អ្នកមកលេងព្រះរាជពិធីបុណ្យអុំទូកកោតសរសើរចំពោះការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុងបានល្អ


វិទ្យុជាតិកម្ពុជា ៖លោក ជួនបូណា

a16-6

a17-7

a18-8

a19-4

a20-4
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលចូលរួម ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះបានកោតសរសើរចំពោះការអភិវឌ្ឍ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរ គួរឱ្យចង់ដើរទស្សនាទាំងពេលថ្ងៃ និងពេលរាត្រី។
លោកអឿន សុភា ជាអ្នករត់រម៉កកង់បី ក្នុងឱកាសបុណ្យអុំទូកនេះ បានប្រាប់វិទ្យុជាតិកម្ពុជាថា
ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វាត្រើយខាងកើត និងទីកន្លែង សប្បាយ ភាពជាច្រើន  គឺមានវត្តមានប្រជាពលរដ្ឋជាច្រើនកុះករមកពីគ្រប់ទិសទីដើរមកកម្សាន្ត។
លោកអឿន សុភាបានអរគុណចំពោះ អាជ្ញាធររាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធដែលបានរៀបចំតុបតែងភ្លើងលម្អបង្កើតបានជាសោភ័ណភាពដ៏ល្អស្រស់លើកកម្ពស់សម្រស់រាជធានីបានកាន់តែស្រស់ស្អាតខ្លាំង។
 « មនុស្សមកច្រើន ការរៀបចំក៏មានសណ្តាប់ធ្នាប់  ប្រជាជនមកលេងប្រកបដោយស្នាមញញឹម  ព្រោះអាជ្ញាធររៀបចំបែបបទល្អ ជាងមុខឆ្ងាយ ។ ប្រជាពលរដ្ឋយល់ដឹងចេះទុកដាក់សំរាមត្រឹមត្រូវ ធ្វើឱ្យទីក្រុងមានសោភ័ណភាព។ ពេលកន្លែងណាចង្អៀតសមត្ថកិច្ចជួយសម្រួល »។
លោក ផាន និមលរស់នៅរាជធានីភ្នំពេញបានមើលឃើញថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូកបានល្អប្រសើរ និងការអភិវឌ្ឍរាជធានីភ្នំពេញបែបនេះ ដោយសារតែកម្ពុជាមានសន្តិភាពបរិបូរណ៍ មានសន្តិភាពគឺមានការអភិវឌ្ឍ និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ។
លោកសង្ឃឹមថា នៅឆ្នាំខាងមុខៗប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនថែមទៀត ហើយមានលទ្ធភាពរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញមានអគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ រហូត ដល់ទៅជាង២០០០អគារ ស្ពានអាកាសថ្មើរជើង ចំនួន៤កន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ និងកសាងស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ  ដើម្បីឆ្លើយតប ទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាពស៊ីវិល័យ  និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវ ប្រកបដោយសុវត្ថិភាព។ បន្ថែមពីនេះទៀតមានស្ពានអាកាសដើម្បីសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ  ៕

Comments

Related posts