ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីបកើនដល់ ២៩,៨៧៨ នាក់

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1951

IMG_1955

អន្តរជាតិ៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២៩,៨៧៨ នាក់ ចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩៦ នាក់ និង ១៧២ នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩,៨៧៨ នាក់ និងរបួស ៧០,២១៥ នាក់។ តាមសេចក្តីថ្លែងការណ៍ ជនរងគ្រោះមួយចំនួននៅបន្តជាប់គាំង នៅក្រោមគំនរបាក់បែក និង នៅតាមដងផ្លូវដោយកងកម្លាំងអ៊ីស្រាអែលបានរារាំងផ្លូវចូលរបស់រថយន្តសង្គ្រោះ និងក្រុមការពារជនស៊ីវិល។ គួរបញ្ជាក់ថា អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកដែលធ្វើឡើងដោយក្រុមហាម៉ាស់នៅព្រំដែនភាគខាងត្បូងរបស់អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានបណ្តាលឱ្យមនុស្សប្រមាណ ១,៤០០ នាក់ស្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង៕

Comments

Related posts