បទយកការណ៍៖ប្រជាពលរដ្ឋដែលមកលេងកម្សាន្តព្រះរាជពិធីបុណ្យអុំទូកសម្ដែងការសប្បាយរីករាយនិងកោតសរសើរពីការរៀបចំសណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ដោយលោកស្រីសន សាវិន

លោកអ្នកនាង និងប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី !

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុករយៈពេល៣ថ្ងៃបានបញ្ចប់ ដោយភាពជោគជ័យនិងភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានានៅទូទាំងប្រទេស។ក្នុងនោះដែរប្រជាពលរដ្ឋបានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំសន្តិសុខសណ្ដាប់ធ្នាប់និងតុបតែងលម្អភ្លើងចម្រុះពណ៌ នៅតាមសួនច្បារនានានិងតាមដងផ្លូវយ៉ាងស្រស់បំព្រង ដែលបានជួយលើកសោភណភាពរាជធានី ភ្នំពេញ គួរឲ្យពេចពិលរមិលមើល។

តទៅនេះសូមលោកអ្នកនាងស្ដាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្ដីពី៖ ប្រជាពលរដ្ឋដែលមកលេងកម្សាន្តព្រះរាជពិធីបុណ្យអុំទូកសម្ដែងការសប្បាយរីករាយនិងកោតសរសើរពីការរៀបចំសណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ

អស់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែកប្រទីប និងសំពះព្រះខែ អកអំបុកយើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានធ្វើដំណើរមកពីគ្រប់ទិសទី ចូលមកកាន់រាជធានីភ្នំពេញក្នុងរយៈពេល៣ថ្ងៃ។ លោកអុំ ចៀម ងុយ មកពីខេត្ត ក្រចេះ ដែលបានអញ្ចើញមកចូលរួមលេងកម្សាន្តនៅក្នុងព្រះរាជពិធី បុណ្យអុំទូកនៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលបានឃើញទីក្រុងនេះ មានការអភិវឌ្ឍន៍ច្រើនខុសប្លែកពីឆ្នាំមុនៗ ដូចជាផ្លូវថ្នល់ស្អាតខ្វាត់ខ្វែង មានស្ពានអាកាសទំនើបៗ និង អគារខ្ពស់ៗយ៉ាងច្រើន។ ជាមួយគ្នានេះលោកថា នៅតាមសួនច្បារសាធារណៈនានាកាន់តែមានភាពស្រស់ស្អាត មានផ្កាចម្រុះពណ៌គ្រប់ប្រភេទ ចំណែកនៅពេលរាត្រីវិញមានការតុបតែងភើ្លងបំភ្លឺគ្រប់ពណ៌។

សំឡេងទី១«ឥឡូវវារីកចម្រើនច្រើនណាស់មើលទៅស្អាត ឃើញទិដ្ឋភាពផ្ទះធំៗ ប្លែកតាំងពីផ្លូវ តាំងពីផ្ទះឡើង ផ្លូវថ្នល់ ផ្លូវស្អាតបើកបរស្រួល។IMG_20231129_200338_035

    អ្នកស្រី ចិន្ដា ជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាឱ្យដឹងថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំនេះ ពោរពេញដោយភាពសប្បាយរីករាយ និងបានប្រព្រឹត្តិទៅធំជាងមុន ទាំងការប្រណាំងទូក អុជកាំជ្រួច ការតាំងពិព័រណ៍លក់ផលិតផល ការប្រគំតន្ដ្រី ជាច្រើនដែលបង្កភាពសប្បាយរីករាយជាខ្លាំង។រីឯប្រទីបវិញនោះក៏មានចំនួនច្រើនជាងមុន ព្រមទាំងមានការតុបតែងយ៉ាងស្រស់ស្អាត។អ្នកស្រី បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះឡើងវិញ ក្រោមម្លប់សុខសន្ដិភាព ព្រមដោយកងកម្លាំងមានសមត្ថកិច្ច មន្ត្រីសុខា ភិបាល មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប ចុះស្រាវជ្រាវរកទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ក្នុងផលិតផលម្ហូបអាហារជាដើម ដែលធ្វើឱ្យការដើរកម្សាន្ដ មានភាពកក់ក្តៅជាទីបំផុត។ 

សំឡេង២៖ «សម្រាប់បងដូចជាមិនមានការភ័យ បារម្ភព្រួយពីអសន្តិសុខឬសុវត្ថិភាពទេ គឺមានភាពសប្បាយរីករាយទាំងការធ្វើដំណើរតាំងពីបងមកតាំងពីម្សិលមិញ រហូតមកដល់ថ្ងៃទី១នេះផ្ទាល់គឺមិនមានភាពអសន្តិសុខ ឬក៏អ្វីនៅក្នុងការធ្វើដំណើរកម្សាន្តរបស់បង ក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងដែលស្ថិតនៅក្នុងពិធីបុណ្យជាតិនេះទេ»។IMG_20231129_200341_885

រីឯលោកពៅ ធារ៉ាមកពីខេត្តព្រៃវែងដែលបានមកលេងកម្សាន្តនៅរមណីយដ្ឋានវត្តភ្នំក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកបានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធររាជធានីភ្នំពេញដែលបានរៀបចំផ្នែកបរិស្ថានបានយ៉ាងល្អប្រសើរ។លោកបានបន្តថា៖ ប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តនៅក្នុងឱកាសបុណ្យអុំទូកមានការយល់ដឹងច្រើនចំពោះអនាម័យបរិស្ថាន ពីព្រោះថាបងប្អូនបានទទួលព័ត៌មាននៃការផ្សព្វផ្សាយពីបរិស្ថាននេះផងដែរ។

សំឡេងទី៣« មើលទៅឃើញស្អាតល្អដើរជុំវិញ មើលទៅឃើញល្អហើយធុងសំរាម

បានដាក់ដាច់ដោយឡែកពីគ្នាមានធុងសំរាមស្ងួតនិងធុងសំរាមសើមធ្វើឱ្យប្រជាពលរដ្ឋមិនបាច់ដើរទៅឆ្ងាយដើរតែបន្តិចដល់កន្លែងធុងសំរាមមើលទៅប្រជាពលរដ្ឋមានការយល់ដឹងច្រើនគាត់អាចចាត់ថ្នាក់សំរាមដាក់តាមធុងបានហើយការបោះចោលគាត់មានការអៀនខ្លូនដែរមើលទៅយកដាក់ធុងវិញ»។IMG_20231129_200347_920

ងាកមកលោកអឿន សុភា ជាអ្នកខេត្តពោធិសាត់ បានឱ្យដឹងថា៖ ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត និងទីកន្លែង សប្បាយ ៗជាច្រើនទៀត គឺមានវត្តមានរបស់ប្រជាពលរដ្ឋជាច្រើនកុះករមកពីគ្រប់ទិសទីដើរមកទស្សនាកម្សាន្ត។លោកអឿន សុភាបានថ្លែងអំណរគុណចំពោះ អាជ្ញាធររាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធដែលបានរៀបចំតុបតែងភ្លើងលម្អបង្កើតបានជាសោភណភាពដ៏ល្អស្រស់លើកកម្ពស់សម្រស់រាជធានីភ្នំពេញបានកាន់តែស្រស់ស្អាតទ្វេឡើងថែមទៀត។

សំឡេងទី៤ « មនុស្សមកច្រើន ការរៀបចំក៏មានសណ្តាប់ធ្នាប់ ប្រជាជនមកលេងប្រកបដោយស្នាមញញឹម ព្រោះអាជ្ញាធររៀបចំបែបបទល្អ ជាងមុខឆ្ងាយ ។ ប្រជាពលរដ្ឋយល់ដឹងចេះទុកដាក់សំរាមត្រឹមត្រូវ ធ្វើឱ្យទីក្រុងមានសោភ័ណភាព។ ពេលកន្លែងណាចង្អៀតសមត្ថកិច្ចជួយសម្រួល »។IMG_20231129_200352_867

ជួបជាមួយអ្នកស្រី គឹម ធឿន មកពីខេត្តកំពង់ចាម បានលើកឡើងស្រដៀងគ្នាដែរថា៖ រាជរដ្ឋាភិបាលបានរៀបចំ ព្រះរាជពិធីបុណ្យឆ្នាំនេះបានយ៉ាងល្អប្រសើរ ដោយមានកម្លំាងការពារសន្តិសុខសណ្តាប់ធ្នាប់ មានពេទ្យ ប្រចាំការដែលបានធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅចំពោះការដើរកម្សាន្តមិនបារម្ភពីហានិភ័យណាមួយ កើតឡើងឡើយ។

សំឡេងទី៥«មកឆ្នាំហ្នឹងប្លែកភ្នែកមើលទៅឃើញភ្លើងព្រោងព្រាត មានអារម្មណ៍រំភើបក្នុងចិត្ត ប្លែកតាំងពីសួនច្បារ អគារ ការអភិវឌ្ឍន៍ឃើញប្លែក ផ្ទះ ផ្លូវថ្នល់ អគារធំៗច្រើនណាស់ខ្ពស់ៗ ចាសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលបានជួយឱ្យប្រទេសជាតិថ្កុំថ្កើងត្រេកអរខ្លាំងរកអ្វីប្រៀបពុំបានក្នុងចិត្តទេ» ។IMG_20231129_200401_666

ជាមួយគ្នានេះដែរ អ៊ំស្រីសៀវ សឿន ដែលបានធ្វើដំណើរតាំងពីខេត្តបាត់ដំបង ដើម្បីមក ចូលរួមកម្សាន្តក្នុងពិធីបុណ្យនេះ ក៏បានសម្ដែងការសប្បាយរីករាយជាពន់ពេកព្រោះ កត់សម្គាល់នូវរាល់ ទិដ្ឋភាពនៅគ្រប់ទីតាំងដែលអ៊ុំស្រីបានទៅដល់ឃើញថាមានភាពស្រស់ស្អាតប្លែកជាងមុន ជាពិសេសនៅមុខព្រះបរមរាជវាំង។

សំឡេងទី៦«ប្លែកត្រង់ថាឥឡូវវាអត់ដូចមុន វាមានផ្ទះខ្ពស់ៗមានសួនច្បារសម្រាប់អង្គុយលេងផ្លូវថ្នល់ស្អាតអនាម័យបរិស្ថានក៏ស្អាត ឆ្នាំក្រោយមកទៀត »។IMG_20231129_200404_749

         ឯកឧត្ដមសូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ការចាប់ផ្តើមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ជាការបើកទំព័រថ្មីមួយទៀត សម្រាប់ការជំរុញវិស័យទេសចរណ៍របស់កម្ពុជាឱ្យងើបឡើងវិញបន្ថែមទៀត។ជាក់ស្តែង ឆ្នាំនេះ នៅពន្លាខាងជើងនៃពន្លាជ័យ ភ្ញៀវទេសចរអន្តរជាតិប្រមាណ២ពាន់នាក់ក្នុងមួយថ្ងៃ បានមកទស្សនាពិធីបុណ្យអុំទូក ខណៈដែលកាលពីឆ្នាំ២០១៩ រយៈពេល៣ឆ្នាំមុនមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាត្រឹមតែប្រមាណ២ពាន់នាក់ប៉ុណ្ណោះក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យ។ឯកឧត្ដម បានបញ្ជាក់ថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ក្រសួងបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការងារឃោសនាវិស័យទេសចរណ៍កម្ពុជា ទៅលើឆាកជាតិនិងអន្តរជាតិ ខណៈដែលមុនពិធីបុណ្យក្រសួង ក៏បានធ្វើការផ្សព្វផ្សាយផងដែរ ពីព្រឹត្តិការណ៍នេះទៅកាន់ពិភពលោកដើម្បីឱ្យភ្ញៀវបរទេសបានដឹងនិងចូលរួមទស្សនាកម្សាន្ត។

សំឡេងទី៧« ឆ្នាំនេះយើងចាប់ផ្តើមធ្វើឡើងវិញ ជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជារួមសេដ្ឋកិច្ចក៏ដូចជាវិស័យទេសចរណ៍។ ឆ្នាំនេះយើងពិនិត្យឃើញថា ប្លែកភ្ញៀវទេសចរជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋយើង មកពីគ្រប់ទិសទីក្នុងដំណើរផ្លូវដ៏វែងឆ្ងាយរបស់ខ្លួន ចូលមកទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ ចំនួនដ៏កុះករ។ទាំងនេះយើងឃើញហើយថា អាចកើតឡើងបានអាស្រ័យសំខាន់បំផុត ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកម្ពុជាទទួលបានសុខសន្តិភាពជាមូលដ្ឋានអនុញ្ញាតឱ្យរៀបចំកម្មវិធីនេះ»។IMG_20231129_200331_005

          នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះរយៈពេល៣ថ្ងៃ គឺមានប្រជាពលរដ្ឋពីគ្រប់ទិសទីមកចូលរួមកម្សាន្តទស្សនា រាប់លាននាក់។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះជាង១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ចំនួន១៤គោលដៅ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនជាទីបំផុត ដើម្បីផ្ដល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ មានចំនួនទូកនិងកីឡាករអុំទូកមានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ បានយ៉ាងអធិកអធម បន្ទាប់ពីពិធីបុណ្យនេះត្រូវបានខកខានចំនួន៣ឆ្នាំមកហើយដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។

សំឡេងទី៨« យើងបានបែងចែកជា៣ដំណាក់ ទីមួយ យើងបានត្រៀមរៀបរយនៅក្នុងតំបន់សុវត្ថិភាពគឺមានកម្លាំងជំនាញ កម្លាំងថែរក្សាសណ្ដាប់ធ្នាប់ កម្លាំងអន្តរាគមន៍ ទីពីរយើងមានកម្លាំងកិច្ចការពារ ទីបីយើងបានបែងចែកទៅតាមភូមិសាស្ត្រដើម្បីត្រួតពិនិត្យសភាពការណ៍ សម្រាប់ការពារប្រជាពលរដ្ឋនៅតាមសង្កាត់នីមួយៗដែលស្ថិតនៅក្នុងចំណុះអគ្គ១៤ខណ្ឌ » ។IMG_20231129_203513_444

    លោកអ្នកនាងស្ដាប់ជាទីមេត្រី!

ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣នេះបានបញ្ចប់ទៅ ដោយភាពជោគជ័យក្រោមម្លប់សុខសន្តិភាពនិងភាពសប្បាយរីករាយក្រៃលែងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត។ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានគណៈកម្មការបច្ចេកទេសប្រណាំងទូកបានឱ្យដឹងថា៖ ព្រះរាជពិធីប្រណាំងទូករយៈពេលបីថ្ងៃនេះបានបញ្ចប់ដោយភាពជោគជ័យនិងរលូនជាទីបំផុត ហើយការប្រណាំងទូកធានាសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ណាមួយកើតឡើង ចំពោះក្រុមកីឡាករ កីឡាការិនី។

ឯកឧត្តមបានបញ្ជាក់ថា៖ ក្នុងព្រះរាជពិធីប្រណាំងទូកទំាង៣ថ្ងៃនេះ គឺបានរកឃើញទូកគូពិសេស លេខ១ដែលមានល្បឿនលឿនជាងគេប្រចាំឆ្នាំ២០២៣នេះ គឺបានទៅលើទូកឈ្មោះមហាទន្សាយតេជោសែនជ័យ មកពីខេត្តកំពង់ចាម ទូកលេខ២ បានទៅលើទូកឈ្មោះសម្ដេច វិបុលបញ្ញា បារមីមានជ័យ មកពីខេត្តតាកែវ និងលេខ៣បានទៅលើទូកឈ្មោះ កោះកេសែន ជ័យបារមីព្រះអង្គខ្មៅ មកពីខេត្តព្រះវិហារ៕

Comments

Related posts