ការនាំចេញកសិផលរបស់ថៃ ទៅ ប្រទេសចិន បានកើនឡើង ៦,១ ភាគរយ ក្នុង ឆ្នាំ ២០២៣

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a23-45

a24-45

អន្តរជាតិ៖ មន្ត្រីរដ្ឋាភិបាលថៃបាននិយាយថា ការនាំចេញកសិផលរបស់ថៃទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកសិកម្មរបស់ប្រទេសនេះបានបន្តកើនឡើងក្នុងឆ្នាំ ២០២៣ ដោយកើនឡើង ៦,១៩ ភាគរយបើធៀបនឹងឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោកស្រី Narumon Pinyosinwat តំណាងពាណិជ្ជកម្មថៃបាននិយាយថា ប្រទេសនេះបានដឹកជញ្ជូនផលិតផលកសិកម្មចំនួន ៣៨៧,១១ ពាន់លានបាត (ប្រហែល ១០,៨២ ពាន់លានដុល្លារអាមេរិក) ទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន ដែលស្មើនឹង ៤១,៩២ ភាគរយនៃការនាំចេញផលិតផលកសិកម្មសរុបរបស់ខ្លួន។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ការនាំចេញផ្លែឈើគឺជាកត្តាជំរុញដ៏សំខាន់ ដោយមានតម្លៃ ២១៣,៥៩ ពាន់លានបាត កើនឡើង ២៦,១៤ ភាគរយពីឆ្នាំ ២០២២។ ការនាំចេញទុរេនស្រស់មានចំនួនសរុប ១៣៧,៤៧ ពាន់លានបាត កើនឡើង ២៩,៦៥ ភាគរយបើធៀបនឹងឆ្នាំ២០២២។ លោកស្រីបានបន្តថា អាជ្ញាធរថៃកំពុងធ្វើការដើម្បីលើកកម្ពស់ការនាំចេញកសិផលទៅកាន់ប្រទេសចិន តាមរយៈការបើកទីផ្សារថ្មីសម្រាប់ផលិតផលដូចជា ទុរេនស្រស់ និងម្នាស់។ លោកស្រីបន្ថែមថា ក្រសួងពាណិជ្ជកម្មកំពុងធ្វើការសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ដោយបង្កើតមជ្ឈមណ្ឌលសេវាកម្មច្រកចេញចូលតែមួយសម្រាប់ពាណិជ្ជកម្មតាមព្រំដែន និងភ្ជាប់ឯកសារនាំចេញ-នាំចូល តាមរយៈប្រព័ន្ធ National Single Window។ រដ្ឋាភិបាលប្តេជ្ញាប្រើប្រាស់យុទ្ធសាស្ត្រដឹកនាំដោយទីផ្សារ និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើនតម្លៃផលិតផលកសិកម្ម និងបង្កើនប្រាក់ចំណូលសម្រាប់កសិករថៃ៕

Comments

Related posts