លោក ពូទីន ប្រកាសផ្តល់សញ្ជាតិដល់ជនបរទេសដែលជួយធ្វើសង្រ្គាមដើម្បីរុស្ស៊ី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b21-1

b22

អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានចេញក្រឹត្យមួយដែលនឹងអនុញ្ញាតឱ្យជនបរទេសដែលជួយធ្វើសង្រ្គាមដើម្បីរុស្ស៊ីនៅអ៊ុយក្រែន ទទួលបានសញ្ជាតិរុស្ស៊ីសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ បទបញ្ជានេះមានខ្លឹមសារថា អ្នកដែលបានចុះកុងត្រាចូលរួមធ្វើ "ប្រតិបត្តិការយោធាពិសេស" នៅអ៊ុយក្រែនដោយយ៉ាងហោចណាស់បាន ១ ឆ្នាំអាចដាក់ពាក្យសុំដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៊ីសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ។ ការអនុវត្តនេះមានតែចំពោះអ្នកដែលបានចុះកុងត្រាជាមួយកងកម្លាំងប្រដាប់អាវុធទូទៅ ឬក្រុមយោធាផ្សេងទៀត ដូចជាក្រុមទាហានស៊ីឈ្នួល Wagner ជាដើម។ វិធានការនេះមានគោលបំណងបង្កើតការលើកទឹកចិត្ត សម្រាប់ជនបរទេសដែលធ្លាប់មានបទពិសោធផ្នែកយោធាឱ្យមកចូលរួមក្នុងជួរទាហានរុស្ស៊ីថែមទៀត។ គួរបញ្ជាក់ថា មូស្គូមិនបានផ្សព្វផ្សាយពីទិន្នន័យនៃចំនួនជនបរទេស ដែលកំពុងប្រយុទ្ធជាមួយអ៊ុយក្រែននោះទេ។ តែបើតាមសេចក្តីរាយការណ៍របស់ Reuters កន្លងមកជនជាតិគុយបា បានចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ពរុស្ស៊ី ជាថ្នូរនឹងប្រាក់រង្វាន់ដែលមានចំនួនច្រើនជាង ១០០ ដងនៃប្រាក់បៀវត្សរ៍ជាមធ្យមប្រចាំខែ នៅឯគុយបា៕

Comments

Related posts