ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យអភិបាលរាជធានី-ខេត្ត បង្កើតផ្សាររាត្រីឱ្យបានច្រើន ដើម្បីទាក់ទាញទេសចរ

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១ ១២ ២០២៣ 

IMG_3770

IMG_3768

IMG_3766

IMG_3765

 

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត បង្កើតផ្សាររាត្រីឱ្យបានច្រើន ដើម្បីជំរុញវិស័យទេសចរឱ្យបានកាន់តែសកម្មបន្ថែមទៀត។

   ក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងជួបបញ្ហាសេដ្ឋកិច្ច ក្នុងនោះសូម្បីតែថៃនិងចិន ក៏ប្រកាសលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរ មកពីបណ្ដាប្រទេសអឺរ៉ុបមួយចំនួនផងដែរ ដើម្បីជំរុញលើកកម្ពស់វិស័យទេសចរណ៍។ 

ឯកឧត្តមអភិសន្តិបណ្ឌិត  បានបន្តថា ដ្បិតកម្ពុជាមិនបានប្រកាសលើកលែងទិដ្ឋាការដូចប្រទេសទាំងនោះ តែការទាក់ទាញភ្ញៀវទេសចរ និងចំណូលបានពីទេសចរណ៍ ពិតជាមានសារៈសំខាន់ ដូច្នេះស្នើឱ្យ អភិបាលរាជធានី-ខេត្ត ទាំងអស់បង្កើតផ្សាររាត្រីដែលវាមានលក្ខណៈស្រដៀងទៅនឹង Pubstreet នៃខេត្តសៀមរាប ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរមួយកម្រិតទៀត។ 

ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា តាមគម្រោងផ្សាររាត្រីនេះអាចនឹងចាប់ផ្ដើមនៅអំឡុង ខែមករា ឆ្នាំ២០២៤ ដោយអាចកំណត់ថ្ងៃបើកនៅចុងសប្តាហ៍ ដោយក្នុងមួយសប្តាហ៍អាចដំណើរការរយៈពេល ២ថ្ងៃក្នុងមួយសប្តាហ៍ឬអាច៣ថ្ងៃក្នុងមួយសប្តាហ៍ ដូចនៅ Pubstreet ខេត្តសៀមរាបផងដែរ។ បន្ថែមពីនោះទៀត ការបើកឱ្យមានផ្សាររាត្រីនេះ ក៏ត្រូវគិតគូរសំខាន់ទៅលើសន្តិសុខសណ្ដាប់ធ្នាប់ និងចំណត ផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។  « អ៊ីចឹងហើយសុំឱ្យឯកឧត្តម អភិបាលរាជធានីខេត្តមេត្តាពិនិត្យរើសទីតាំងណាមួយ នៅក្នុងខេត្តរបស់ខ្លួនជាភាពទាក់ទាញ នៅភ្នំពេញដូចគ្នាដែរ មានទីតាំងច្រើនណាស់ដែលយើងអាចសិក្សា ប៉ុន្តែសូមផ្តោតលើការងារធំៗ ទី១គឺសន្តិសុខ ទី២រឿងកន្លែងចំណត មិនអាចបិទបាំងហើយ ស្ទះចរាចរណ៍ប្រជាពលរដ្ឋមកជេរបន្ថែមទៀតនោះទេ។ ដូច្នេះហើយខ្ញុំសុំឱ្យអភិបាលរាជធានីខេត្តពិនិត្យ នៅក្នុងផែនការនេះ និងអាចចាប់ផ្តើមនៅដើមខែមករា ឆ្នាម២០២៤ ក្នុងគោលដៅដើម្បីមានភាពទាក់ទាញបន្ថែមទៀតដល់ខេត្ត ដោយឥឡូវការទាញ ការស្នើសុំក៏ដូចជាការផ្តល់នូវអាទិភាព ក្នុងការទាក់ទាញភ្ញៀវទេសចរនេះ មានភាពសកម្មនៅលើពិភពលោក សូម្បីតែប្រទេសចិត្តខ្លួនឯង ព្រោះមិនដឹងថា សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ ឬ២០២៥ យ៉ាងណានោះទេ »។

សូមបញ្ជាក់ថា ក្នុងរយៈពេល១០ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេចរប្រមាណជាង៤លាននាក់ បើប្រៀបធៀបកាលពីឆ្នាំ២០២២ មានការកើនឡើងជាង១៧៩ ភាគរយ៕

Comments

Related posts