជាតិ ភ្ញៀវទេសចរអន្តរជាតិប្រមាណ២ពាន់នាក់ក្នុងមួយថ្ងៃ បានមកទស្សនាពិធីបុណ្យអុំទូក ខណៈដែលកាលពីឆ្នាំ២០១៩ រយៈពេល៣ថ្ងៃមានភ្ញៀវទេសចរអន្តរជាតិទស្សនាត្រឹមតែប្រមាណ២ពាន់នាក់ប៉ុណ្ណោះ។
ឯកឧត្ដម បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការងារឃោសនាវិស័យទេសចរណ៍កម្ពុជា ទៅលើឆាកជាតិនិងអន្តរជាតិ ខណៈដែលមុនពិធីក្រសួង ក៏បានធ្វើការផ្សព្វផ្សាយផងដែរ ដើម្បីឱ្យដឹងពីព្រឹត្តិការណ៍ទៅកាន់ពិភពលោក និងចូលរួមទស្សនា។
« ឆ្នាំនេះយើងចាប់ផ្តើមធ្វើឡើងវិញ ជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ជារួមសេដ្ឋកិច្ចក៏ដូចជាវិស័យទេសចរណ៍។ ឆ្នាំនេះយើងពិនិត្យឃើញថា ប្លែកភ្ញៀវទេសចរជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋយើង មកពីគ្រប់ទិសទីក្នុងដំណើរផ្លូវដ៏វែងឆ្ងាយរបស់ខ្លួន ចូលមកទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ ចំនួនដ៏កុះករទាំងនេះយើងឃើញហើយថា អាចកើតឡើងមានបានអាស្រ័យសំខាន់បំផុត ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកម្ពុជាទទួលបានសុខសន្តិភាព ជាមូលដ្ឋានអនុញ្ញាតឱ្យរៀបចំកម្មវិធីនេះ »។
លោក ស៊ុន សាន អ្នកស្រុកល្វាឯម បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នេះជាលើកទី១ ដែលប្អូនបានមកឃើញទិដ្ឋភាពផ្ទាល់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ ដែលប្អូនមានអារម្មណ៍រំភើបណាស់ និងបានឃើញពីភាពស្រស់ស្អាតក្នុងការរៀបចំកម្មវិធីនេះ។
 « ព្រះរាជពិធីបុណ្យអុំទូកនេះ សប្បាយខ្លាំងណាស់ ព្រោះនេះជាលើកទី១របស់ខ្ញុំដែលបានចូលរួម ខ្ញុំនៅស្រុកល្វាឯមនេះទេ ដោយសារតែឆ្នាំនេះខ្ញុំមកធ្វើការនៅភ្នំពេញ ទើបបានមក ហើយការរៀបចំទីក្រុងស្អាតខ្លាំងណាស់ ព្រោះខ្ញុំអត់ដែលបានមក »។
លោក ម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា  សម្រាប់ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណ១លាន២សែននាក់ ខណៈដែលថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ  មានបងប្អូនប្រជាពលរដ្ឋប្រមាណ១លាន៧សែននាក់បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ  បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ  អស់រយៈពេល៣ឆ្នាំមក ។
សូមបញ្ជាក់ថា ក្នុងរយៈពេល១០ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេចរណ៍ប្រមាណជាង៤លាននាក់ បើប្រៀបធៀបកាលពីឆ្នាំ២០២២ មានការកើនឡើង១៧៩.០៤ភាគរយ៕

Comments

Related posts