កម្ពុជា ព្យាយាមធ្វើឌីជីថលនីយ កម្មឱ្យអស់លទ្ធភាព ក្នុងវិស័យរដ្ឋាភិបាលនិងធុរកិច្ច ដោយផ្ដោតលើការងារសំខាន់មួយចំនួន

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១១.០៣.២០២៤

a-206

a5-227

a2-231

a1-229

a3-238

a4-234

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្លែងថា បច្ចុប្បន្នកម្ពុជា ព្យាយាមធ្វើឌីជីថលនីយកម្មឱ្យអស់លទ្ធភាព ក្នុងវិស័យរដ្ឋាភិបាលនិងធុរកិច្ច ដោយផ្ដោតលើបញ្ហាសំខាន់ចំនួន៣ ដើម្បីធ្វើបរិវត្តន៍កម្មឌីជីថលឱ្យសម្រេចបានជោគជ័យ តាមផែនការដែលបានគ្រោងទុក ។

ក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ថ្នាក់រដ្ឋមន្ត្រីនៃវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ដើម្បីធ្វើបរិវត្តន៍កម្មឌីជីថលសម្រេចបានដោយជោគជ័យ ក្រសួងប្រៃសណីយ ក្នុងនាមជាសេនាធិការ បច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍវិស័យប្រៃសណីយ៍ វិស័យទូរគមនាគមន៍ និងជាពិសេសវិស័យឌីជីថល ក្រសួងបានខិតខំអនុវត្តន៍ការងារផ្ដោតសំខាន់លើការផ្តល់សេវាកម្មទូរស័ព្ទ ដៃ និងអ៊ីនធឺណិត  ខណៈដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងបានយកចិត្តទុកដាក់ខ្ពស់ លើការកសាងអង់តែននៅក្នុងទីក្រុង ក៏ដូចជានៅតាមបណ្ដាខេត្តនានា ខណៈដែលអំឡុងពេល៤ឆ្នាំចុងក្រោយនេះ គឺកសាងអង់តែនបានជាង៣ពាន់កន្លែងទូទាំងប្រទេស ហើយបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងបន្តបង្កើននិងពង្រីកនៅតាមបណ្ដាខេត្តជាបន្តទៀត ឱ្យសម្រេចបានជោគជ័យត្រឹមឆ្នាំ២០២៥ លើការផ្តល់សេវាទូរសព្ទដៃនិងសេវាអ៊ីនធឺណេតគ្របដណ្ដប់ទូទាំងផ្ទៃប្រទេស ជាពិសេសនៅតាមតំបន់គោលដៅ ដូចជា៖ តាមបណ្ដាសាលារៀន មណ្ឌលសុខភាព សាលាឃុំ និងតំបន់ដែលមានប្រជាពលរដ្ឋរស់នៅតាមទីជនបទ ។
ឯកឧត្តមបានបន្តថា ក្រសួងក៏មានការយកចិត្តទុកដាក់ទៅលើតំបន់ដាច់ស្រយាល ដែលប្រតិបត្តិករទូរស័ព្ទចល័ត ក៏ដូចជាបណ្តាញអ៊ីនធឺណិតមិនអាចទៅដល់ ។ក្នុងនាមជារដ្ឋាភិបាល កម្ពុជានឹងប្រើប្រាស់កញ្ចប់ថវិកាជាតិ និងកញ្ចប់មូលនិធិ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនេះនៅតាមតំបន់ដាច់ស្រយាល ។ ម្យ៉ាងទៀត ក្រសួង បានព្យាយាមធ្វើបដិវត្តកម្មរដ្ឋាភិបាលរបស់កម្ពុជាផ្ទាល់ ឱ្យក្លាយទៅជារដ្ឋាភិបាលឌីជីថលនៅក្នុងបណ្ដាក្រសួង-ស្ថាប័ន គឺនឹងផ្តល់នូវបណ្ដាញដ៏ល្អ ទាំងសេវាទូរស័ព្ទ និងសេវាអ៊ីនធឺណិតដែលចាប់ដៃគូជាមួយក្រសួង មានអង្គភាពបរិវត្តន៍កម្មឌីជីថល ដោយធ្វើការបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋាភិបាល ដែលបច្ចុប្បន្នមានប្រមាណជាង៧ម៉ឺននាក់ហើយ ដែលទទួលបានការបណ្តុះបណ្តាល ពីការប្រើប្រាស់ឧបករណ៍ឌីជីថលនៅក្នុងការិយាល័យរបស់ពួកគាត់ ក្នុងនោះក៏មានផ្ដល់ឧបករណ៍ឌីជីថលជូនដល់ក្រសួង-ស្ថាប័ន ដើម្បីឱ្យពួកគាត់អាចអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តមបានបន្ថែមថា ក្រសួង បានធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាក្រសួង-ស្ថាប័ន ដើម្បីរៀបចំផែនការសកម្មភាពរបស់ពួកគាត់ក្នុងរយៈពេល១ឆ្នាំ-៣ឆ្នាំ ដើម្បីឱ្យបណ្ដាក្រសួងស្ថាប័នទាំងនោះអាចអនុវត្តផែនការរបស់ខ្លួន ឱ្យស្របទៅតាមផែនការដែលបានដាក់ចេញ ហើយប្រសិនបើពួកគាត់មិនមានអ្នកជំនាញនោះទេ ក្រសួងនឹងផ្តល់ជាជំនួយបច្ចេកទេស ក៏ដូចជាជម្រើសហិរញ្ញវត្ថុដល់ពួកគាត់ ដើម្បីជួយឱ្យពួកគាត់អាចសម្រេចបាននូវគោលដៅ ដែលខ្លួនបានកំណត់នៅក្នុងផែនការមេ និងផែនការសកម្មភាពរបស់ខ្លួន ។ ក្នុងនោះក្រសួងក៏ស្នើសុំ ឱ្យក្រសួង-ស្ថាប័ន ទទួលខុសត្រូវ ដោយបង្កើតជាគណៈកម្មការឌីជីថល ដើម្បីអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន ដែលមកដល់ពេលនេះ គឺក្រសួងមានថ្នាលរដ្ឋាភិបាលឌីជីថលជាង១០ ដែលបាននិងកំពុងតែប្រើប្រាស់រួមគ្នា ដោយមានការផ្តល់ជាជំនួយទៅដល់ក្រសួង-ស្ថាប័នទាំងអស់ ទៅលើការងារបច្ចេកទេស ដើម្បីឱ្យពួកគាត់អាចបង្កើតជាវេទិកាផ្ទាល់ខ្លួនផងដែរ ។
ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះក្រសួងបានផ្តល់ជូនអាហារូបករណ៍ តាមសកលវិទ្យាល័យជាច្រើន ដែលជ្រើសរើសធនធានល្អក្នុងចំណោមល្អ ដើម្បីបង្កើតជាផែនទីបង្ហាញផ្លូវឌីជីថល ដែលដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ ធ្វើយ៉ាងណាឱ្យក្រុមហ៊ុន និងសាកលវិទ្យាល័យ មានលទ្ធភាពកសាងកម្មវិធីសិក្សា ផ្តល់ការបណ្តុះបណ្តាលដល់ធនធានមនុស្សរបស់ខ្លួន អំពីបច្ចេកវិទ្យាដែលថ្មីបំផុតក្នុងពេលបច្ចុប្បន្ន។ នៅកម្រិតសាលារៀនព្យាយាមលើកកម្ពស់ការយល់ដឹងជាសាធារណៈ ពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថលសម្រាប់ប្រទេសកម្ពុជានាពេលអនាគត ហើយក្រសួងក៏បានកសាងនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា ដោយនៅក្នុងឆ្នាំ២០២៧ គ្រោងនឹងធ្វើជាមជ្ឈមណ្ឌលសហគមន៍បច្ចេកវិទ្យា នៅគ្រប់វិទ្យាល័យទាំងអស់នៅទូទាំងផ្ទៃប្រទេស ៕

Comments

Related posts