ផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ជាហេដ្ឋារចនាសម្ព័ន្ធទន់ ក្នុងការដោះស្រាយបញ្ហាប្រឈមនៃគ្រោះថ្នាក់ចរាចរណ៍

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣០ ១១ ២០២៣

IMG_3665

IMG_3666

IMG_3667

ភ្នំពេញ ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ជាហេដ្ឋារចនាសម្ព័ន្ធទន់ ក្នុងការដោះស្រាយបញ្ហាប្រឈមនៃគ្រោះថ្នាក់ចរាចរណ៍ និងវាជាត្រីវិស័យសម្រាប់រក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែបន្តជាបញ្ហាប្រឈម ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងខិតខំយកចិត្តទុកដាក់ដោះស្រាយបន្ថែមតាមគ្រប់វិធីសាស្ត្រ។ ជាក់ស្តែង ក្រសួងមហាផ្ទៃនិងក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ ដែលបានដាក់ ឱ្យអនុវត្តពេញលេញ ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដើម្បីបង្កើនប្រសិទ្ធភាពយន្តការរឹតបន្តឹង ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរជាងមុន សំដៅរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានមួយកម្រិតទៀត។
ឯកឧត្តម បានបញ្ជាក់ថា ផែនការជាតិទសវត្សរ៍ សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ គឺជាឧបករណ៍ សម្រាប់ចង្អុលបង្ហាញអំពីផែនការសកម្មភាព ដែលបានដាក់ចេញក្នុងគោលបំណងកាត់បន្ថយអត្រាអ្នកស្លាប់ និងរបួសឱ្យបាន៥០% ដោយកំណត់គោលដៅសំខាន់ចំនួន២គឺ គោលដៅទី១ កាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសតាមកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និង គោលដៅទី២ បង្កើនប្រសិទ្ធភាពការអនុវត្តការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក។
« ផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ដែលប្រកាសផ្សព្វផ្សាយនាពេលនេះ គឺជាហេដ្ឋា រចនាសម្ព័ន្ធទន់ ដែលមានបំណងជាក់លាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនៃគ្រោះថ្នាក់ ចរាចរណ៍លើដងផ្លូវ »។
សូមបញ្ជក់ថា ក្នុងរយៈពេល១០ឆ្នាំនៃការអនុវត្តផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី១ ឆ្នាំ២០១១-២០២០ អត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកក្នុងចំនួនប្រជាជន ដប់ម៉ឺននាក់ បានធ្លាក់ចុះពី ១៣,១នាក់ ក្នុងឆ្នាំ២០១១ មកនៅ ត្រឹម១០,១នាក់ ក្នុងឆ្នាំ២០២២។ ដោយឡែកអត្រាអ្នកស្លាប់ក្នុងចំនួនយានយន្តចុះបញ្ជី មួយម៉ឺនគ្រឿង បានធ្លាក់ចុះពី១០នាក់ ក្នុងឆ្នាំ២០១១ មកត្រឹម ២,៨នាក់ ក្នុងឆ្នាំ២០២០៕

Comments

Related posts