ខេត្តស្ទឹងត្រែង មានអង្គការសង្គមស៊ីវិលចំនួន ៣២ ខណៈមានអង្គការ ៥-៦ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពជួយសង្គម

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា នៅក្នុងខេត្តស្ទឹងត្រែងមានអង្គការសង្គមស៊ីវិលចំនួន ៣២អង្គការ ហើយក្នុងនោះអង្គការដែលបានធ្វើសកម្មភាពជួយទៅដល់សង្គមមានប្រហែល ៥-៦យ៉ាងច្រើន ។

ក្នុងឱកាសចូលរួមវគ្គបណ្ដុះបណ្តាល អំពីវិធីសាស្ត្រចុះធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាបាលក្នុងស្រុក ជូនដល់មន្ត្រីបង្គោលមក ពីរដ្ឋបាលក្រុង ស្រុក នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមឯកឧត្ដមផ្ទាល់ ឯកឧត្ដមសូមថ្លែងនូវអំណរគុណចំពោះក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញដឹងនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបាននឹងកំពុងតែខិតខំការធ្វើកំណែទម្រង់ និងដាក់ចេញនូវគោលការណ៍នានាមួយចំនួនជាច្រើនថែមទៀត សំដៅពង្រឹងសមត្ថភាពប្រសិទ្ធភាពការងារគ្រប់គ្រង ការងារដឹកនាំ នៃរដ្ឋបាលដែនដី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកសម្រាប់ខេត្តស្ទឹងត្រែង របស់យើងនេះក្នុងនោះក៏សំដៅទៅការងារពង្រឹង ការដឹកនាំ ការគ្រប់គ្រង កិច្ចការទូទៅនៅក្នុងរដ្ឋបាលខេត្តស្ទឹងត្រែងរបស់យើងផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ពាក់ព័ន្ធទៅនឹងគោលនយោបាយ ក៏ដោយជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញនូវគោលការណ៍ដើម្បីអភិវឌ្ឍន៍ ហើយក្នុងនោះផ្តោតសំខាន់ទៅលើការគ្រប់គ្រង ការកសាងពង្រឹងនូវសមត្ថភាពធនធាន ក៏ដូចជាជំរុញការកសាងអភិវឌ្ឍន៍ផ្ដល់សេវាលើគ្រប់វិស័យ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិរបស់យើងសម្រេចបាននូវនិរន្តរភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រួមទាំងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ផ្តោតចេញទៅលើគោលការណ៍ ក៏ដូចជាយុទ្ធសាស្ត្រទាំងនោះហើយដែល ក្រសួងមហាផ្ទៃ ក៏ជាក្រសួងមួយតំណាងឲ្យរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ពង្រឹងការងាររដ្ឋបាលដែនដី តាមរយៈការគ្រប់គ្រងដែនដី ក៏ដូចជាគ្រប់គ្រងតាមផ្នែកនានាទាំងអស់ ដែលក្នុងនោះក៏សំដៅទៅលើក្រៅពីស្ថាប័នរដ្ឋាភិបាលថ្នាក់ក្រោមជាតិនេះ ក៏មានផ្នែកអង្គការសមាគម ក៏ដូចជាផ្នែកសង្គមស៊ីវិល និងផ្នែកដៃគូអភិវឌ្ឍន៍នានាមួយចំនួនទៀត ដែលបានធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងខេត្តស្ទឹងត្រែងរបស់យើងនេះ។ ដោយឡែកសម្រាប់ខេត្តស្ទឹងត្រែង បើតាមស្ថិតិប្រហែល ៣២អង្គការ ហើយស្របពេលជាមួយដែលក្រសួងបានដាក់នូវផែនការនេះ ឯកឧត្តមគិតថា ជាឱកាសដ៏ល្អមួយសម្រាប់ធ្វើបច្ចុប្បន្នភាព នៃអង្គការសមាគម ក្នុងខេត្តស្ទឹងត្រែងរបស់យើងឡើងវិញ។

ឯកឧត្តមអភិបាលខេត្ត បានសង្កេតឃើញថា «នៅក្នុងចំណោម ៣២អង្គការនេះ ក្នុងនោះអង្គការដែលបានធ្វើសកម្មភាពជួយទៅដល់សង្គមប្រហែល៥-៦យ៉ាងច្រើន ចឹងអង្គការដែលនៅសល់ជាង២០ទៀតនោះ មិនដឹងថាពួកគាត់ធ្វើអីខ្លះទេ ចឹងហើយបានជាយើងពិបាក ក្នុងការសហការជាមួយអង្គការដៃគូសង្គមស៊ីវិលជាដើម ក្នុងការជួយទៅដល់សង្គមជាតិ» ។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានចាត់ទុកថាការបើកវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់សម្រាប់ធ្វើបច្ចុប្បន្នភាពចំពោះអង្គការសង្គមស៊ីវិល នៅក្នុងខេត្តស្ទឹងត្រែងរបស់យើងនេះ ៕

photo_2024-03-21_15-44-14

434051998_810202974472147_2258243973939194510_n-1

Comments

Related posts