រាជធានីភ្នំពេញ បាននិងកំពុងប្រែប្រួលមុខមាត់ថ្មី ប្រកបដោយភាពទាក់ទាញ និងមានការរីកចម្រើនយ៉ាងខ្លាំង


វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១១.០៣.២០២៤

a12-161

a7-217

a10-161

a11-165

a13-146

a9-192

a8-203
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា រាជធានីភ្នំពេញ បាននិងកំពុងប្រែប្រួលមុខមាត់ថ្មី ប្រកបដោយភាពទាក់ទាញ និងមានការរីកចម្រើនយ៉ាងខ្លាំង ដែលបង្ហាញឱ្យឃើញតាមរយៈវត្តមានរបស់ ទីក្រុងរណប អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូប្រណីតៗ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ហើយរាជធានីភ្នំពេញ បានក្លាយជាគោលដៅទេសចរណ៍ដ៏រស់រវើក និងជាគោលដៅវិនិយោគដ៏គាប់ប្រសើរបំផុត ។
ការថ្លែងបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅរសៀលថ្ងៃទី១១មីនា ២០២៤នេះ ក្នុងពិធីប្រកាសតែងតាំងលោក ឯក ឃុនឌឿន អភិបាលខណ្ឌឬស្សីកែវ ជាអភិបាលរងរាជធានីភ្នំពេញ ជំនួសលោក ស៊ុយ សេរិទ្ធ ដែលត្រូវឱ្យទៅបំរើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងខិតខំស្ការ កសាង និងអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីសាធារណៈ បណ្តាញទូរគមនាគមន៍ កាមេរ៉ាសុវត្ថិភាព ការកែលម្អសួនច្បារសាធារណៈ ស្ថាបនាផ្លូវក្រោមដី ស្ពានឆ្លងទន្លេ និងស្ពានអាកាស ជាដើម ក្នុងនោះ "ស្ពានអាកាសមរតកតេជោ នឹងត្រូវបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅក្នុងអំឡុងខែមេសា ខាងមុខនេះ។
ក្នុងនោះ ឯកឧត្តម បានផ្តាំផ្ញើដល់ លោក ឯក ឃុនជឿន ដែលនឹងត្រូវទទួលភារកិច្ចថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ និង ការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ក៏ដូចជា ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយនិងបណ្តាក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ទីក្រុងសម្ព័ន្ធមេត្រីភាព មន្ទីរ-អង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង ១៤ និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេស ត្រូវចូលរួមសហការ អនុវត្តការងារ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានី ឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់រាជធានីភ្នំពេញ ហើយយើងទាំងអស់គ្នាត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច ។
ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ការតែងតាំងលោកឯក ឃុន ដឿន អភិបាលខណ្ឌឬស្សីកែវ ជាអភិបាលរងរាជធានីភ្នំពេញនាពេលនេះ គឺក្រោយពីរាជរដ្ឋាភិបាលបានពិនិត្យឃើញពីសមត្ថភាពរបស់លោក ដើម្បីអោយលោក ឯក ឃុនដឿន បានចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញអោយរីកចម្រើនថែមទៀត ។
 ឯកឧត្តមបន្តថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជារឿងសំខាន់មិនអាចខ្វះបាន ដែលយើងទាំងអស់គ្នាត្រូវរួមសហការគ្នារក្សាអោយបាន ពិសេស គឺរក្សា សន្តិភាព។ បើគ្មានសន្តិភាពទេ កុំថាឡើយអភិវឌ្ឍក្រុង សូម្បីតែអង្គុយជុំគ្នាដូចពេលនេះ ក៏មិនមានដែរ។រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពជាប់ជាប្រចាំ ពិសេសបង្រ្កាប់ ល្បែងស៊ីសងគ្រប់ប្រភេទ ការជួយដូរមនុស្សគ្រប់ទម្រង់ និងការបង្ក្រាប់គ្រឿងញៀន ពិសេសនៅតាមក្លឹបកំសាន្ត។ ពិសេសថែមទៀតនោះ លោកចង់អោយវិស័យឯកជនវិនិយោគលើចតចំណតយានយន្ត ព្រោះថា ការវិនិយោគលើវិស័យនេះ វានិងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍។ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនខ្លាំងលើវិស័យសំណង់ ដូច្នេះលោកជម្រុញអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើច្បាប់សំណង់ ពោលគឺសំណង់ត្រូវតែមានច្បាប់អនុញញត្តិអោយបានត្រឹមត្រូវ។
  ក្នុងឱកាសនោះ លោកឯក ឃុន ដឿន បានប្តេជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយ និង យុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ ចូលរួមអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រឹកបន្តឹងច្បាប់ចរាចរណ៍ ប្រឆាំងគ្រឿងញៀង ។ប្តេជ្ញាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អប្រសើរ ប្រឆាំងអំពើពុករលួយ និងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយកាន់តែល្អថែមទៀត ៕

Comments

Related posts